អន្តរជាតិ
ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាមួយកម្ពុជា
15, Aug 2023 , 10:41 am        
រូបភាព
សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) នៅក្នុងក្រុងភ្នំពេញ។ រូបភាព Facebook Samdech Hun Sen of Cambodia
សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) នៅក្នុងក្រុងភ្នំពេញ។ រូបភាព Facebook Samdech Hun Sen of Cambodia
ក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រួមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រជាមួយកម្ពុជា។

 
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន បានធ្វើទស្សនកិច្ចនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា។ ក្នុងដំណើរទស្សនកិច្ចស្របពេលខួប ៦៥ឆ្នាំនៃការទូតប្រទេសទាំងពីរនេះ លោកវ៉ាង បានជួបថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាបានជជែកពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងមិត្តភាពជាដើម។ 
 
ក្រោយដំណើរទស្សនកិច្ចខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ចិន គាំទ្រកម្ពុជា ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍដែលស្របនឹងលក្ខខណ្ឌជាតិ រួមទាំងការការពារអធិបតេយ្យ ឯករាជ្យ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការផ្សេងៗ។ 
 
«ចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ និងកសាងសហគមន៍កម្ពុជា-ចិនជាមួយអនាគតរួមក្នុងយុគថ្មី»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា។ 
 
ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីត្បូងពេជ្ររវាងកម្ពុជា និងចិន គឺផ្តោតលើវិស័យចំនួន៦ (ឆកោណ) ក្នុងនោះមាន កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាព និងគុណភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ 
 
សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ កន្លងទៅស្របពេលទំនាក់ទំនងប្រទេសទាំងពីរ ឈានចូលដល់ខួប ៦៥ឆ្នាំ៕ 
 

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com