ជាតិ
សង្គមជាតិ
ពលរដ្ឋនៅភ្នំពេញ ៥ភាគរយ​មិនប្រើប្រាស់មួកសុវត្ថិភាព
15, Aug 2023 , 6:59 pm        
រូបភាព
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ៩៥ភាគរយ ប្រើប្រាស់មួកសុវត្ថិភាព រីឯ៥ភាគរយទៀត មិនចាប់អារម្មណ៍ប្រើប្រាស់ ព្រោះយល់ថា មិនចាំបាច់។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កត់សម្គាល់ឃើញបែបនេះ ខណៈគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហានាំមុខ នៅក្នុងសង្គមកម្ពុជា។

 
ក្នុងពិធីយុទ្ធនាការបើកបរដោយសុវត្ថិភាព «មួកសុវត្ថិភាពមួយ ជីវិតមួយ» នាព្រឹកថ្ងៃទី១៤សីហា លោកស្រី មឹន មាណវី បានបញ្ជាក់ថា៖ « ៥ភាគរយនៃពលរដ្ឋរស់នៅភ្នំពេញ ដែលមិនប្រើប្រាស់មួកសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះភ្លេចឬមិនចាប់អារម្មណ៍ក្នុងប្រើប្រាស់មួកសុវត្ថិភាព ហើយគិតថាការធ្វើដំណើរនៅជិះផ្ទះនិងធ្វើដំណើរពេលយប់[អត់មានប៉ូលិសចាប់]ជាដើម»។​
 
តែយ៉ាងណាមិញ អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ​ រំពឹងថា​ពលរដ្ឋ៥ភាគរយនៅភ្នំពេញ ដែលមិនប្រើប្រាស់មួកសុវត្ថិភាពទាំងនោះ ​នឹងងាកមកចូលរួមប្រើប្រាស់មួកសុវត្ថិភាព ដើម្បីបង្ការ​ឬការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងករណីណាមួយ។ លោកស្រី មឹន មាណវី បាននិយាយយ៉ាងដូច្នេះ៖« យើងសង្ឃឹមថា​ ពលរដ្ឋនឹងមានការផ្លាស់ប្តូរឥរិយាបថ ហើយការជួយបន្តរបស់ដៃគូ​និងការខិតខំអនុវត្តរបស់ស្ថាប័នពាក់ព័ន្ធ នឹងអាចធ្វើឱ្យពលរដ្ឋដែលនៅសល់៥ភាគរយនោះ នឹងចូលរួមឱ្យមាន១០០ភាគរយក្នុងការពាក់មួកសុវត្ថិភាព»។
 


ទន្ទឹមនឹងការពាក់មួយសុវត្ថិភាពហើយនោះ ពលរដ្ឋដែលជាអ្នកបើកបរ​ ត្រូវចូលរួមគោរពច្បាប់ស្តីពិចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើដំណើរ ដោយ​មិនត្រូវបើកបរលើសល្បឿនកំណត់, មិនបើកបរក្នុងពេលស្រវឹង, ផ្តល់​, ពលរដ្ឋត្រូវគោរពសិទ្ធិអាទិភាព,​ ប្រកាន់ស្តាំ និងភាពអនុគ្រោះទៅវិញទៅមកក្នុងពេលបើកបរជាដើម...។ 
 
ជាមួយគ្នានេះ​លោក ហុក​ សិទ្ធី​ ប្រធានអង្គការស៊ីប៉ា​ ក៏មើលឃើញពីពលរដ្ឋមួយចំនួនមិនទាន់គោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ​ ដែរ។ ក្នុងន័យនេះ លោក សិទ្ធី ចង់សំដៅលើពលរដ្ឋមួយចំនួនពាក់មួកសុវត្ថិភាពនៅពេលដែលឃើញប៉ូលិសចរាចរណ៍ ដើម្បីគេចផុតពីការពិន័យ ​មិនមែនដើម្បីការពារអាយុជីវិតខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។​
 
ប្រធានអង្គការស៊ីប៉ាបន្តនិយាយដូច្នេះ៖ «អ្នកបើបរត្រូវគិតដំបូងពីខ្លួនយើង ពីជីវិតយើង មិនមែនសំខាន់លើមានប៉ូលិសឬអត់ប៉ូលិសទេ។ ព្រោះបើអត់មានប៉ូលិសយើងក៏អាចគ្រោះថ្នាក់ចរាចរណ៍ដែរ! អ៊ីចឹងបើយើងពាក់មួកសុវត្ថិភាព យើងអាចនឹងរួចជីវិតបាន»។ 
 
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២២ មានអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១,៥៤៨នាក់ និងរងរបួស២,០៧២នាក់៕​
 

Tag:
 គ្រោះថ្នាក់ចរចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com