អន្តរជាតិ
តើលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសជើងចាស់របស់ចិន មានប្រវត្តិបែបណា?
15, Aug 2023 , 8:59 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) ជាមួយលោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន នៅក្នុងខែសីហា ឆ្នាំ២០២៣។ រូបភាព AP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) ជាមួយលោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន នៅក្នុងខែសីហា ឆ្នាំ២០២៣។ រូបភាព AP
លោក វ៉ាង យី ដែលត្រូវបានសារព័ត៌មានរដ្ឋ និងអ្នកលេងបណ្តាញសង្គមហៅថា «Silver Fox ឬកញ្ជ្រោងរោមទឹកប្រាក់» នៅក្នុងខែកក្កដាកន្លងទៅ បានក្លាយជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី ក្រោយកាន់តំណែងមួយនេះជិត ១ទសវត្សរ៍ ដោយបន្ថែមពីលើតួនាទីប្រធានគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។ តើមន្រ្តីការទូតចិន ដែលមានបទសោធន៍ការទូតជាច្រើនឆ្នាំនេះ មានប្រវត្តិបែបណា?

 
លោកវ៉ាង យី ដែលជាជនជាតិហាន បានកើតនៅក្នុងខែតុលា ឆ្នាំ១៩៥៣ និងបញ្ចប់ការសិក្សាភាសាជប៉ុនពីនាយកដ្ឋានភាសាអាស៊ី និងអាហ្វ្រិក នៃសកលវិទ្យាល័យ Beijing International Studies University។ ទន្ទឹមនេះ លោកវ៉ាង ក៏បានបញ្ចប់អនុបណ្ឌិតសេដ្ឋកិច្ចផង។ 
 
នៅក្នុងឆ្នាំ១៩៨២ លោក វ៉ាង បានចូលបម្រើការនៅក្រសួងការបរទេសដំបូង និងបានក្លាយអគ្គរដ្ឋទូតចិនប្រចាំជប៉ុននៅចន្លោះឆ្នាំ២០០៤ និង២០០៧។ ដោយសារតែកិច្ចខិតខំ និងបទពិសោធន៍ការទូតជាច្រើនឆ្នាំ អតីតនិស្សិតសកលវិទ្យាល័យ Beijing International Studies University បានក្លាយជារដ្ឋមន្រ្តីការបរទេសចិន នៅក្នុងឆ្នាំ២០១៣ និងជាទីប្រឹក្សារដ្ឋនៅក្នុងឆ្នាំ ២០១៨។ 
 


ក្រោយកាន់តំណែងជារដ្ឋមន្រ្តីការបរទេសជិត ១ទសវត្សរ៍ នៅឆ្នាំ២០២២ លោកវ៉ាង បានក្លាយជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន បើទោះលោកមានវ័យ ៦៩ឆ្នាំ ក៏ដោយ។ មន្រ្តីការទូតជាន់ខ្ពស់ចិនរូបនេះ ជាបុគ្គលមួយរូប ដែលជិតស្និទ្ធ និងទុកចិត្តពីសំណាក់លោកស៊ី ជិនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។ 
  
តាមក្រឹត្យក្រមរបស់បក្សកុម្មុយនីស្តចិន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ ដែលមានអាយុចាប់ពី ៦៨ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍ ខណៈសមាជិកមានអាយុ៦៧ឆ្នាំ អាចកាន់តំណែងបន្តរហូតដល់បញ្ចប់អាណត្តិ។ 
 
នៅដើមឆ្នាំ២០២៣ លោកវ៉ាង ត្រូវបានដំឡើងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិនថែមទៀត។ ការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន ជាស្ថាប័នមួយ ដែលកំណត់ពីគោលនយោបាយការបរទេស ក៏ដូចជាពិនិត្យលើបញ្ហាទាំងអស់ ពាក់ព័ន្ធនឹងកិច្ចការបរទេស។ 
 
ចំណែកតំណែងរដ្ឋមន្រ្តីការបរទេស ត្រូវធ្លាក់លើលោក ឈីន កាង នៅក្នុងខែធ្នូ ឆ្នាំ២០២២។ យ៉ាងណាមិញ ត្រឹមរយៈពេល ប៉ុន្មានខែប៉ុណ្ណោះ លោក ឈីន ត្រូវបានសភាចិនដកតំណែងដ៏សំខាន់មួយនេះ នៅក្នុងខែកក្កដាកន្លងទៅ និងប្រគល់តំណែងរដ្ឋមន្រ្តីការបរទេស ទៅឱ្យលោកវ៉ាង កាន់ជំនួសវិញ។ ចិន មិនបានបញ្ជាក់ហេតុផល ក្នុងការដកតំណែងនេះឡើយ។ 
 
មានរហ័សនាមកញ្ជ្រោងរោមទឹកប្រាក់ដោយសារសក់របស់លោក លោកវ៉ាង ត្រូវបានចាត់ទុកជាមន្រ្តីទូតមួយរូប ដែលតែងប្រកាន់យក «ការទូតអ្នកចម្បាំងចចក» ដើម្បីឆ្លើយតបនឹងការវាយប្រហារ ឬការបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលរបស់ខ្លួន ជុំវិញបញ្ហាជំងឺកូវីដ-១៩, កិច្ចការផ្ទៃក្នុងចិន ក៏ដូចជាកោះតៃវ៉ាន់ជាដើម។
 
បច្ចុប្បន្ន លោកវ៉ាង បានកាន់តំណែងសំខាន់ៗរហូតដល់ទៅ ៣ឯណោះ ក្នុងនោះមានសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋមន្រ្តីការបរទេសចិន៕ 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com