កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករទើបចុះកិច្ចសន្យាថ្មីដ៏លេចធ្លោ ៥ រូបនៅ Premier League
12, Aug 2023 , 4:39 pm        
រូបភាព
ក្លិបស្ថិតក្នុងក្របខណ្ឌ Premier league ទីផ្សារដោះដូរមុនបើករដូវកាលថ្មី ២០២៣-២៤ បានចាយលុយប្រមាណជាង ១ពាន់លានផោន (១,៣ពានលានដុល្លារ) ក្នុងការផ្ទេរកីឡាករ ខណៈដែលការប្រកួតប្រជែងរដូវកាលថ្មី កំពុងខិតជិតមកដល់នៅចុងសប្តាហ៍នេះ។


 
ក្រុម Arsenal នាំមុខគេក្នុងការចំណាយប្រាក់ជាង ២០០លានផោន(២៥៥លានដុល្លារ) ដោយយកបានខ្សែបម្រើ Delcan Rice, Kai Havertz និង Jurrien Timber ខណៈដែលពួកគេក៏កំពុងសម្លឹងការប្រជែងឱ្យខ្លាំងម្តងទៀត ជាមួយនឹងក្រុម Manchester City ដែលលើកពាន Premier League រដូវកាលមុន។
 
Manchester United, Newcastle, Liverpool និង Chelsea ក៏ជាក្រុមកំពុងតែមមាញឹកខ្លាំង ជាមួយការប្រជែងក្នុងការនាំយកកីឡាករថ្មី មកចូលរួមក្រុម ព្រមទាំងការប្រជែង Premier League ផងដែរ។ តែយ៉ាងណាក្រុមម្ចាស់ពានរង្វាន់ ៣ ក្នុងមួយរដូវកាល Man City នៅតែជាក្រុមជើងខ្លាំងមួយ ដែលពិបាកក្នុងការយកឈ្នះ ខណៈដែលពួកគេក៏សម្លឹង មើល ការឈ្នះពានលើកទី៤ ជាប់គ្នាផងដែរ។
 
ខាងក្រោមនេះជាកីឡាករចំនួន ៥រូប នៅក្នុងទីផ្សារដោះដូរដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងបំផុត៖ 
 
Declan Rice ក្រុម Arsenal


 
Arsenal រដូវកាលមុនបង្កើតភាពភ្ញាក់ផ្អើលខ្លាំង ដោយបានក្លាយជាគូប្រជែងជាមួយនឹង Man City ហើយមានភាពតានតឹងខ្លាំងក្នុងការប្រជែងពានរង្វាន់ Premier League។ ផ្តើមរដូវកាលថ្មីកាំភ្លើងធំចាយប្រាក់ជាង ១០០លានដុល្លារយក Rice ក្រោយរូបគេបានជួយក្រុម West Ham United គ្រងជើងឯក Europa Conference League រួចមក។ 
 
Rice បានសម្រេចចិត្តចូលរួមជាមួយនឹង Arsenal ក្រុមដឹកនាំដោយលោក Mikel Arteta បើទោះជាមានរបាយការណ៍ថា គេក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុម Man City។ ក្រុមកាំភ្លើងធំបានបំបែកកំណត់ត្រារបស់ខ្លួនដោយបាននាំយក Rice ក្នុងតម្លៃ ១០៥លានផោន (១៣៣,៩លានដុល្លារ) មកចូលរួមក្រុម ហើយពេលថ្មីនេះ គេបានជួយកាំភ្លើងធំឈ្នះពាន Community Sheild។
 
Rasmus Hojlund ក្រុម Manchester United


 
ក្រុមបិសាចក្រហមបានបំពេញក្តីស្រមៃខ្លួន ដោយបាននាំយកខ្សែប្រយុទ្ធមកចូលរួមក្រុម កីឡាករវ័យ ២០ឆ្នាំ សញ្ជាតិដាណឺម៉ាក ក៏ជាគោលដៅរបស់ក្រុមដទៃផ្សេងដែរ។ ជាមួយតម្លៃផ្ទេរប្រមាណ ៦៤លានផោន (៨១,៦លានដុល្លារ) នឹងប្រាក់បូកបន្ថែមមួយចំនួន បានធ្វើឱ្យក្រុម Atalanta រីករាយនឹងប្រាក់ចំណេញដែលពួកគេចំណាយលើកីឡាកររូបនេះត្រឹមតែ ១៧លានផោន (២១,៦៧លានដុល្លារ) កាលពី ១ឆ្នាំមុន។
 
