អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ និង​បេឡារុស​
15, Aug 2023 , 10:09 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន លី សាងហ្វូ (Li Shangfu) ធ្វើទស្សនកិច្ចនៅរុស្ស៊ី និង​បេឡារុស​ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែសីហា ដែលនេះជាដំណើរមួយទំនងនឹងទទួលការ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ពី​សំណាក់លោកខាងលិច និងអាម៉េរិក។

 
ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី ប្រមុខការពារជាតិចិន លី សាងហ្វូ នឹងចូលរួមសន្និសីទទីក្រុងមូស្កូស្ដីពី​សន្តិសុខអន្តរជាតិ និងជួបជាមួយថ្នាក់​ដឹក​នាំ​មក​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី និងមន្រ្តីការពារជាតិប្រទេសដទៃទៀតផងដែរ។ ឯក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​បេឡារុសលោក​នឹង​ជួប​ជាមួយប្រធានាធិបតីប្រទេសនេះ និងសមភាគី​ដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន។
 
បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹង​ថ្លែង​នៅ​ក្នុង​សន្និសីទខាងលើ។ តំណាងមកពីប្រទេសប្រហែល១០០ប្រទេស និងអង្គការអន្តរជាតិ៨ត្រូវ​បាន​អញ្ជើញឱ្យចូលរួម។
 
ក្នុងសន្និសីទនេះផងដែរ ប្រទេសចូលរួមនឹងពិភាក្សាពីទិដ្ឋភាពផ្សេងៗនៃសន្តិសុខនៅក្នុងលក្ខខណ្ឌ​នៃ​ការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល មធ្យោបាយដើម្បីស្តារកិច្ចសហប្រតិបត្តិការអ​ន្តរជាតិ​ប្រកបដោយការស្ថាបនា។ 
 
ជុំវិញទស្សនកិច្ចនៅរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បន្ថែមថា មេដឹកនាំចិន និងរុស្ស៊ីបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រលើបញ្ហាផ្សេងៗ។
 
«ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈកម្រិតខ្ពស់ជាលំដាប់លើប្រធានបទយ៉ាងទូលំទូលាយរួម​ទាំង​កិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហានៃក្តីកង្វល់រួម»។ លោក Wang បានសង្កត់ធ្ងន់បែបនេះក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែសីហា។
 
គួរបញ្ជាក់ថា ចិន​និង​រុស្ស៊ី​បាន​ពង្រឹង​ទំនាក់ទំនង​យោធាដោយ​ធ្វើ​​​សមយុទ្ធយោធារួមគ្នាជាញឹកញាប់។ លោក លី បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូកាលពីខែមេសា ដោ​យប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ កាលពីខែកក្កដា លោក លី ក៏បានជួ​ប​ជាមួយ​ប្រមុខ​កង​ទ័ពជើងទឹករុស្ស៊ីនៅទីក្រុងប៉េកាំងផងដែរ៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com