អន្តរជាតិ
លោកវ៉ាង យីថា ចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាថ្មី
14, Aug 2023 , 2:39 pm        
រូបភាព
លោកវ៉ាង យី ប្រមុខការទូតចិន ចាប់ដៃជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា នៅថ្ងៃទី១៣ ខែសីហា។ រូបភាព AFP
លោកវ៉ាង យី ប្រមុខការទូតចិន ចាប់ដៃជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា នៅថ្ងៃទី១៣ ខែសីហា។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១៣ ខែសីហា បានបញ្ជាក់យ៉ាងច្បាស់ថា ចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្នុងការបន្តទំនាក់ទំនងប្រទេសទាំងពីរ។ ទន្ទឹម លោកវ៉ាង ក៏បានអញ្ជើញលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងទៅក្រុងប៉េកាំងផង។

 
ក្នុងថ្ងៃចុងក្រោយនៃដំណើរនៅកម្ពុជា លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ គោលជំហររបស់កម្ពុជាលើចិន រួមទាំងពាណិជ្ជកម្ម និងកសិកម្មជាដើម។ 
 
តាមរយៈជំនួបនៅក្នុងថ្ងៃទី១៣ ខែសីហា លោក វ៉ាង បានបញ្ជាក់យ៉ាងច្បាស់ថា ចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាថ្មី និងលើកតម្កើងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញពីយុគថ្មីប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាខ្ពស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ 
 
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលកម្ពុជាថ្មី ប្តេជ្ញាក្នុងការអភិវឌ្ឍទំនាក់ទំនងប្រកបដោយមិត្តភាពជាមួយចិន។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីចាត់តាំងរូបនេះ បានបន្តថា កម្ពុជា នៅតែគោរពគោលការណ៍ចិនតែមួយ និងកិច្ចការផ្ទៃក្នុងចិន។ 
 
តាមរយៈសំណេរលើគណនី Facebook នៅថ្ងៃទី១៣ ខែសីហា លោកហ៊ុន ម៉ាណែត បានបន្ថែមថា ចិន បានត្រៀមខ្លួនទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់លោក នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅក្រុងណាននីង  ខេត្តក្វាងស៊ី ក្នុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។
 
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា បានឆ្លើយតប នឹងការអញ្ជើញរបស់ចិនទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅក្រុងប៉េកាំង ក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខផង៕ 
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com