ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ផ្តើមទស្សនកិច្ចនៅកម្ពុជា
12, Aug 2023 , 3:41 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី (ខាងស្តាំ) នៅចិន ក្នុងខែកុម្ភៈកន្លងទៅ។ រូបភាព ក្រសួងការបរទេសចិន
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី (ខាងស្តាំ) នៅចិន ក្នុងខែកុម្ភៈកន្លងទៅ។ រូបភាព ក្រសួងការបរទេសចិន
ភ្នំពេញ៖ លោក វ៉ាង យី (WANG Yi)  រដ្ឋមន្រ្តីការបរទេសចិន នឹងមកដល់កម្ពុជា នៅម៉ោង៣រសៀល ថ្ងៃទី១២សីហានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចំនួន២ថ្ងៃ គឺនៅថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២៣។

 
នៅរសៀលនេះ លោក វ៉ាង យី នឹងជួបជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងជួបលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើយោងតាមតារាងកម្មវិធីរបស់អគ្គនាយកដ្ឋានពិធីការ នៃក្រសួងការបរទេសកម្ពុជា។
 
ចំណែកនៅព្រឹក ថ្ងៃទី១៣ សីហា រដ្ឋមន្ត្រីការបរទេសចិននឹងជួបជាមួយសមភាគី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីបរទេសកម្ពុជា មុនចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំងនៃកម្ពុជា។ កិច្ចពិភាក្សា នឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០សីហា។ 
 
សូមជម្រាបដែរថា ជំនួបដោយឡែករបស់លោក វ៉ាង យី ជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនានា នឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។ 
 
មុនចាកចេញពីកម្ពុជា នៅរសៀលថ្ងៃទី១៣សីហា លោក វ៉ាង យី នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ 
 
គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជា និងចិន។ សម្រាប់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្ថែមដល់ការពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផល ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
 

Tag:
 វ៉ាង យី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com