ជាតិ
​​​ន​យោ​បាយ​ជាតិ​
NGO ចង់ឃើញចំនួនស្រ្តីកើនឡើងនៅក្នុងតួនាទីសម្រេចចិត្តនាអាណត្តិថ្មី
10, Aug 2023 , 9:55 am        
រូបភាព
ក្រុមស្ត្រីដើម្បីស្ត្រី នៃអង្គការសង្គមស៊ីវិល ធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលអង្កេតការណ៍បេក្ខជនឈរឈ្មោះបោះឆ្នោតជាស្ត្រី
ក្រុមស្ត្រីដើម្បីស្ត្រី នៃអង្គការសង្គមស៊ីវិល ធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលអង្កេតការណ៍បេក្ខជនឈរឈ្មោះបោះឆ្នោតជាស្ត្រី
ភ្នំពេញ៖ រដ្ឋាភិបាលថ្មី ដែលត្រៀមនឹងបង្កើតនាពេលដ៏ឆាប់ខាងមុននេះ គួរបង្កើនចំនួនស្ត្រី ដែលមានតួនាទីជាអ្នកសម្រេចចិត្តក្នុងក្រសួង និងស្ថាប័ននីមួយៗ យ៉ាងហោចណាស់ឱ្យបាន៣៥ភាគរយ។ នេះជាការលើកឡើងរបស់ក្រុមស្ត្រីដើម្បីស្ត្រី នៃបណ្ដាញអង្គការសង្គមស៊ីវិល ។

 
អង្គការខុមហ្វ្រែល (COMFREL) អង្គការសីលការកម្ពុជា អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងអង្គការបន្ទាយស្រី បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលអង្កេតបេក្ខជនស្ត្រី និងស្ត្រីជាប់ឆ្នោត នៃការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ពួកគេ បានលើកឡើងពីបេក្ខជនស្ត្រីជាប់ឆ្នោតជាតំណាងរាស្រ្ត ផលប៉ះពាល់ពីការខ្វះស្ត្រីចូលរួមសម្រេចចិត្ត និងបញ្ហាប្រឈម រួមទាំងអនុសាសន៍ជាច្រើនទៀត។
 
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ មានបក្សពីរដែលទទួលបានអាសនៈ ក្នុងរដ្ឋសភា គឺបក្សប្រជាជនកម្ពុជាមាន១២០អាសនៈ និងបក្សហ្វ៊ុនស៊ិនប៉ិចមាន៥​អាសនៈ។ ចំពោះបេក្ខជនជាស្ត្រី ជាប់ឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានត្រឹម១៦រូប ដែលមកពីបក្សប្រជាជនកម្ពុជាទាំងអស់។ ចំនួនស្ត្រីជាប់ឆ្នោតនេះ បានថតចុះ៨ភាគរយ បើធៀបនឹងចំនួនស្ត្រីក្នុងរដ្ឋសភា នៅចុងនីតិកាលទី៦ ដែលមានចំនួន២៦រូប។
 
ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបង្កើនការចូលរួមដោយបរិយាប័ន្នក្រុមស្ត្រីដើម្បីស្ត្រី បានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា គួរតែបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ និងតួនាទីសម្រេចចិត្តនៅក្នុងក្រសួង ស្ថាប័ននីមួយៗ យ៉ាងហោច៣៥ភាគរយ ដោយគិតចាប់ពីតួនាទីជាប្រធាននាយកដ្ឋាន រហូតដល់រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី។ ការដាក់បញ្ចូលបែបនេះ ដើម្បីឱ្យស្រ្តី មានឱកាសចូលរួមពិភាក្សា ស្វែងរកដំណោះស្រាយ និងធ្វើសេចក្តីសម្រេចប្រកបដោយបរិយាប័ន្ន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDG)។ ជាមួយគ្នាដែរ រាជរដ្ឋាភិបាលកម្ពុជា គួរបង្កើនការវិនិយោគ និងផ្ដល់ការគាំទ្រផ្នែកថវិកា សម្ភារ និងធនធានមនុស្សដល់អ្នកដឹកនាំស្ត្រី និងស្ត្រីជាប់ឆ្នោត ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចូលរួមនយោបាយ ឱ្យមានប្រសិទ្ធភាព និងគុណភាព។
 
លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃខុមហ្វ្រែល បានជំរុញ រដ្ឋសភា និងព្រឹទ្ធសភា ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឱ្យឆ្លើយតបនឹងយេនឌ័រ ដើម្បីផ្តល់ឱកាសឱ្យស្ត្រីចូលរួមដោយស្មើភាព នៅក្នុងវិស័យនយោបាយផងដែរ។ «យើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា បើកឱកាសឱ្យក្រុមសង្គមស៊ីវិល បានជួបពិភាក្សាគ្នាឱ្យបានច្រើន ពីបញ្ហារបស់ស្រី ហើយរកដំណោះស្រាយគាំទ្រ ជំរុញឱ្យស្ត្រីសកម្មក្នុងសង្គម និងវិស័យនយោបាយ»។ នេះបើតាមលោកស្រី សិរីលក្ខណ៍។
 
