កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញឡើងវគ្គ ១/២​​ ផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup នារី
11, Aug 2023 , 3:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់នារីអេស្ប៉ាញ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Women’s World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះហូឡង់ ២-១ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែសីហា។



កីឡាការិនីខ្សែបម្រើវ័យ ១៩ឆ្នាំ Salma Paralluelo ដែលប្រកបអាជីពនៅក្រុម Barcelona បានស៊ុតបាល់បញ្ចូលទីនៅនាទី ១១១ នាំជ័យជម្នះឱ្យអេស្ប៉ាញឡើងវគ្គពាក់កណ្តាលព្រ័ត្រ បន្ទាប់ពីការប្រកួតក្នុងរយៈពេល ៩០នាទី ក្រុមទាំងពីរបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១។ 
 
អេស្ប៉ាញរកបានគ្រាប់បាល់នាំមុខបានដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីសំណាក់កីឡាការិនី ​Maria Caldentey នាទី៨១ មុនពេលកីឡាការិនី Stefanie Van der Gragt របស់ហូឡង់ស៊ុតតាមស្មើមកវិញនៅនាទី ៩០+១។
 
ក្រុមដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៦ បានឆ្លងកាត់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ​ នាការប្រកួតព្រឹត្តិការណ៍ World Cup ស្ត្រី ២លើកជាប់គ្នា នារយៈពេលចុងក្រោយមកនេះ។ ហូឡង់ចំណាត់ថ្នាក់លេខ ៩ ធ្លាប់ជាជើងឯករងអំឡុងការប្រកួត World Cup ឆ្នាំ ២០១៩ ដោយកាលនោះអាម៉េរិកជាជើងឯក។
 
ការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួត World Cup 2023 ដែលជាការប្រកួតដែលមានក្រុមចំនួន ៣២លើកដំបូង អេស្ប៉ាញធ្វើបានល្អ ហើយអាចដណ្តើមកៅអីវគ្គ ៤ក្រុមចុងក្រោយលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។
 
ក្រុមនារីអេស្ប៉ាញ នឹងត្រូវរង់ចាំក្រុមដែលឈ្នះការប្រកួតរវាងក្រុមនារីជប៉ុន/ស៊ុយអែត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែសីហា៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com