កីឡាអន្តរជាតិ
អន្តរជាតិ
Kane ថាផ្លាស់ទៅ Bayern Munich ដើម្បីឈ្នះពាន
15, Aug 2023 , 9:39 am        
រូបភាព
Harry Kane បានចាកចេញពី Tottenham Hotspur ដែលរូបគេបានប្រើពេលស្នាក់នៅរយៈពេល ១៩ឆ្នាំ ដើម្បីទៅចូលរួមជាមួយនឹងក្រុម Bayern Munich។ ប្រធានក្រុមអង់គ្លេសរូបនេះ ថាផ្លាស់ទៅក្រុមយក្សអាល្លឺម៉ង់ ដើម្បីស្វែងរកការឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព។



កីឡាករវ័យ​ ៣០ឆ្នាំ បានចូលរួមជាមួយនឹងក្រុម Bayern Munich ជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំ ដោយតាមរបាយការណ៍ការផ្ទេរមានតម្លៃ ១០០លានអឺរ៉ុ (១១០លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែមផង។ Kane បានបង្ហាញខ្លួនលេងលើកដំបូងឱ្យក្រុមអំឡុងការប្រកួត​ Bayern រងបរាជ័យ ៣-០ ក្រោមថ្វីជើង RB Leipzig ក្នុងពានរង្វាន់ German Super Cup។
 
​ទោះជារកបានគ្រាប់បាល់ច្រើនរាល់ការប្រកួតពីមួយរដូវកាលទៅមួយរដូវកាលនៅ Premier League និង Champions League ក្តី  តែខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ មិនធ្លាប់បានឈ្នះពានរង្វាន់ទាំងនៅកម្រិតអន្តរជាតិ និងកម្រិតក្លិបទាល់តែសោះ ជាពិសេសជាមួយនឹងក្រុម Tottenham Hotspur។
  


និយាយក្នុងសន្និសីទកាសែត Kane ថារូបគេចង់ទទួលបានភាពល្អប្រសើរនៃអាជីពរបស់ខ្លួន ហើយចង់ឈ្នះពានរង្វាន់អន្តរជាតិនានា ក៏ដូចជាពានរង្វាន់ Champions League។
 
«ក្នុងអាជីពរបស់ខ្ញុំ យើងចង់បន្តភាពល្អប្រសើរ ជួយរុញច្រានខ្លួនខ្ញុំបន្ថែមទៀតដើម្បីទៅឱ្យបានឆ្ងាយជាងនេះ។ ខ្ញុំចឹងប្រកួតនៅកម្រិតអន្តរជាតិ ក្នុងការប្រកួត Champions League និងប្រជែងសម្រាប់ពានរង្វាន់នានារាល់ឆ្នាំ ការផ្លាស់មកកាន់ក្រុម Bayern នឹងផ្តល់ឱ្យខ្ញុំនូវឱកាស ខ្ញុំក៏សម្លឹងមើលទៅមុខចំពោះការប្រកួតប្រជែងមួយនេះ។»។ Kane បាននិយាយបែបនេះ។
 
នៅ Spurs ​ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកបានគ្រាប់បាល់សម្រាប់ក្រុមចំនួន ២៨០គ្រាប់ ពីការបង្ហាញខ្លួន ៤៣០លើកនៅក្លិប ហើយនៅជម្រើសជាតិរូបគេបង្ហាញខ្លួន ៨៤លើក រកបាន ៥៨គ្រាប់។ Kane ក៏ជាកីឡាករទីពីរដែលរកបានគ្រាប់បាល់នៅ Premier League ច្រើនជាងគេដល់ទៅ ២១៣គ្រាប់ បន្ទាប់ពីលោក Alan Shearer ដែលមានគ្រាប់បាល់ចំនួន ២៥០គ្រាប់ លើស Kane ចំនួន ៤៧គ្រាប់។
 
Bayern កំពុងស្វែងរកខ្សែប្រយុទ្ធមុតស្រួច ចាប់តាំងពី Robert Lewandowski បានចាកចេញកាលពីឆ្នាំមុន ហើយក្រុមចាប់ផ្តើមជួបបញ្ហាក្នុងការបញ្ចប់ទី។ ​​កាលឆ្នាំ ២០២០ ​Bayern Munich ជាក្រុមម្ចាស់ជើងឯក Champions League ដែលជាពានអឺរ៉ុបចុងក្រោយដែលគេបានឈ្នះ ហើយបញ្ចប់រដូវកាលមុនដោយឈ្នះពាន Bundesliga នោះក៏ជាពានរង្វាន់លើកទី១១ ជាប់គ្នាសម្រាប់ពួកគេ៕
 

Tag:
 Harry Kane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com