ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀនបន្តសុំជួបក្រសួងមហាផ្ទៃ ដើម្បីសិទ្ធិឈរឈ្មោះបោះឆ្នោត ព្រឹទ្ធសភា និងក្រុមប្រឹក្សា
07, Aug 2023 , 8:59 pm        
រូបភាព
លោក គីមសួរ ភីរិទ្ធ ជាអ្នកនាំពាក្យបក្សភ្លើងទៀន (ខាងឆ្វេងពាក់វ៉ែនតា), លោក ហុង សុខហួរ នាយកឧទ្ទកាល័យ នៃបក្សភ្លើងទៀន(កណ្ដាល) និងលោក គង់ ម៉ូនីកា អគ្គលេខាធិការរងបក្សភ្លើងទៀន (ខាងស្ដាំ) ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧សីហា ឆ្នាំ២០២៣។ រូបពី ហវេសប៊ុកបក្សភ្លើងទៀុន
លោក គីមសួរ ភីរិទ្ធ ជាអ្នកនាំពាក្យបក្សភ្លើងទៀន (ខាងឆ្វេងពាក់វ៉ែនតា), លោក ហុង សុខហួរ នាយកឧទ្ទកាល័យ នៃបក្សភ្លើងទៀន(កណ្ដាល) និងលោក គង់ ម៉ូនីកា អគ្គលេខាធិការរងបក្សភ្លើងទៀន (ខាងស្ដាំ) ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧សីហា ឆ្នាំ២០២៣។ រូបពី ហវេសប៊ុកបក្សភ្លើងទៀុន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃបក្សភ្លើងទៀន បញ្ជាក់ជំហរបន្តសុំជួបខាងក្រសួងមហាផ្ទៃ រកដំណោះស្រាយ ពីច្បាប់ដើមនៃលិខិតចុះបញ្ជីបក្សដែលបាត់។ មន្ត្រីបក្សភ្លើងទៀន សង្ឃឹមថា ក្រសួងនឹងមាននីតិវិធីដោះស្រាយ ដើម្បីបានចូលរួមការបោះឆ្នោត ព្រឹទ្ធសភា និងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

 
លោក គីមសួរ ភីរិទ្ធ ជាអ្នកនាំពាក្យ ,លោក គង់ ម៉ូនីកា អគ្គលេខាធិការរង និង លោក ហុង សុខហួរ នាយកឧទ្ទកាល័យ នៃបក្សភ្លើងទៀន បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៧សីហា។ ក្នុងសន្និសីទនេះ ពួកគេបានស្រង់យកលិខិតពាក់ព័ន្ធ ដែលចេញដោយក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជិត៣០លិខិត បង្ហាញដល់អ្នកសារព័ត៌មានឱ្យដឹង ពីកិច្ចខិតខំរបស់បក្ស ក្នុងការរកដំណោះស្រាយលើករណីបាត់លិខិតច្បាប់ដើមនៃការចុះបញ្ជីបក្ស។ 
 
ទោះបីជាក្រសួងមហាផ្ទៃ បដិសេធពីរដងហើយក្តី តែគណបក្សភ្លើងទៀន នៅតែបន្តស្នើសុំជួប ដើម្បីរកដំណោះស្រាយពាក់ព័ន្ធឯកសារច្បាប់ដើមរបស់បក្ស។ លោក គីមសួរ ភីរិទ្ធ បានបង្ហាញសេចក្ដីសង្ឈឹមដូច្នេះ «យើងជឿថានឹងមានដំណោះស្រាយ និងរង់ចាំរដ្ឋាភិបាលថ្មីបង្កើតឡើងហើយ យើងនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃម្ដងទៀត»។
 
ជាមួយគ្នានេះលោក ហុង សុខហួរ នាយកឧទ្ទកាល័យ នៃបក្សភ្លើងទៀន បានបន្ថែមថា ការខិតខំស្វែងរកដំណោះស្រាយនេះ ដោយសារបក្សខ្លួន មានបំណងចង់ចូលរួមការបោះឆ្នោត ព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានៅ ខេត្ត ក្រុង ស្រុក ខណ្ឌ។ 
 
ទាក់ទិននឹងការសុំជួបក្រសួងមហាផ្ទៃនេះ សារព័ត៌មានថ្មីៗពុំអាចសុំការឆ្លើយតបពី លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឡើយ។ 
 
អំឡុងពេលធ្វើសន្និសីទសារព័ត៌មានរបស់មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បានបកស្រាយទៅកាន់អ្នកកាសែតថា បក្សខ្លួនគ្មានអ្វីពាក់ព័ន្ធនឹងលោក សម រង្ស៊ី ឡើយ។ គ្រប់សកម្មភាពរបស់បក្សភ្លើងទៀន ធ្វើឡើងតាមនីតិវិធី និងរចនាសម្ព័ន្ធរបស់បក្ស។ លោកបន្ថែមទៀតថា ក្នុងករណីរកឃើញថា មានបុគ្គលណាម្នាក់ មានការជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី អាចចាត់វិធានការច្បាប់លើបុគ្គលនោះបាន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com