ជុំវិញការលើកឡើងរបស់អង្គការសង្គមស៊ីវិលទាំងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចាំផ្ទះ សុំមិនបកស្រាយឆ្លើយតបឡើយ ដោយទុកពេលឱ្យរដ្ឋាភិបាលអាណត្តិថ្មី ជាអ្នកបកស្រាយវិញ។
 
ការបោះឆ្នោតអាណត្តិទី៧នេះ មានបេក្ខជនឈរឈ្មោះជាស្ត្រី ចំនួន៥២៣នាក់ ស្មើនឹង៣២.៤ភាគរយ នៃបក្ខជនសរុប១៦១៤នាក់។ ចំនួន៥២៣នាក់ជាស្ត្រីនេះ មានការកើនឡើង៧.២ភាគរយ បើធៀបនឹងអាណត្តិទី៦ ដែលមានស្ត្រីត្រឹម២៥.២ភាគរយប៉ុណ្ណោះ។ ការកើនឡើងនេះ ដោយសារបក្សដែលមានសំឡេងគាំទ្រតិចតួច បានបង្កើនចំនួនបេក្ខជនឈរឈ្មោះជាស្ត្រី។ បក្សទាំងនោះ រួមមាន បក្សស្ត្រីដើម្បីស្ត្រី បក្សខ្មែរតែមួយ បក្សខ្មែរឈប់ក្រ បក្សយុវជនកម្ពុជា និងបក្សធម្មាធិបតេយ្យជាដើម។ 
 
ផ្ទុយនឹងបក្សតូចៗទាំងនេះ បក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតច្រើនលើសលប់ បានបន្ថយចំនួនបេក្ខជនឈរឈ្មោះជាស្ត្រី។ នៅអាណត្តិទី៧នេះ បក្សប្រជាជនកម្ពុជា បានដាក់ស្ត្រីឈរឈ្មោះត្រឹម ១២.៨ភាគរយ ដោយ​មានចំនួន១៦រូប បើធៀបនឹងអាណត្តិមុន មានចំនួន១៩រូប ស្មើ១៥.២ភាគរយ។ មូលហេតុនៃការបន្ថយចំនួនបេក្ខជនជាស្ត្រី របស់បក្សប្រជាជនកម្ពុជា សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបបន្ថែមពី លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនបានឡើយ។ 
 
ចំណែក បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ​ដាក់បេក្ខជនឈរឈ្មោះជាស្ត្រី ចំនួន៨រូប ស្មើនឹង៦.៤ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមាន៩រូប ស្មើ ៧.២ភាគរយ។ ដើមចមនៃការថយចុះនេះ ដោយសារបេក្ខជនជាស្ត្រីរបស់បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ភាគច្រើនស្ថិតក្នុងកម្រិតមូលដ្ឋាន ដែលធ្លាប់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទើបឈរឈ្មោះជាតំណាងរាស្រ្តមានចំនួនតិចតួច។ ចំណុចមួយទៀត សមាជិកស្ត្រីនៃបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិចខ្លះ បានផ្ដល់អាទិភាពដល់ប្ដីពួកគេឱ្យឈរឈ្មោះវិញ។ នេះបើតាម លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាម​ទូរស័ព្ទ​ នៅថ្ងៃទី៩សីហា។  
 
ដោយសារមើលឃើញការថយចុះរបស់ស្ត្រីនៅក្នុងស្ថាប័ននយោបាយនេះ ទើបក្រុមស្ត្រីដើម្បីស្ត្រីនៃបណ្ដាញសង្គមស៊ីវិលខាងលើ បានបង្ហាញការព្រួយបារម្ភ ។ ពួកគេយល់ថា បណ្ដាបក្សនយោបាយនីមួយៗ រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្វះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនតំណាងស្ត្រីជាប់ឆ្នោត។ 
 
«កង្វះស្ត្រីចូលរួម នឹងមានផលប៉ះពាល់ច្រើន ដូចជាការមិនអាចសម្រេចបាននូវគោលដៅសមភាពយេនឌ័រ ជាពិសេសការជំរុញស្ត្រីចូលរួមក្នុងវិស័យនយោបាយ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ លោកស្រី សេង រាសី នាយិកានៃអង្គការសីលការកម្ពុជា លើកឡើងបែបនក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៩សីហា ។
 
លោកស្រី បន្ថែមថា កង្វះស្ត្រីក្នុងតួនាទីជាអ្នកធ្វើសេចក្ដីសម្រេចចិត្ត នឹងជះឥទ្ធិពល ឬបង្អាក់ដំណើរស្ត្រី ដែលត្រៀមខ្លួនប្រឡូកនៅក្នុងឆាកនយោបាយ ជាពិសេសនាំឱ្យកង្វះការឆ្លើយ
តបនឹងតម្រូវការយេនឌ័រ នៅក្នុងការអនុម័តច្បាប់នានា៕
 

Tag:
 ស្ត្រី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com