ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រី អ្នកការទូត និងជាអ្នកស្រាវជ្រាវ ទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំនៅបារាំង
11, Aug 2023 , 10:53 am        
រូបភាព
លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ទទួលមរណភាពក្នុងអាយុ​៨៧​ឆ្នាំ​នៅ​បារាំង
លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ទទួលមរណភាពក្នុងអាយុ​៨៧​ឆ្នាំ​នៅ​បារាំង
ដោយ: រួបរួម
លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ ដោយរោគាពាធ កាលពីយប់ថ្ងៃទី៩ ខែសីហា នៅមន្ទីរពេទ្យ Hôpital Suisse de Paris ក្នុងប្រទេសបារាំង។ នេះបើតាមដំណឹងមរណភាពដែលផ្សព្វផ្សាយដោយភរិយា និងកូនៗរបស់លោក។

 
មុនក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ លោក នុត ណារ៉ាង ជាចំណែកមួយយ៉ាងសំខាន់ដែលនាំឱ្យរមណីយដ្ឋានអង្គរត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
 
ក្រោយការបោះឆ្នោតអណត្តិទី២ លោក នុត ណារ៉ាង ក្លាយជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តក្រចេះ មុនពេលដែលលោកកាន់តំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១០។
 
នៅឆ្នាំ២០១០ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍ប្រចាំអង្គការយូណេស្កូ ជំនួសលោកស្រី ខែក ស៊ីសូដា  ហើយក្រោយមក នៅក្រុងប៉ារីសដដែល លោកបន្តកាន់តំណែងជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង អេស្បាញ អ៊ីតាលី ព័រទុយហ្គាល់ ក្រិក បូរីក្សត្រអង់ដ័រ ម៉ាល់ត៍ និងស៊ីប ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។
 
លោក នុត ណារ៉ាង ក៏ជាស្ថាបនិកមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌ខ្មែរ (Cedoreck) នៅក្រុងប៉ារីស កាលពីឆ្នាំ១៩៧៥ ផងដែរ ដោយលោកបានធ្វើជាប្រធានរហូតដល់ឆ្នាំ១៩៩២។ Cedoreck បានក្លាយជាឃ្លាំងប្រមូលម្តុំឯកសារស្រាវជ្រាវដ៏សម្បូរបែបទាំងផ្នែកសំណង់ វប្បធម៌ សិល្បៈនានា។
 
លោកមានស្នាដៃស្រាវជ្រាវ បកប្រែ និងវិភាគជាច្រើន ជាពិសេសផ្នែកវប្បធម៌ និងសំណង់ ទាំងជាភាសាខ្មែរ និងភាសាបារាំង។ លោកធ្លាប់បង្រៀននៅសាលា Ecole Pratique des Hautes Etudes ក្នុងប្រទេសបារាំង និងធ្វើបទបង្ហាញជាច្រើនសម្រាប់និស្សិតនៃបណ្តាមហាវិទ្យាល័យនានានៅកម្ពុជាផងដែរ។
 
លោក នុត ណារ៉ាង មានភរិយា ឈ្មោះ នុត សូភី។ កូនៗរបស់លោក មានដូចជា កញ្ញា នុត សោភារី, លោក ឱរ សិរីរតនា, លោកស្រី ឱរ សិរីសោភា និងលោក ឱរ សិរីសុមន្នី។
 
«លោក នុត ណារ៉ាង ជាឥស្សរជនដ៏ឆ្នើមមួយរូបដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជាពិសេសបានចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដែលជាគំរូវីរភាព និងជាគុណបំណាច់ចំពោះបុព្វហេតុជាតិមាតុភូមិ»។ នេះបើតាមសាររំលែកទុក្ខ ដែលលោកស្រី ភឿង សកុណា ផ្ញើជូនលោកស្រី នុត សូភី៕
 

Tag:
 នុត ណារ៉ាង
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com