កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich មានភាគរយខ្ពស់ក្នុងការផ្ទេរយក Kane ពី Spurs ក្នុងតម្លៃ១១០លានដុល្លារ
11, Aug 2023 , 12:01 pm        
រូបភាព
ក្រុម Bayern Munich បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ពីក្រុម Tottenham Hotspur ក្នុងតម្លៃប្រមាណជាង ១០០លានអឺរ៉ូ (១១០លានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអង់គ្លេសនាថ្ងៃទី១០ ខែសីហា។



តែទោះជាយ៉ាងណា ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីការចុះផ្សាយពីកិច្ចព្រមព្រៀង ក៏មានព័ត៌មានថ្មីមួយបន្ថែមទៀត បានចុះផ្សាយថា កិច្ចព្រមព្រៀងអាចនឹងបរាជ័យ ខណៈពេលដែល Kane កំពុងតែសម្លឹងមើលការបន្តស្នាក់នៅ Spurs។
 
ការជជែករវាងក្លិបទាំងសងខាងបានធ្វើឡើងរយៈពេលប៉ុន្មានសប្តាហ៍រួចមកហើយ ខណៈដែលប្រធានក្លិប Spurs លោក Daniel Levy បានជំរុញឱ្យតម្លៃនៃការផ្ទេរមានតម្លៃខ្ពស់ជាងនេះ ដើម្បីក្លិបអាចសម្រេចចិត្តឱ្យ Kane ចាកចេញ មុនពេលកុងត្រារបស់គេផុតកំណត់នៅក្នុងឆ្នាំ ២០២៤។ 
 
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ Bayern ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរលើកចុងក្រោយរបស់ពួកគេលើកីឡាករខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ ដោយមានតម្លៃជាង ១០០អឺរ៉ូ (១១០លានដុល្លារ) ហើយក៏ជាតម្លៃបំបែកកំណត់ត្រាលើកដំបូងផងដែរ។ បំណងចង់បាន ​Kane បានធ្វើឱ្យក្រុមជើងខ្លាំងម្ចាស់ Champions League ៦សម័យ Bayern ហ៊ានបំបែកកំណត់ត្រាក្នុងការចំណាយលើការផ្ទេរកីឡាករ។
 
ក្រុម Bayern Munich បានបាត់បង់ខ្សែប្រយុទ្ធមុតស្រួចតាំងពីរដូវកាល ២០២១-២២ ចាប់តាំងពីខ្សែប្រយុទ្ធ Robert Lewandowski បានសម្រេចចិត្តចាកចេញទៅចូលរួមក្រុម Barcelona។ Bayern ត្រូវការខ្សែប្រយុទ្ធខ្លាំងចំបាច់ដើម្បីបំពេញចន្លោះខ្វះខាត់ក្នុងការសម្រេចសំណាញ់ទីគូប្រកួត។ ​Lewandowski រកបានគ្រាប់បាល់ ៣៤៤គ្រាប់ ពីការបង្ហាញខ្លួន ៣៧៥លើក នៅក្រុម Bayern Munich ហើយអវត្តមានរបស់គេបានធ្វើឱ្យក្រុមយក្សអាល្លឺម៉ង់មួយនេះជួបបញ្ហាជារឿយៗ។
 
សម្រាប់ Kane វិញ រយៈពេល ៣រដូវកាលចុងក្រោយ ដែលគេបានចំណាយពេលរួមរស់ ៩ឆ្នាំ ជាមួយ Spurs រូបគេតែងរកបានគ្រាប់បាល់ជាមធ្យមចំនួនជាង ២០គ្រាប់ នៅក្នុងក្របខណ្ឌ Premier league ហើយក៏ធ្លាប់បានឈ្នះស្បែកជើងមាសចំនួន ៣លើក។
 
ទោះជាក្រុម Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់មិនល្អនៅ Premier League ក៏ដោយក្តី តែ ​Kane នៅតែធ្វើបានល្អក្នុងការស្វែងរកគ្រាប់បាល់​ គេបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ រកបាន ៣០គ្រាប់ ឈរពីក្រោយ Haaland ម្ចាស់ស្បែកជើងមាសដែលរកបាន ៣៦គ្រាប់ ក្នុងរដូវកាល​ ២០២២-២៣។ ​ជាកីឡាករពូកែស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីពិតមែនតែ Kane មិនដែលឈ្នះបានរង្វាន់ជាមួយនឹងក្លិបក៏ដូចជាក្រុមជម្រើសជាតិអង់គ្លេសមួយឡើយ។ 
 
ការប្រែក្លាយជាកីឡាករដ៏ពូកែរួមជាមួយនឹងពានរង្វាន់នានា អាចនឹងកើតឡើងប្រសិនបើ Kane ផ្លាស់ទៅចូលរួមជាមួយនឹងក្រុម​ Bayern Munich ពិតមែន៕
 

Tag:
 Tottenham Hotspur
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com