អន្តរជាតិ
ប្រមុខការទូតចិន សន្យាបន្តជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
13, Aug 2023 , 11:29 am        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី១២ ខែសីហា។ រូបភាពក្រសួងការបរទេសចិន
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី១២ ខែសីហា។ រូបភាពក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១២ ខែសីហា បានសន្យាថា ចិននឹងបន្តជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរូបនេះ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។

 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ស្របពេលទំនាក់ទំនងការទូតប្រទេសទាំងពីរឈានចូលខួប ៦៥ឆ្នាំ។ លោកវ៉ាង បានជួបជាមួយឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោកវ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការ បរទេសនៃបក្សកុម្មុនីស្តចិនផងនោះ បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅកម្ពុជា។ នេះបើតាមការចុះ ផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ទន្ទឹមនេះ ប្រមុខការទូតចិន ក៏បានគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ក្នុងការស្វែងរកមាគ៌ា អភិវឌ្ឍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន, ការការពារអធិបតេយ្យ, ឯករាជ្យភាព និងការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជានៅឆាកតំបន់ និងអន្តរជាតិផង។ បើតាមលោកវ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង នឹងឈរនៅខាងកម្ពុជាលើការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចឡើងវិញ ។ 
 
លើសពីនេះ មន្រ្តីការទូតជាន់ខ្ពស់ចិនរូបនេះ បានបង្ហាញពីក្តីសង្ឃឹម ដែលចិន និងកម្ពុជានឹងពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀត រួមទាំងកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា។
 
ក្រៅពីនេះ លោកវ៉ាង ក៏បានអបអរពីការរៀបចំការបោះឆ្នោតនៅកម្ពុជា រួមទាំងជ័យជម្នះរបស់បក្សប្រជាជនកម្ពុជាផង ដែលនេះបានបង្ហាញពីឆន្ទៈរបស់ប្រជាជន ពាក់ព័ន្ធនឹងទំនុកចិត្តលើបក្សប្រជាជនកម្ពុជា ដែលអាចមានសមត្ថភាពដោះស្រាយបញ្ហាប្រឈម និងការជ្រៀតជ្រែកពីបរទេស។ 
 
ជាការឆ្លើយតបភាគីកម្ពុជា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកវ៉ាង មកកម្ពុជា ក្រោយពីឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេសចិន ជាថ្មីនៅក្នុងខែកក្កដា កន្លងមក។ ចំណែក លោក សុខ ចិន្តាសោភា បានយល់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានជួយកែលម្អជីវភាពប្រជាជន បង្កើតការងារ និងនាំឱកាសអភិវឌ្ឍន៍មកឱ្យប្រទេស៕ 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com