កីឡាអន្តរជាតិ
អន្តរជាតិ
West Ham យល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរយក Maguire ពី Man Utd
10, Aug 2023 , 3:43 pm        
រូបភាព
ក្លិប West Ham United បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយនឹងគូប្រជែងក្នុងក្របខណ្ឌ Premier League ក្លិប Manchester United ដើម្បីផ្ទេរយកខ្សែការពារសញ្ជាតិអង់គ្លេស Harry Maguire។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេសថ្ងៃទី៩ ខែសីហា។



​បើតាមរយៈការផ្សាយរបស់ទូរទស្សន៍ Sky Sports និងកាសែត BBC តម្លៃផ្ទេរ ប្រមាណ ៣០លានផោន (៣៨លានដុល្លារ) រួមជាមួយនឹងកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់ Maguire ត្រូវបានរំពឹងថាបានឈានជិតដល់ជោគជ័យហើយរវាង Man Utd និង West Ham។
 
កាលពីខែកក្កដាកន្លងទៅលោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បានទម្លាក់តំណែងរបស់ Maguire ពីប្រធានក្រុម បន្ទាប់ពីខ្សែការពារអង់គ្លេស វ័យ ៣០ឆ្នាំ បានបង្ហាញខ្លួនត្រឹមតែ ៨លើកប៉ុណ្ណោះនៅក្នុង Premier League រដូវកាលមុន។ Maguire ​អង្គុយនៅកៅអីបម្រុងស្ទើរពេញមួយរដូវកាល មិនតែប៉ុណ្ណោះបូករួមទាំងបញ្ហារបួសផង។
យ៉ាងណា​ Maguire នៅតែជាកីឡាករខ្សែការពារដ៏សំខាន់មួយរូបនៅក្នុងគម្រោងរបស់លោក ​Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតប្រជែងពានរង្វាន់ Euro 2024 នៅឆ្នាំក្រោយ។
 
អតីតខ្សែការពារ Hull City បានក្លាយជាកីឡាករខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុត ដែលបានចុះកិច្ចសន្យាផ្លាស់ទៅ Man United កាលពីឆ្នាំ ២០១៩ ដោយផ្ទេរពីក្រុម Leicester City ក្នុង ៨០លានផោន (១០១,៨២លានដុល្លារ)។ កិច្ចសន្យារបស់ Maguire ជាមួយនឹង Man United ត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៥ តែរយៈពេល ៣រដូវកាលចុងក្រោយខ្សែការពាររូបនេះហាក់បង្ហាញទម្រង់លេងដែលធ្វើឱ្យអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង ដោយរូបគេតែងធ្វើឱ្យមានការធ្វេសប្រហែសច្រើនលើកត្រង់តំបន់ការពាររបស់ខ្លួន។ 
 
ទម្រង់លេងដ៏អាក្រក់របស់ Maguire បានធ្វើឱ្យអ្នកគាំទ្រខកចិត្តខ្លាំង រហូតអ្នកគាំទ្របានយករូបភាពនៃប្រកួតរបស់គេយកមកផ្សព្វផ្សាយរិះគន់យ៉ាងខ្លាំង ខ្លះធ្វើជាវីដេអូបែបកំប្លែងថែមទៀត៕
 

Tag:
 West Ham United
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com