កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមប្រកួតថ្ងៃនេះក្រោយប្រមូលកីឡាករខ្លាំងៗពីក្លិបតំបន់អឺរ៉ុប
11, Aug 2023 , 8:59 pm        
រូបភាព
ក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ នេះជាការបើកទំព័រថ្មីនៃវិស័យបាល់ទាត់នៅក្នុងប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍មួយនេះ ក្រោយចំណាយប្រាក់ជាងកន្លះពាន់លានដុល្លារ ប្រមូលកីឡាករខ្លាំងៗ និងគ្រូបង្វឹកពីតំបន់អឺរ៉ុប ទៅពង្រឹងក្រុម។



រដូវកាលមុនក្លិប Al-Ahli និង Al-Hazm ជាក្រុមស្ថិតក្នុងក្របខណ្ឌទីពីរ ក្លិបទាំងពីរដែលបានឡើងមកកាន់លីគកំពូលវិញ នឹងត្រូវចាប់ផ្តើមជំនួបថ្ងៃបើកឆាករដូវកាលថ្មី ស្របពេលដែលអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំមើលការវិវត្តិនៃបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្លិប Al-Ahli ក៏ជាក្លិបស្ថិតក្រោមគម្រោងនៃមូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត ដូចទៅនឹងក្លិបម្ចាស់ជើងឯក Al-Ittihad, Al-Hilal និង Al-Nassr។
 
មុនពេលបើករដូវកាលថ្មីក្លិបស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro league បានចំណាយប្រាក់ប្រមាណជាង ៥០០លានដុល្លារ នាំយកកីឡាករល្បីៗពីតំបន់អឺរ៉ុបជាង ២០រូប មកចូលរួម ហើយដោយភាគច្រើនជាកីឡាករដែលមកពីក្លិបស្ថិតក្នុងក្របខណ្ឌ Premier League។ លីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាទីកន្លែងចាប់អារម្មណ៍ពីសំណាក់កីឡាករតំបន់អឺរ៉ុបក្រោយខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់មកតាំងពីខែមករា ដើមឆ្នាំ ២០២៣ នឹងទទួលបានតម្លៃពលកម្មច្រើនលើសលុបខុសពីតំបន់អឺរ៉ុប។
  


ភាគច្រើននៃកីឡាករមកពីក្របខណ្ឌ Premier League ដែលផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតគឺចេញពីក្លិបខ្លាំងៗដូចជា Liverpool, Chelsea, Wolver និង Manchester City ដូចជាកីឡាករ Riyad Mahrez។ កាលពីពេលថ្មីៗនេះក្លិប Al-Nassr យកបានខ្សែប្រយុទ្ធ​ Sadio Mane ពីក្រុម Bayern Munich។
 
ចាប់តាំងពី Ronaldo បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត បាល់នៃប្រទេសកំពុងតែអភិវឌ្ឍនៃវិស័យកីឡាមួយនេះ បានដំឡើងនូវចំនួនក្រុមសម្រាប់ការប្រកួតរដូវកាលថ្មីពីចំនួន ១៦ក្រុម ដល់ ១៨ក្រុម។ រដូវកាលមុនក្លិប Al-Nassr របស់ Ronaldo បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២ ពីក្រោមក្លិប Al-Ittihad ដែលទើបនាំយកខ្សែប្រយុទ្ធ Karim Benzema, N’Golo Kante, Fabinho និង Jota មកចូលរួមក្រុម។
 
សម្រាប់ក្រុម Al-Ittihad ម្ចាស់ការពារតំណែងជើង នឹងត្រូវជួបការប្រកួតប្រជែងខ្លាំងបន្ថែមទៀតសម្រាប់ពានរង្វាន់រដូវកាលថ្មី ខណៈក្រុមដូចជា Al-Nassr និង Al-Hilal កំពុងតែប្រជែងខ្លាំងដូចគ្នាលើកីឡាករ និងទម្រង់លេងរបស់ក្រុម។
 
ការប្រកួតសម្រាប់ជំនួបបើកឆាក់នៃក្របខណ្ឌ Saudi Pro league ក្រុម Ah-Ahli ត្រូវស្វាគមន៍ក្រុម Al-Hazm វេលាម៉ោង ១យប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី១២ ខែសីហា មុនក្រុម Al-Taee ទទួលក្រុម Damac FC នាថ្ងៃទី១២ វេលាម៉ោង ១០យប់៕
 
 

Tag:
 Saudi Pro League
© រក្សាសិទ្ធិដោយ thmeythmey.com