កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត ២គ្រាប់ដើម្បីឈ្នះពានរង្វាន់លើកដំបូងជាមួយ Al-Nassr
13, Aug 2023 , 10:49 am        
រូបភាព
Cristiano Ronaldo រកបានគ្រាប់បាល់ ២គ្រាប់សម្រាប់ជួយក្រុម Al-Nassr របស់គេយកឈ្នះលើក្រុម Al-Hilal លទ្ធផល ២-១ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions Cup ឬ King’s Cup ថ្ងៃទី១២ ខែសីហា។ នេះជាការឈ្នះពានរង្វាន់ដ៏ធំលើកដំបូងសម្រាប់ Ronaldo ចាប់តាំងពីបានផ្លាស់ទៅអារ៉ាប៊ីសាអូឌីត។


 
ចាប់តាំងពីមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតដើមខែមករា សម្រាប់រដូវកាលមុន Ronaldo បរាជ័យក្នុងការជួយក្រុមឈ្នះពានរង្វាន់លីគកំពូល Saudi Pro League។ ពានរង្វាន់ដែល Ronaldo បានឈ្នះកាលពីយប់មិញគឺជាការប្រជែងពានសម្រាប់ក្លិបជើងឯកស្ថិតក្នុងប្រទេសតំបន់មជ្ឈឹមបូពា៍ដូចជាមកពីប្រទេស អារ៉ាប៊ីសាអូឌីត, កាតា, អេម៊ីរ៉ាត់អារ៉ាប់រួម, អ៊ីរ៉ាក់, ម៉ារ៉ុក, ទុយនេស៊ី និងអាល់ហ្សេរី។
 
ការប្រកួតដែលត្រូវបានក្រុម Al-Hilal រកបានគ្រាប់បាល់ ១គ្រាប់នាំមុខមុនតាំងពីតែនាទី៥១ ក្រុម Al-Nassr ដែលមានគ្នាត្រឹមតែ ១០នាក់ អាចរកបានគ្រាប់បាល់វាយបកមកវិញ ដោយ Ronaldo ជាអ្នករកបានគ្រាប់បាល់នៅនាទី៧៤ តាមស្មើ ១-១ មកវិញ រហូតដល់ការប្រកួតនៅម៉ោងបន្ថែមនាទី ៩៧ ជួយក្រុមឈ្នះពាន។


 
ឈ្នះពានរង្វាន់លើកដំបូងសម្រាប់ក្លិបនៅទឹកដីអារ៉ាប៊ីសាអូឌីតខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏រកបានគ្រាប់បាល់ ៦គ្រាប់ពីការប្រកួត ហើយឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំការប្រកួត។ មុនចាប់ផ្តើមរដូវកាលថ្មីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ហាក់បង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្រុម Al-Nassr។
 
ទោះជាយ៉ាងណា Ronaldo និងក្លិប Al-Nassr មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់អបអរជ័យជម្នះឡើយ ខណៈក្រុមនឹងត្រូវចាប់ផ្តើមការប្រកួតក្របខណ្ឌ Saudi Pro League ដោយត្រូវជួបតទល់ក្រុម Al-Ettifaq ដែលមានគ្រូបង្វឹកជាលោក Steven Gerrard នៅ ២ថ្ងៃបន្ទាប់៕



Tag:
 Cristiano Ronaldo
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com