អន្តរជាតិ
ចិនសង្ឃឹមថា ក្រុងប៉េកាំង និងក្រុងម៉ានីលអាចឃើញចំណុចឯកភាពគ្នាលើជម្លោះដែនសមុទ្រ
12, Aug 2023 , 6:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី១១ ខែសីហា បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងម៉ានីល អាចរកចំណុចឯកភាពគ្នាមួយ ដើម្បីគ្រប់គ្រងស្ថានភាពដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង ប្រកបដោយប្រសិទ្ធភាព។

 
ភាពតានតឹងរវាងចិន និងហ្វីលីពីន បានកើតឡើងជាថ្មី ក្រោយពីការទទូចរបស់ចិនឱ្យហ្វីលីពីនដកនាវាសល់ពីសម័យសង្រ្គាមលោកទីពីរចេញពីតំបន់ Second Thomas Shoal ដែលចិនចាត់ទុកជាដែនទឹករបស់ខ្លួន។ មិនតែប៉ុណ្ណោះ នាវាចិន ក៏បានបាញ់ទឹកដាក់នាវាហ្វីលីពីនផង។ 
 
ក្នុងពេលបំពេញទស្សនកិច្ចនៅសិង្ហបុរីនៅថ្ងៃទី១១ ខែសីហា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ថា រដ្ឋាភិបាលក្នុងប៉េកាំង មានឆន្ទៈក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូង ដោយត្រឹមត្រូវ។ 
 
ជុំវិញបញ្ហានេះ លោកវ៉ាង បានបង្ហាញក្តីសង្ឃឹមថា ហ្វីលីពីននឹងគោរពកិច្ចព្រមព្រៀងដែលមានកន្លងមក រួមទាំងរកឃើញចំណុចឯកភាពរួមគ្នាជាមួយចិន ដើម្បីគ្រប់គ្រងដែនសមុទ្រឱ្យបានត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
បន្ថែមពីនេះ លោកវ៉ាង ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិនផងនោះ បានលើកឡើងថា អាម៉េរិក និងកម្លាំងផ្សេងទៀត ប្រាថ្នាចង់ឱ្យមានជម្លោះតែប៉ុណ្ណោះ នៅក្នុងសមុទ្រចិនខាងត្បូង។ កន្លងមក អាម៉េរិក បានប្តេជ្ញាជួយហ្វីលីពីន ប្រសិនបើមានការវាយប្រហារលើនាវាហ្វីលីពីន។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារដែនទឹកមួយនេះស្ទើរតែប្រមាណ ៩០ភាគរយជារបស់ខ្លួន តាមរយៈផែនទីខ្សែបន្ទាត់ប្រាំបួនឆ្នូត ដោយផ្អែកលើព័ស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់៕ 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com