កីឡាអន្តរជាតិ
អន្តរជាតិ
បង្ហោះ១លើកបានជាង៣លានដុល្លារ ជួយ Ronaldo រកចំណូលច្រើនជាងគេពី Instagram ៣ឆ្នាំជាប់គ្នា
13, Aug 2023 , 7:39 pm        
រូបភាព
Cristiano Ronaldo ម្ចាស់ពានរង្វាន់ Ballon D’Or ៥សម័យកាល ជាប់ឈ្មោះជាបុគ្គលល្បីមានឥទ្ធិពលបំផុតលើបណ្តាញសង្គម Instagram ដោយរកបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៣ និង៣ឆ្នាំជាប់គ្នា។ Ronaldo អាចរកបានជាង៣លានដុល្លារ ពីការបង្ហោះនៅលើបណ្តាញសង្គម Instagram មួយលើក។


 
Ronaldo កាលពីខែមិថុនា បានជាប់ឈ្មោះជាកីឡាករដែលមានតម្លៃពលកម្មថ្លៃបំផុតនៅលើពិភពលោក តាមរយៈការកត់ត្រារបស់គេហទំព័រ Forbes លើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ក្រោយពេលរូបគេបានផ្លាស់ទៅក្លិប Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីត។ ឆ្នាំ ២០២៣ ដដែល Ronaldo បានក្លាយជាបុគ្គលកំពូលដែលមានបំផុតនៅលើបញ្ជីរបស់បណ្តាញសង្គម Instagram។ 
 
បញ្ជីដែលចងក្រងដោយឧបករណ៍កំណត់ពេលវេលា Instagram Hopper HQ គឺផ្អែកលើទិន្នន័យខាងក្នុង និងសាធារណៈដែលបង្ហាញថាតើអ្នកប្រើប្រាស់ម្នាក់ៗអាចរកបានចំណូលប៉ុន្មានសម្រាប់ការបង្ហោះនៅលើ Instagram ដូចទៅនឹងបណ្តាញ Youtube។
 
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រកបានប្រាក់ប្រមាណ ៣,២៣លានដុល្លារ ពីការបង្ហោះមួយលើកនៅលើ Instagram។ នេះបើតាមការកត់ត្រារបស់ Hopper HQ ខណៈដែលកីឡាករវ័យ ៣៨ឆ្នាំកំពុងខិតជិតមានអ្នកតាមដាន ឬ Follower ជិត ៦០០លាននាក់។
 
ដោយឡែកគូប្រជែងរបស់ Ronaldo កីឡាករសញ្ជតិអាហ្សង់ទីន Lionel Messi ម្ចាស់ពានរង្វាន់ World Cup 2022 រកបានប្រាក់ចំណូលប្រមាណ ២,៦លានដុល្លារ ពីការបង្ហោះមួយលើក។ Messi មានចំនួនអ្នកចុចតាមដានប្រហាក់ប្រហែលទៅនឹង Ronaldo ដែរ។
 
យ៉ាងណាកីឡាករទាំងពីរមិនត្រឹមតែធ្លាប់ប្រជែងគ្នានៅលើទីលាននោះទេ ពួកគេក៏នៅតែបន្តប្រជែងគ្នានៅការឥទ្ធិពលលើបណ្តាញសង្គមផងដែរ។ កីឡាករទាំងពីរឈរនៅចំណាត់ថ្នាក់កំពូល ដោយតាមពីក្រោយតារាល្បីៗ ដូចជាតារាចម្រៀង Selena Gomez តារាបង្ហាញម៉ូត Kylie Jenner និងតារាសម្តែង Dwayne«The Rock» Johnson។ 
 
កីឡាករចំនួន ២នាក់ផ្សេងទៀតដែលបានជាប់ក្នុងចំណាត់ថ្នាក់ទាំង ២០ នៃបុគ្គលមានឥទ្ធិពលនៃការរកប្រាក់ចំណូលច្រើន គឺកីឡាករកីឡាគ្រីខឃីតសញ្ជាតិឥណ្ឌា Virat Kohli និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ។
 
ជាប់ឈ្មោះជាបុគ្គលដែលរកបានប្រាក់ចំណូលច្រើនជាងគេនៅលើ Instagram ខ្សែប្រយុទ្ធ Ronaldo រកបានប្រាក់ចំណូលពីការបង្ហោះ ១លើក ច្រើនជាង ១០ដង បើធៀបទៅនឹង khaby Lame តារា TikTok ដែលមានអ្នកតាមដានច្រើនជាងគេ នឹងរកបានចំណូលច្រើនជាងគេ៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com