កីឡាអន្តរជាតិ
អន្តរជាតិ
​Ronaldo សប្បាយចិត្តដែលជួយ Al-Nassr ឡើងវគ្គផ្តាច់ព្រ័ត្រ King’s Cup
10, Aug 2023 , 5:29 pm        
រូបភាព
​Cristiano Ronaldo បង្ហាញក្តីសប្បាយរីករាយរបស់ខ្លួននៅលើបណ្តាញសង្គមក្រោយជួយក្រុម Al-Nassr ប្រកួតយកឈ្នះលើក្រុម Al-Shorta ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions ឬ King’s Cup នៅថ្ងៃទី៩ ខែសីហា។



Ronaldo កំពុងមានទម្រង់យ៉ាងអស្ចារ្យមួយតាំងពីដើមរដូវកាល ២០២៣-២៤ ដោយនៅក្នុងការប្រកួតពានរង្វាន់ Arab Cup Champions រូបគេរកបាន ៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ៥ប្រកួត។ ជំនួបទល់ក្រុម Al-Shorta នាថ្ងៃទី៩ ខែសីហា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីជួយឱ្យក្រុមរបស់បន្តដំណើរដល់វគ្គផ្តាច់ព្រ័ត្រ។
 
១គ្រាប់ជ័យជម្នះដែល Ronaldo រកបានពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ អរគុណដល់ការបង្កើតឱកាសពីខ្សែប្រយុទ្ធរួមក្រុម Sadio Mane បានបណ្តើរបាល់ញ៉ាក់ក្នុងប្រអប់គ្រោះថ្នាក់ ហើយខ្សែការពារក្រុម Al-Shorta បានបង្កកំហុសទាក់ជើងលើ Mane។ Ronaldo ក៏ទទួលបានពានកីឡាករល្អក្នុងការប្រកួត។
 
បន្ទាប់ពីជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះក្រុម Al-Shorta ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បានបង្ហោះសារបង្ហាញក្តីរំភើបនៅលើបណ្តាញសង្គម Instagram ដោយលាយឡំនឹងរូបភាពរបស់ក្រុម Al-Nassr។
 
«ខ្ញុំពិតជារីករាយដែលបានជួយក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះជាកីឡាករល្អក្នុងការប្រកួត។ យើងបានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពិតជាធ្វើការងារជាក្រុមបានល្អខ្លាំងណាស់ ហើយពិតជាអរគុណទៅកាន់អ្នកគាំទ្រសម្រាប់ការគាំទ្រដ៏អស្ចារ្យ ដែលតែជំរុញយើងឱ្យបន្តដំណើរទៅមុខ។»។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ នឹងជាម្ចាស់ពាន Ballon d’Or ៥សម័យ បានសរសេរបង្ហោះបែបនេះ។
 
Ronaldo ដែលចូលរួមជាមួយ​ក្លិប Al-Nassr តាំងពីដើមខែមករា ឆ្នាំ​២០២៣​ មកដល់ពេលនេះរូបគេរកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ និងបញ្ជូនបាល់ចំនួន ២គ្រាប់ ពីការបង្ហាញខ្លួន ១៩លើកសម្រាប់ក្រុមស្ថិតក្នុងក្របខណ្ឌ Saudi Pro League តែរូបគេខកខានជួយក្រុមលើកពានរដូវកាលមុន ខណៈក្រុមបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២។
 
សម្រាប់ការប្រកួតបន្ទាប់របស់ក្រុម Al-Nassr នឹងត្រូវបន្តដំណើរជួបក្រុម Al-Hilal នៅជំនួបផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី១២ ខែសីហា មុនពេលការបើករដូវកាលថ្មីក្របខណ្ឌ Saudi Pro League ឈានចូលមកដល់៕
 

Tag:
 Cristiano Ronaldo
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com