អន្តរជាតិ
លោកវ៉ាង យី ប្តេជ្ញាលើកទឹកចិត្តអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅម៉ាឡេស៊ីឱ្យកាន់តែច្រើន
12, Aug 2023 , 10:19 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីម៉ាឡេស៊ី លោក Zambry Abdul Kadir (ខាងស្តាំ) នៅថ្ងៃទី១១ ខែសីហា។ រូបភាព ក្រសួងការបរទេសចិន
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីម៉ាឡេស៊ី លោក Zambry Abdul Kadir (ខាងស្តាំ) នៅថ្ងៃទី១១ ខែសីហា។ រូបភាព ក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១១ ខែសីហា បានប្រាប់សមភាគីម៉ាឡេស៊ី លោក Zambry Abdul Kadir ថា ចិនគាំទ្រ និងលើកទឹកចិត្តអ្នកវិនិយោគចិនឱ្យកាន់តែច្រើនមករកស៊ីនៅម៉ាឡេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីបានអះអាងថា រដ្ឋាភិបាលក្រុងគូឡាឡាំពួ ស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិននៅគ្រប់កម្រិតលើវិស័យជាច្រើន។

 
ក្រោយពីចាកចេញពីសិង្ហបុរី លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានបន្តទស្សនកិច្ចនៅម៉ាឡេស៊ី ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយសមភាគីម៉ាឡេស៊ី លោក Zambry Abdul Kadir លោកវ៉ាង បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង គាំទ្រ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគរបស់ខ្លួន មករកស៊ីនៅម៉ាឡេស៊ីឱ្យកាន់តែច្រើន ដើម្បីកំណើននៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ 
 
ទន្ទឹមនេះ ប្រមុខការទូតចិន ក៏បានជំរុញឱ្យម៉ាឡេស៊ី ពង្រឹកការទំនាក់ទំនង និងការសម្របសម្រួល រួមទាំងទំនុកចិត្តជាយុទ្ធសាស្រ្តផង។ មិនតែប៉ុណ្ណោះ លោក វ៉ាង ដែលជាប្រធានគណៈកម្មការកិច្ចការបរទេស នៃបក្សកុម្មុយនីស្តចិនផងនោះ បានបន្តថា ក្រុងប៉េកាំង គាំទ្រក្រុងគូឡាឡាំពួ ប្រកាន់យកមាគ៌ាអភិវឌ្ឍ ឱ្យស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រួមទាំងគាំទ្រតួនាទីម៉ាឡេស៊ី នៅក្នុងថ្នាក់តំបន់ និងអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ដោយចាត់ទុកម៉ាឡេស៊ីជាប្រទេសជិតខាង និងជាមិត្ត លោកវ៉ាង បានសន្យាធ្វើការជាមួយរដ្ឋាភិបាលគូឡាឡាំពួ តាមការព្រមព្រៀងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ រួមទាំងលើកតម្កើងការកសាងសហគមន៍ចិន-ម៉ាឡេស៊ី ដែលមានអនាគតរួមគ្នា។ 
 
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានអះអាងថា រដ្ឋាភិបាលរបស់ខ្លួន បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុងប៉េកាំង នៅគ្រប់កម្រិតទាំងអស់ ក្នុងវិស័យផ្សេងៗ រួមទាំងគាំទ្រគំនិតផ្តួតផ្តើមសកលរបស់ចិនទាំងអស់។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគជាដើម រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានជជែកពីបញ្ហានៅក្នុងតំបន់ និងអន្តរជាតិផង៕ 
 

Tag:
 ចិន
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com