ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ មើលឃើញឱកាសកម្ពុជាបង្កើនការនាំចេញអង្ករ ក្រោយប្រទេសខ្លះ ផ្អាកការនាំចេញ
08, Aug 2023 , 9:39 pm        
រូបភាព
រូបភាព៖​ ហ្វេសប៊ុក
រូបភាព៖​ ហ្វេសប៊ុក
ភ្នំពេញ៖ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកថា ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌា និងបណ្ដាប្រទេសមួយចំនួនទៀត នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញ។ ការផ្អាករបស់ប្រទេសទាំងនេះ ក្នុងគោលបំណងរក្សាស្ថិរភាពតម្លៃទីផ្សារអង្កររបស់ខ្លួន ស្របពេលអតិផរណាពិភពកើនឡើងខ្ពស់។



លោក ចាន់ សុឃាំង បានលើកឡើងថា ការហាមឃាត់នាំចេញអង្កររបស់ប្រទេសឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី នឹងបង្កលក្ខណៈល្អដល់ការនាំចេញអង្កររបស់កម្ពុជា ។ លោក យល់ថា ប្រទេសដែលមានតម្រូវការអង្ករ នឹងរត់មករកប្រទេសដែលមានការនាំចេញ ។ 
 
ក្នុងបរិបទនេះ លោក ក៏រំពឹងថា ការនាំចេញអង្កររបស់កម្ពុជា នឹងមានការកើនឡើង។ ទន្ទឹមនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីជំរុញការនាំចេញឱ្យបាន១លានតោន ស្របតាមគោលនយោបាយជាតិស្តីពីការ«ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ» ដែលដាក់ចេញដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីឆ្នាំ២០១០មក។ បច្ចុប្បន្ន កម្ពុជាមានសម្ភារៈ បច្ចេកទេស និងមាស៊ីនកិនស្រូវ ដែលសមត្ថភាពគ្រប់គ្រាន់តាមស្តង់ដារ ទាំងទំហំនៃការកិន និងវិធានអនាម័យចំណីអាហារ។ 
 
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«សម្រាប់ការបិទការនាំចេញអង្កររបស់ឥណ្ឌា ក៏ដូចជាប្រទេសផ្សេងៗទៀត វាបង្កលក្ខណៈល្អដល់ការនាំចេញអង្កររបស់កម្ពុជា ព្រោះថា ប្រភពផ្គត់ផ្គង់តូចជាងមុន ដូច្នេះតម្រូវការនឹងត្រូវរត់មករកប្រទេសដែលនៅមានការនាំចេញហើយ។ ក្នុងនោះ ខ្ញុំរំពឹងថា ការនាំចេញអង្កររបស់កម្ពុជា នឹងមានការកើនឡើង»។ 
 
យ៉ាងណា ប្រធានសហព័ន្ធស្រូវអង្កររូបនេះ បានអះអាងថា ការហាមឃាត់នាំចេញអង្កររបស់ ឥណ្ឌា និងបណ្ដាប្រទេសផ្សេងទៀតនៅពេលនេះ បានធ្វើឱ្យប្រទេសជិតខាង សម្រុកទិញស្រូវពីកសិករកម្ពុជា។ ការណ៍នេះ នាំឱ្យតម្លៃស្រូវកើនឡើងខ្ពស់លើសពីការរំពឹងទុក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករមួយចំនួនដែរ ព្រោះថា ថ្លៃដើមនៃការផលិតកើនឡើង។ 
 
បច្ចុប្បន្ន តម្លៃអង្ករដែលនាំចេញបានកើនឡើង១៥ភាគរយ ប៉ុន្តែ តម្លៃស្រូវដែលប្រមូលទិញពីកសិករវិញ ហក់ឡើងខ្ពស់រហូតដល់២៥ភាគរយ។ ជាក់ស្ដែង នៅថ្ងៃទី៧ ខែសីហា ស្រូវមានតម្លៃចន្លោះពី១២០០រៀល ទៅ១៣០០រៀល ក្នុងមួយគីឡូក្រាម។ 
 
លោក សុឃាំង ដោយបន្ថែមដូច្នេះថា៖«មួយរយៈចុងក្រោយនេះ ប្រទេសជិតខាងរបស់យើង កំពុងតែប្រមូលទិញស្រូវពីប្រទេសកម្ពុជាយើងយ៉ាងគំហុកដែរ ហើយវាធ្វើឱ្យតម្លៃស្រូវហក់ឡើងខ្ពស់លើសពីការរំពឹងទុក។ ដូច្នេះ វាអាចមានផលប៉ះពាល់មួយចំនួន ទៅដល់ការនាំចេញរបស់យើងវិញ ព្រោះស្រូវថ្លៃពេក»។ 
 
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងស្រដៀងគ្នាថា កម្ពុជាកំពុងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខស្បៀងជាតិ និងពិភពលោក បន្ទាប់ពីប្រទេសនាំចេញអង្ករធំៗ​មួយចំនួននៅលើពិភពលោកបិទការនាំចេញ។
 
លោក បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១ ខែសីហា ថា កសិករកម្ពុជាកំពុងលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលពិភពលោកជួបប្រទះនឹងបញ្ហាស្បៀង។ ក្នុងនោះ ឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ក៏បានបិទមិនឲ្យមានការនាំចេញអង្ករសធម្មតា ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេស។
 
រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ ជឿជាក់ថា កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវ នៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករទៅក្រៅប្រទេសបន្ថែមទៀត តាមរយៈគោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្ម ឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារ ដោយមានកិច្ចសន្យាកសិកម្ម។ 
 
លើសពីនេះ រដ្ឋាភិបាល ក៏មានគោលនយោបាយហិរញ្ញប្បទានជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ព្រមទាំង ការដាក់ចេញការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត ផងដែរ។
 
ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញ ជាប់លេខរៀងទី៨នៅលើពិភពលោក។
 
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ ៧ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង៣៦ម៉ឺនតោន ទៅកាន់គោលដៅ៥២នៅលើពិភពលោក គិតជាទឹកប្រាក់ចំនួន២៥៣លានដុល្លារ។ ចំនួននាំចេញនេះ កើនឡើង៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២៕ 
 

Tag:
 កសិកម្ម
  អង្ករ
  សហព័ន្ធស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com