កីឡាអន្តរជាតិ
អន្តរជាតិ
ការបង្ហាញខ្លួនរបស់ Messi នៅ MLS ត្រូវពន្យាពេល ស្របពេល Miami ប្រជែង League Cup
10, Aug 2023 , 9:39 pm        
រូបភាព
ការបង្ហាញខ្លួនលើកដំបូងរបស់ Lionel Messi នៅក្នុងការប្រកួតលីគកំពូលអាម៉េរិក Major League Soccer នឹងត្រូវពន្យាពេល ស្របពេលក្រុម Inter Miami មរមាញឹកប្រជែងក្នុងពានរង្វាន់ League Cup វគ្គ ៨ក្រុមចុងក្រោយ។ នេះបើតាមប្រកាសរបស់ក្របខណ្ឌ Major League Soccer ថ្ងៃទី៩ ខែសីហា។



ឆ្លងកាត់ការប្រកួតក្នុងពានរង្វាន់ League Cup ដែលជាការប្រជែងរវាងក្រុមមកពីក្របខណ្ឌ Major league Soccer ទល់នឹងក្រុមមកពី Liga MX កាលពីពេលថ្មីៗនេះក្រុម Inter Miami បានយកឈ្នះលើក្រុម FC Dallas ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៣ ក្រោយប្រកួតស្មើ ៤-៤។
 
មុនពេលជួបក្រុម Dallas ហើយរកបានគ្រាប់បាល់ទី៧ នៅក្រុម Inter Miami ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ក៏រកបានគ្រាប់បាល់ទី៥ របស់ខ្លួននៅការប្រកួតយកឈ្នះលើក្រុម Orlando City លទ្ធផល ៣-១ ដោយគេរកបាន ២គ្រាប់ពីការប្រកួតនេះ។ Messi រកបានគ្រាប់បាល់ដំបូងពេលបង្ហាញខ្លួនដំបូងទល់ក្រុម Cruz Azul និង ២គ្រាប់នៅការប្រកួតទីពីរទល់ក្រុម Atlanta United សម្រាប់ក្រុម Inter Miami។
 
ការប្រកួតបន្ទាប់របស់ក្រុម Inter Miami នឹងត្រូវជួបក្រុម Charlotte FC នៅថ្ងៃទី១១ ខែសីហា ហើយក្រុមណាដែលឈ្នះការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយនេះ ពួកគេនឹងត្រូវបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី១៩ ខែសីហា។
 
តាមកាលវិភាគរបស់ MLS ក្រុម Inter Miami នឹងត្រូវចាប់ផ្តើមការប្រកួតរបស់ខ្លួននៅថ្ងៃទី២០ ខែសីហា ប៉ុន្តែកាលវិភាគរបស់ Miami ត្រូវបានពន្យាពេល ហើយនឹងត្រូវប្រកាសពេលវេលាជាក់លាក់នៅពេលក្រោយ។
 
«សម្រាប់ពេលនេះ​ ការបង្ហាញខ្លួនលើកដំបូងរបស់ Messi នៅក្នុងក្របខណ្ឌ MLS អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ពេលដែល Inter Miami ត្រូវជួបក្រុម New York Red Bulls។»។ នេះបើតាមការប្រកាសរបស់ MLS៕

 

Tag:
 Lionel Messi
  Major League Soccer
© រក្សាសិទ្ធិដោយ thmeythmey.com