ជាតិ
នាយកប្រតិបត្តិអង្គការតម្លាភាព៖ «យុវជន​កម្ពុជាដឹងពី​បញ្ហាសង្គម​ ប៉ុន្តែ​ពួក​គេ​មិនហ៊ាន​និយាយ​»
14, Aug 2023 , 9:39 pm        
រូបភាព
ភ្នំពេញ៖ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​មាន​កម្លាំង​យុវជន​ប្រមាណ​៦០​ភាគ​រយ​ ដែល​​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​។ នេះ​គឺ​ជា​សក្កានុពល​ដ៏​ធំរបស់​កម្ពុជា​។ ជា​មួយ​គ្នា​នេះ ​អង្គការ​តម្លា​ភាព​កម្ពុជា ក៏​បាន​ស្ទង់​​មតិ​ថ្នាក់​ជាតិ​ទ្រង់​ទ្រាយ​ធំមួយ​ ​រក​ឃើញ​ថា​យុវជន​កម្ពុជា​ភាគ​ច្រើន​ មិន​ហ៊ាន​​និយាយ​ពី​បញ្ហាសង្គមឡើយ​​ បើ​ទោះ​បី​ជា​ពួក​គេ​មើល​ឃើញ​ថា បញ្ហា​ទាំង​​នោះ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ជាតិ​ក្ដី​។



លោក ប៉ិច ពិសី នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ​យុវជន​បាន​ដឹង​​​ពី​បញ្ហា​សង្គម​ ​ផល​ប៉ះ​ពាល់​នៃ​អំពើ​ពុក​រលួយ​ បញ្ហា​​សេវា​សាធារណៈ​ បញ្ហា​បរិស្ថាន​ និង​កិច្ច​ការ​សង្គម​ដទៃ​ទៀត ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ា​ន​និយាយ​ពី​បញ្ហា​ទាំង​នោះ​ឡើយ​។ 
 
នាយកប្រតិបត្តិរូប​នេះ លើក​ឡើង​ថា យុវជន​​មាន​ភា​ព​ភ័យ​ខ្លាច​ ដោយ​សារ​​​បរិយាកាស​​សង្គម និង​នយោបាយ​ ត្រូវ​បាន​រឹត​ត្បិត។ លោក​មើល​ឃើញ​ថា សិទ្ធិ​សេរី​ភា​ព​នៃ​ការ​បញ្ចេញ​មតិ  សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ចូល​រួមសកម្មភាព​​សង្គម​  និង​ការ​បញ្ចេញ​ភាព​មិន​ពេញ​ចិត្ត តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ជា​ដើម​ ត្រូវ​បាន​រឹត​ត្បិត នា​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ធ្វើ​ឱ្យ​យុវជន​រឹត​តែ​ខ្លាច​។ 
 
«យើង​បាន​សួរ​គាត់(យុវជន​)​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​យើង​ មាន​បញ្ហា​ទាំង​នេះច្រើន​ តើ​ប្អូន​ៗ​ចង់​ចូល​រួម​ ក្នុង​កិច្ច​ការ​សង្គម​ដែរ​ឬ​ទេ? ភាគ​តិច​ណាស់​ ដែល​គាត់​ឆ្លើយ​ថា​ គាត់​ចង់​ចូល​រួម​​។ គាត់​ថា​មូល​ហេតុចម្បង ​ដែល​គាត់​មិន​ចង់​ចូល​រួមមាន​២ ទី​១​គឺ​ខ្លាច ដោយ​សា​រ​បរិយាកាស​មិន​អំណោយ​ទាន​​ ដល់​ការ​ចូល​រួម​។ ទី​២ គឺ​មិន​មាន​ឱកាស​ក្នុង​ការ​ចូល​រួម»​។ ​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ប៉ិច ពិសី​។
 
ដើម្បី​ឱ្យ​យុវជន​ មាន​សុវត្ថិភាព​​ផ្លូវ​ចិត្ត​ ក្នុង​ការ​ចូល​រួម​ជួយ​អភិវឌ្ឍ​ជាតិ លោក ប៉ិច ពិសី ថា​រដ្ឋាភិបាល​គួរ​តែបើក​លម្ហ​សិទ្ធិ​សេរី​ភាព ក្នុង​ការ​ចូល​រួម​ សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​  ពិសេស​ការ​បញ្ចេញ​មតិគ្រប់​រូប​ភាព​ រួម​ទាំង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ក៏​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដែរ​​។ រដ្ឋាភិបាល​គួរ ​ប្រើ​ប្រាស់​កម្លាំង និង​សក្ដា​នុពល​​យុវជន​​ ក្នុង​ការ​ចូល​រួម​កិច្ច​ការ​ងារ​សង្គម​ ចៀស​ជាងការ​​រឹត​ត្បិត​​។ លោក​ថា​ ប្រសិន​មាន​ការ​ចូល​រួម​ពី​យុវជន​ នៅ​គ្រប់​វិស័យ​ប្រទេស​ជាតិ​នឹង​រីក​ចម្រើន​​។ 
 
ជា​មួយ​គ្នា​នោះ​ អង្គការ​សង្គម​ស៊ីវិល គួរ​តែ​ជំរុញ​​យុវជន​ឱ្យ​ធ្វើ​សកម្ម​ភាព​ ចូល​រួម​ក្នុង​មូលដ្ឋាន​ និង​ភូមិ​ឃុំ​របស់​ពួក​គេ​។ ​ជំរុញ​ឱ្យ​ពួក​គេ​ ចូល​រួម​បង្កើ​ត​គោល​នយោបាយ​ផ្សេង​ៗ ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​។
 
បន្ថែម​ពី​នោះ​ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​យុវជន​ដែរ ឱ្យ​​ជំនះ​ភាព​ភ័យ​​ខ្លាច​របស់​ខ្លួន ដើម្បី​​ចូល​រួម​ផ្ដល់​មតិយោបល់​ដល់​រដ្ឋា​ភិបាល​​ ក្នុង​ន័យ​ជួយ​កែលម្អសង្គម​ និង​ធ្វើ​ឱ្យ​ជាតិ​រីក​ចម្រើន​។
លោក ប៉ិច ពិសី ​សង្កត់​ធ្ងន់​ថា ប្រទេស​ជាតិ​មួយ​មិន​អាច​រីក​ចម្រើន​បាន​ទេ ប្រសិន​ប្រជាពល​រដ្ឋ​១ភាគ​៣​នៃ​ប្រទេស​នោះ​ មិន​សកម្ម​។ ប្រជា​ពល​រដ្ឋ​គួរ​សួរ​ខ្លួន​ឯង​ថា តើ​គួរ​ទុក​វា​ស​នា​ប្រទេស​ជាតិ នៅ​ចោល​ឬ​ក៏​យ៉ាង​ណា​?៕ 
 

Tag:
 សង្គម​
  យុវជន​
 
© រក្សាសិទ្ធិដោយ thmeythmey.com