អន្តរជាតិ
អនុប្រធានាធិបតី​តៃវ៉ាន់​ថា មិនដកថយដោយសារការ​គំរាម​របស់ចិនឡើយ
14, Aug 2023 , 4:59 pm        
រូបភាព
អនុប្រធានាធិបតី​តៃវ៉ាន់ William Lai​ ដែលមានវត្តមាននៅអាម៉េរិក បានបញ្ជាក់ជាថ្មីចំពោះឆន្ទៈរបស់តៃវ៉ាន់ដែលមិនថមថយ និងភ័យខ្លាចដោយសារការគំរាមគំហែងរបស់ចិនឡើយ។ វត្តមានរបស់អនុប្រធានាធិបតី​តៃវ៉ាន់នៅអាម៉េរិកនេះ បានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង និងថ្កោលទោសតៃវ៉ាន់ផង។

 
លោក William Lai អនុប្រធានាធិបតី​តៃវ៉ាន់ និងជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតខែមករា បានធ្វើដំណើរដល់ទឹកដីអាម៉េរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយរបស់លោកទៅប៉ារ៉ាហ្គាយដើម្បីអបអរដល់ការឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយ។ ប៉ារ៉ាហ្គាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៣ ដែល​រក្សា​ទំនាក់ទំនង​ផ្លូវការ​ជាមួយតៃវ៉ាន់។ 
 
បើតាមតៃវ៉ាន់ និងអាម៉េរិក វត្តមានរបស់អនុប្រធានាធិបតី​តៃវ៉ាន់លោក William Lai​ គ្រាន់តែជាការសម្រាកសម្រាប់ប្ដូរជើងយន្តហោះប៉ុណ្ណោះ។ យ៉ាងណាមិញ ចិនបានបង្ហាញការមិនសប្បាយចិត្តចំពោះរឿងនេះ និងបានហៅលោក William Lai​ ជាបង្កបញ្ហារវាងចិននិងតៃវ៉ាន់។ 
 
«ប្រសិនបើតៃវ៉ាន់មានសុវត្ថិភាព ពិភពលោកនឹងមានសុវត្ថិភាព ប្រសិនបើច្រកសមុទ្រតៃវ៉ាន់មានសន្តិភាព នោះពិភពលោកនឹងមានសន្តិភាព»។ លោក William Lai​ បានលើកឡើងបែបនេះនៅទឹកដីអាម៉េរិក។ 
 
បើតាមអនុប្រធានាធិបតី​តៃវ៉ាន់រូបនេះ មិនថាការគំរាមកំហែងនៃអំណាចផ្តាច់ការមានឥទ្ធិពលយ៉ាងណាឡើយ ក៏តៃវ៉ាន់មិនភ័យខ្លាច ឬថមថយឡើយ។ តៃវ៉ាន់នឹងបន្តក្សាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ 
 
គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ជាបញ្ហាការទូតដ៏សំខាន់បំផុតរបស់ខ្លួន ហើយបញ្ហាតៃវ៉ាន់នេះក៏ជាប្រភពនៃជម្លោះឥតឈប់ឈររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនផងដែរ ខណៈអាម៉េរិកជាប្រភពផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់។ 
 
កន្លងមក ចិនមានការមិនពេញចិត្តជាខ្លាំងចំពោះលោក Lai ដ្បិតលោកពីមុនមកបានពណ៌នាខ្លួនឯងជាអ្នកការពារផលប្រយោជ៍តៃវ៉ាន់។ លោក Lai ដែលធ្លាប់បានសន្យាថានឹងរក្សាសន្តិភាពដល់តៃ​វ៉ាន់​ ក្នុងវត្តមាននៅអាម៉េរិកនេះ​​ បានបញ្ជាក់ជាថ្មីថា  ដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសមភាព លោកមានឆន្ទៈយ៉ាងខ្លាំងចរចាជាមួយចិន និងស្វែងរកសន្តិភាព និងស្ថិរភាព។
 
យ៉ាងណាមិញ លោក Lai បានសង្កត់ធ្ងន់ថា លោកនឹងការពារអធិបតេយ្យភាពរបស់តៃវ៉ាន់ និងមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់តៃវ៉ាន់បាន ហើយតៃវ៉ាន់នឹងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនដីគោកឡើយ។ 
 
ពាក់ព័ន្ធនឹងវត្តមានរបស់លោក Lai លើទឹកដីអាម៉េរិកនេះ ទាំងក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យចិនកុំចាត់វិធានការបង្កហេតុណាមួយជាការឆ្លើយតប ដ្បិតវត្តមានរបស់លោក Lai នេះគ្រាន់តែជាការសម្រាកធម្មតាប៉ុណ្ណោះ។ ប៉ុន្តែមន្ត្រីតៃវ៉ាន់បាននិយាយថាចិនទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធានៅសប្តាហ៍នេះនៅជិតកោះតៃវ៉ាន់ ដោយយកលេសវត្តមានរបស់លោក Lai នៅអាម៉េរិកដើម្បីបំភិតបំភ័យពលរដ្ឋតៃវ៉ាន់ក្នុងការបោះឆ្នោតខាងមុខ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com