ជាតិ
សេដ្ឋកិច្ច
លោក សៀ ឬទ្ធី៖ យើងគួរបង្វែរពីការវិនិយោគដីធ្លី ទៅ​លើការដឹកជញ្ជូនវិញ
15, Aug 2023 , 11:07 am        
រូបភាព
លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ថ្លែងចំណាប់អារម្មណ៍ក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គោឌិន ស៊ីធី កាលពីថ្ងៃទី១១សីហា។​
លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ថ្លែងចំណាប់អារម្មណ៍ក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គោឌិន ស៊ីធី កាលពីថ្ងៃទី១១សីហា។​
លោក​ សៀ ឬទ្ធី​ ​អគ្គនាយកក្រុមហ៊ុន ​World Bridge Group បានជំរុញឱ្យវិនិយោ​គិន​ក្នុង​ស្រុក បង្វែរពីការរកស៊ីពីវិស័យដីធ្លី​ ទៅលើវិស័យដឹកជញ្ជូនវិញ ស្របពេលដែលស្ថានភាព​ជាប់​ក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចអូសបន្លាយក្នុងរយៈពេលវែង​។ បើតាមអ្នកជំនួញ​ក្នុង​វិស័យសំណង់ អចលនទ្រព្យ ដឹកជញ្ជូន និងឡូជីស្ទិករូបនេះ សព្វថ្ងៃវិស័យដឹកជញ្ជូន​កម្ពុជា​មានកំណើនល្អ។

 
ដ្បិតតែវិស័យដឹកជញ្ជូនកំពុងមានសក្តានុពល​ ប៉ុន្តែក៏ទាមទារឱ្យមានការចូលរួមអភិវឌ្ឍ បន្ថែមពីវិនិយោគក្នុងស្រុក ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានប្រកួតប្រជែង និងទាក់ទាញ​លំហូរទុនវិនិយោគពីបរទេស។ «អ្នកផលិតសម្លឹងឃើញកម្ពុជា​ ប៉ុន្តែការផលិតផលដែល​មានភាពប្រកួតប្រជែងលើតម្លៃដើម វាអាស្រ័យទៅលើដឹកជញ្ជូន ពីព្រោះវិស័យដឹកជញ្ជូន​ពាក់ព័ន្ធ​​ទៅនឹងការរកស៊ីពី១៥ ទៅ២០ភាគរយ នៃតម្លៃដើម»​។ លោក​ សៀ ឬទ្ធី ថ្លែង​បែបនេះក្នុងវេទិកាធុរកិច្ចកម្ពុជា​ឆ្នាំ២០២៣ នៅសណ្ឋាការហ្គោឌិន ស៊ីធី នាថ្ងៃទី១១សីហា។​
 
លោក សៀ ឬទ្ធី បន្តថា ៖ «ដើម្បីឱ្យវិស័យដឹកជញ្ជូនយើងមានភាពប្រកួតប្រជែងបាន យើង ត្រូវ​គិតអំពី​ហេដ្ឋា​រចនាសម្ព័ន្ធ(Logistics Infrastructure)។ នេះជារឿងមួយ​ដែល​រដ្ឋាភិបាល កំពុងវិនិយោគ តែវិស័យឯកជនក៏ត្រូវវិនិយោគរួមដែរ»។ បើតាមអ្នកជំនួញរូបនេះ ​ ការ វិនិយោគរបស់វិស័យឯកជននោះ មានការដឹកជញ្ជូនដោយមានការភ្ជាប់ជាមួយឡាន ឃ្លាំង (ឃ្លាំងស្តុកទំនិញទូទៅ, ឃ្លាំងត្រជាក់...) និងភ្ជាប់ជាមួយកន្លែងវេចខ្ចប់ទំនិញ ឬកន្លែង ប្រមូលផ្តុំដែលធ្វើឱ្យវិស័យដឹកជញ្ជូនមានភាពងាយស្រួលហើយ មានតម្លៃដើមទាប រួមទាំង មានភាពប្រកួតប្រជែង។ 
 
