ជាតិ
អន្តរជាតិ
លោកវ៉ាង យី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចំខួបទំនាក់ទំនងការទូតឈានចូល៦៥ឆ្នាំ
09, Aug 2023 , 4:39 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី (ខាងស្តាំ) នៅចិន ក្នុងខែកុម្ភៈកន្លងទៅ។ រូបភាព ក្រសួងការបរទេសចិន
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី (ខាងស្តាំ) នៅចិន ក្នុងខែកុម្ភៈកន្លងទៅ។ រូបភាព ក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នឹងបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី៩ ខែសីហា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលទំនាក់ទំនងមិត្តភាពកម្ពុជា និងចិន ឈានចូលខួប ៦៥ឆ្នាំ។



តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning លោកវ៉ាង យី សមាជិកការិយាល័យនៃបក្សកុម្មុយនីស្តចិន នឹងបំពេញទស្សនកិច្ច នៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសប្រទេសទាំងបី។ លោកវ៉ាង នឹងចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសបីនេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។ 
 
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក វ៉ាង នៅអាស៊ីអាគ្នេយ៍ក្រោយត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មីកាលពីខែកក្កដា។
 
ដំណើរទស្សនកិច្ចរបស់លោកវ៉ាង ធ្វើឡើងស្របពេលចិនបារព្ធខួបរយៈពេល ១០ឆ្នាំនៃចក្ខុវិស័យលើការកសាងសហគមន៍ជាមួយអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់។ បន្ថែមពីនេះ វត្តមានរបស់លោកវ៉ាង ធ្វើឡើងស្របពេលទំនាក់ទំនងមិត្តភាពចិន និងកម្ពុជា ឈានចូលខួប៦៥ឆ្នាំផង។ 
 
បើតាមលោកស្រី Mao រដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងប៉េកាំង កំពុងធ្វើការដើម្បីបង្ហាញពីយុគថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយស្តង់ដារខ្ពស់ និងគុណភាពខ្ពស់ជាមួយអនាគតរួម។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងបី ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល, គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។ 
 
គួររំឭកថា នៅក្នុងខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់សមភាគីចិន លោកលី ខឹឈាំង។ ក្នុងដំណើរទស្សនកិច្ចនោះ អ្នកនាំពាក្យក្រសួងការបរទេសដដែលរូបនេះ បានចាត់ទុកសម្តេចហ៊ុន សែន ជាមិត្តល្អ និងជាមិត្តចាស់របស់ប្រជាជនចិន។ លោក វ៉ាង និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសការបរទេស ក៏ជួបគ្នាម្ដងដែរកាលពីខែកុម្ភៈ។
 
លោក វ៉ាង ធ្វើទស្សនកិច្ចចុងក្រោយនៅកម្ពុជានៅខែសីហា ឆ្នាំ២០២២កន្លងទៅ៕ 
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com