កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ទទួលបានថ្លៃនឿយហត់ជាង ១៧៥លានដុល្លារក្នុងមួយឆ្នាំ ពី Al-Hilal
15, Aug 2023 , 4:39 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr បានសម្រេចផ្លាស់ទៅកាន់ក្លិប Al-Hilal ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយផ្ទេរចេញពី Paris Saint Germain ក្នុងតម្លៃជិត ១០០លានដុល្លារ។ Neymar ទទួលបានប្រាក់ពលកម្មប្រមាណ ១៧៥លានដុល្លារក្នុងមួយឆ្នាំពី Al-Hilal។



តាមរយៈការផ្សាយរបស់កាសែត L’Equipe ដ៏ល្បីរបស់បារាំង​​ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ទទួលបានប្រាក់ថ្លៃពលកម្មក្នុង ១ឆ្នាំ ប្រមាណ ១៦០លានអឺរ៉ូ (១៧៥លានដុល្លារ)។ នេះមានន័យថា Neymar ១ខែរកបាន ១៤,៦លានដុល្លារ ក្នុងមួយសប្តាហ៍តម្លៃ ៣,៣៥លានដុល្លារ មួយថ្ងៃរកបាន ៤,៩សែនដុល្លារ ឬក្នុងមួយនាទីរកបាន​ជិត ១៥,៦ម៉ឺនដុល្លារ។
 
តម្លៃនៃការផ្ទេរលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមានតម្លៃប្រមាណ ៩០លានអឺរ៉ូ (៩៩លានដុល្លារ) រួមជាមួយនឹងប្រាក់បូកបន្ថែម Add-ons ហើយការធ្វើតេស្តសុខភាពត្រូវធ្វើឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់។
 
តាមរយៈប្រភពដែលស្និទ្ធិបំផុតទៅនឹងកិច្ចព្រមព្រៀង Neymar នឹងត្រូវធ្វើតេស្តសុខភាពនៅក្នុងទីក្រុងប៉ារីសនៅថ្ងៃទី២១ ខែសីហា ហើយត្រូវបានរំពឹងបន្ថែមទៀតថាខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ នឹងធ្វើដំណើរទៅកាន់ទីក្រុង Riyadh នៅថ្ងៃទី២៣ ខែសីហា ដើម្បីបង្ហាញខ្លួនចំពោះមុខអ្នកគាំទ្រក្នុងកីឡដ្ឋាន King Fahd។ Neymar នឹងពាក់អាវលេខ ១០ ក្នុងក្លិប Al-Hilal។
 
អំឡុងស្ថិតនៅក្នុងក្រុម PSG ​កីឡាករវ័យ ៣១ឆ្នាំ បានបង្ហាញខ្លួនចំនួន ១៧៣លើក ដោយរកបានគ្រាប់បាល់ចំនួន ១១៨គ្រាប់ ដោយបានជួយក្រុមជើងខ្លាំងបារាំងឈ្នះពានរង្វាន់ Ligue 1 ៥លើក ប៉ុន្តែមិនស្ថិតក្នុងនាមជាកីឡាករសំខាន់នៅក្នុងបញ្ជីក្រុមរបស់លោក Luis Enrique។ Neymar ផ្ទេរទៅ PSG ក្នុងឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួន ២២២លានអឺរ៉ូ។
 
ក្លិប​ ​Al-Hilal ជាក្លិបដ៏ជោគជ័យមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងក្នុងទ្វីបអាស៊ី ដោយក្លិបនេះបានឈ្នះពានរង្វាន់ក្នុងស្រុកប្រមាណចំនួន ៦៦ពានរង្វាន់ និងបានកាន់កាប់កំណត់ត្រាជាក្លិបឈ្នះ AFC Champions League ច្រើនជាងគេចំនួន ៤លើក និងជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីតចំនួន ១៨លើក។ ក្លិប Al-Hilal ជាក្លិបមួយស្ថិតក្រោមគម្រោងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់អារ៉ាប៊ីសាអូឌីត៕
 
 

Tag:
 Al-Hilal
  Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com