កីឡាករវ័យ ២០ឆ្នាំ បង្ហាញខ្លួន ១រដូវកាល រកបានគ្រាប់បាល់ចំនួន ៩គ្រាប់ ឱ្យក្រុម Atalanta តែនៅក្រុមជម្រើសជាតិដាណឺម៉ាក គេជាម៉ាស៊ីនរកគ្រាប់បាល់ដោយបង្ហាញខ្លួន ៦លើក រកបាន ៦គ្រាប់ដូចគ្នា។
 
Josko Gvardiol ក្រុម Manchester City


 
ក្រុមជើងឯក Premier League បានចំណាយប្រាក់ផ្ទេរលើខ្សែការពារកីឡាករ Gvardiol ពីក្រុម RB Leipzig ដែលមានតម្លៃប្រមាណ ៧៨លានផោន (៩៩,៥លានដុល្លារ)។ កីឡាករវ័យ ២១ឆ្នាំ មានភាពល្បីល្បាញខ្លាំងពេលរូបគេបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិក្រូអាស៊ីនៅក្នុងព្រឹត្តិការណ៍ World Cup 2022 ដោយជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ ៣។
ទោះយ៉ាងណាបច្ចុប្បន្នក្រុមរបស់លោក Pep Guardiola មានខ្សែការពារដល់ទៅ ៦រូប ដែលធ្វើឱ្យកីឡាករសញ្ជាតិក្រូអាស៊ីត្រូវតែប្រជែងរកកៅអីសម្រាប់បង្ហាញខ្លួនជម្រើស ១១នាក់ដំបូងនៅ Man City។
 
Dominik Szoboszlai ក្រុម Liverpool


 
រដូវកាលមុន Liverpool ខកចិត្តខ្លាំងដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥ នៃពានរង្វាន់ Premier league ហើយដែលបង្ខំចិត្តឱ្យពួកគេត្រូវកែប្រែនូវទម្រង់លេងនិងកីឡាករមួយចំនួនតាមតម្រូវការ។ Szoboszlai និងកីឡាករខ្សែបម្រើម្ចាស់ពាន World Cup 2022 សញ្ជាតិអាហ្សង់ទីន Alexis Mac Allister បានសន្យាថា នឹងនាំមកនូវភាពខ្លាំងសម្រាប់ Liverpool ក៏ដូចជាគ្រាប់បាល់។
 
ទោះបែបនេះក្តីក្រុមហង្សក្រហមបានបាត់បង់កម្លាំងសំខាន់ជាច្រើន ដូចជាកីឡាករ Jordan Henderson, Fabinho, Alex Oxlade Chamberlain, Naby Keita និង James Milner ដោយបានចាកចេញពីក្លិបទៅរកក្លិបថ្មីរៀងខ្លួន។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហុងគ្រីវ័យ ២២ឆ្នាំ ផ្ទេរពី RB Leipzig តម្លៃ ៦០លានផោន (៧៦,៥លានដុល្លារ) ដោយគេរកបាន ២០គ្រាប់ និងបញ្ជូនបាល់ ២១គ្រាប់ ពីការបង្ហាញខ្លួន ៩១លើកនៅទឹកដីអាល្លឺម៉ង់។
 
Sandro Tonali ក្រុម Newcastle United


 
ក្លិបដែលមានខ្នងបង្អែកដោយមូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត បាន វិលត្រលប់ទៅកាន់ការប្រជែងក្នុងក្របខណ្ឌ Champions League ក្រោយជោគជ័យក្នុងការប្រជែងដណ្តើមកៅអីចំណាត់ថ្នាក់លេខ ៤ នៅ Premier league។ វិលត្រលប់ទៅពានរង្វាន់លំដាប់កំពូលអឺរ៉ុប ក្លិបរហស្សនាមសារិកាព្រៃមួយនេះ ក៏កំពុងតែត្រូវការកីឡាករល្បីៗឈ្មោះជាច្រើនមកពង្រឹងក្រុមផងដែរ។
 
ពេលថ្មីនេះពួកគេបានចាយលុយយកកីឡាករខ្សែបម្រើ Sandro Tonali មកពីក្រុម AC Milan តម្លៃប្រមាណ ៦០លានផោន (៧៦,៥) ដែលកីឡាកររូបនេះធ្លាប់ជួយក្រុម AC Milan ឈ្នះពាន Serie A ក្រោយរង់ចាំរយៈពេល ១១ឆ្នាំ ក្នុងឆ្នាំ ២០២២ មុនពេលដើរតួនាទីសំខាន់ប្រចាំក្រុមនៅក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com