លោក សៀ ឬទ្ធី បានលើកឧទាហរណ៍មកពន្យល់យ៉ាងដូច្នេះ៖ « ការ​ប្រមូលសម្ភារកសិកម្ម! យើងដឹកកសិកម្មពីខេត្តផ្សេងៗ ​យកមកប្រមូលផ្តុំតែនៅរាជធានីភ្នំពេញនោះ ធ្វើឱ្យការដឹក ជញ្ជូននោះថ្លៃបាត់ទៅហើយ[...]។ ដូច្នេះយើងត្រូវមានការប្រមូលផ្តុំមួយដែលមានលក្ខណៈតំបន់ ដើម្បីធ្វើឱ្យការដឹកជញ្ជូន នោះវាថោក។ [ដូចជាផលិតផលកសិកម្ម] នៅសៀមរាប កំពង់ធំ ឧត្តរមានជ័យ កំពង់ ចាម...ទាំងអស់ យើងត្រូវបង្កើតតំបន់ប្រមូលផ្តុំមួយ»។ នេះជារឿងមួយដែលធ្វើឱ្យការដឹក ជញ្ជូនរបស់កម្ពុជា​មានភាពប្រកួតប្រជែង ព្រោះកាលណាគេនិយាយអំពីការដឹកជញ្ជូន គឺមានទាំងទៅនឹងមក ដោយមិនអាចមានតែទំនិញទៅហើយ​អត់មានទំនិញមកទេ ព្រោះវា ធ្វើការដឹកជញ្ជូនថ្លៃ។ នេះជាចំណុចទីមួយ។
 
ចំណុចទីពីរ លោក សៀ ឬទ្ធី បន្តនិយាយថា ការដឹកជញ្ជូន(Logistics) គឺជាពេលវេលា។ ដើម្បីឱ្យពេលវេលាលឿន គឺវាអាស្រ័យទៅលើឡានល្អ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវ តែល្អ។​ ចំណុចទីបី គឺការតភ្ជាប់ ព្រោះបើនិយាយអំពីការដឹកជញ្ជូនដែលថោក គឺជាការដឹក ជញ្ជូនតាមផ្លូវទឹក ប៉ុន្តែសព្វថ្ងៃនៅកម្ពុជាមិនទាន់មានការវិនិយោគណាមួយ ទៅលើវិស័យ តាមផ្លូវទឹកនៅឡើយទេ។ 
 
«ប៉ុន្តែការពិត សព្វថ្ងៃយើងមានសក្តានុពលច្រើនណាស់ ក្នុងការវិនិយោគទៅលើវិស័យ ដឹកជញ្ជូនតាមផ្លូវទឹកតាមដងទន្លេយើង ដែលយើងអាចធ្វើបាន»។ បើតាម លោក សៀ ឬទ្ធី អ្នកមានដើមទុន គឺ​អាចវិនិយោគបានទៅលើវិស័យដឹកជញ្ជូន ក្នុងការភ្ជាប់ពីផ្លូវទឹកមកឡាន ពីឡានមករថភ្លើង ហើយពីរថភ្លើងទៅកប៉ាល់...។

«ខ្ញុំសូមឱ្យមិត្តភក្តិ​យើងនៅទីនេះ​ជា​ឧកញ៉ាទាំងអស់ ​ឬ​អ្នកឧកញ៉ា​ គួរគិតគូរក្នុងការវិនិយោគ[លើវិស័យដឹកជញ្ជូន]។ ព្រោះ យើងឃើញថាវិស័យ រោងចក្រ កាន់តែមានភាពផុសផុល ប៉ុន្តែវិស័យដឹកជញ្ជូន ​ក៏ជា​វិស័យ​មួយ​ដែលយើងគិតថា វាមាននិរន្តរភាព  និងអាចមានចំណូល ហើយយើងគិតថា យើងនឹង​បង្វែរការវិនិយោគទៅ លើបញ្ហាដីធ្លី នាំគ្នាមកវិនិយោគទៅលើបញ្ហា​ដឹកជញ្ជូនឡើងវិញ»។ ​លោក សៀ ឬទ្ធីបន្ថែមបែបនេះ៕
 
 

Tag:
 ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com