សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីប្រទេសអ្នកមានមិនទាន់ធ្លាក់ចូលវិបត្តិក្រោយដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ?
15, Aug 2023 , 10:19 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ការបង្កើនការចំណាយរបស់រដ្ឋាភិបាល និងការរឹតបន្តឹងទីផ្សារការងារកំពុងបន្ទន់ឥទ្ធិពលនៃយុទ្ធនាការបង្កើនអត្រាការប្រាក់របស់ធនាគារកណ្តាលនៃប្រទេសអ្នកមានមួយចំនួន​ដូចជាអឺរ៉ុប និងអាម៉េរិក។

 
ធនាគារកណ្តាលមួយចំនួននៅអឺរ៉ុប និងអាម៉េរិកបានដំឡើងអត្រាការប្រាក់ ដើម្បីធ្វើឱ្យអតិផរណាធ្លាក់មកក្នុងអត្រាទាបជាងមុន​។ ប៉ុន្តែសម្ពាធ​តម្លៃ​នៅបណ្តា​ប្រទេស​អ្នក​មាន​នៅ​តែ​ស្ថិត​កម្រិត​ខ្ពស់ បើ​ទោះ​បី​ជា​មាន​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ខ្ពស់យ៉ាងណា​ក៏​ដោយ។
 
តាមទ្រឹស្តីសេដ្ឋកិច្ច កាលណាបង្កើនអត្រាការប្រាក់នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចថយចុះ ព្រោះវាធ្វើឱ្យការប្រាក់ដែលខ្ចីកាន់តែថ្លៃ បណ្តាលឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ ជាពិសេសលើការទិញធំៗដូចជាផ្ទះ ឬឡានជាដើម។ ទន្ទឹមនេះ អាជីវកម្ម​ក៏​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​កាត់​បន្ថយ​ការ​វិនិយោគក្នុង​រយៈ​ពេល​វែង ហើយការ​លក់​និង​ប្រាក់​ចំណេញ​អាច​ធ្លាក់​ចុះ​ដោយសារតែការ​អូស​បន្លាយ​តម្លៃ​ហ៊ុន។
 
ដូច្នេះហេតុអ្វីបានជាកំណើននៃអតិផរណាមិនទាន់ធ្លាក់ចុះ? មានហេតុផល ៣សំខាន់បើទោះបីជាដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់ ប៉ុន្តែមិនអាចទាញទម្លាក់អតិផរណាឱ្យធ្លាក់ចុះនោះគឺ វិបត្តិដែលបង្កពីជំងឺរាតត្បាតកូវីដ-១៩ ការចំណាយរបស់រដ្ឋាភិបាល និងការ​រឹត​បន្តឹង​ទីផ្សារ​ការងារ​ដែលកត្តារារាំងប្រសិទ្ធភាពនៃការដំឡើងអត្រាការប្រាក់ ។ 
 

 
វិបត្តិបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ រារាំងប្រសិទ្ធភាពនៃការដំឡើងអត្រាការប្រាក់ 
 
ការងើបឡើងវិញជាបន្តបន្ទាប់បានធ្វើឱ្យប៉ះពាល់ដល់ការដំឡើងអត្រាការប្រាក់។ នៅឆ្នាំ២០២០ និង២០២១ អាម៉េរិក និងប្រទេសផ្សេងទៀតបានផ្តល់ជំនួយហិរញ្ញវត្ថុរាប់ពាន់លានដុល្លារដល់គ្រួសារ។ ប្រជាជនមួយចំនួនបានសន្សំប្រាក់យ៉ាងច្រើន ដោយសារជំងឺរាតត្បាតបានរំខានដល់ទម្លាប់នៃការចំណាយធម្មតា។ 
 
អាជីវកម្មអាចនឹងចំណាយយ៉ាងច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែមានទាំងការសន្សំ និងការបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព។ ប៉ុន្តែអាជីវកម្មនៅតែបន្តជ្រើសរើសមិនប្រើប្រាស់ប្រាក់ទាំងនោះ ដោយសារកង្វះកម្មករបន្ទាប់ពីជំងឺរាតត្បាត។
 
លោក Tom Barkin ប្រធានធនាគារកណ្តាលអាម៉េរិកនៅ Richmond បាននិយាយថាមានកត្តាជាច្រើនពីអំឡុងពេលជំងឺរាតត្បាតដែលកំពុងរួមចំណែកក្នុងការទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានពីការកើនឡើងអត្រាការប្រាក់។ រថយន្ត និងសំណង់ ជាវិស័យពីរដែលងាយនឹងនាំឱ្យអត្រាការប្រាក់កើនឡើង។ 
 
ការខ្វះខាតបន្ទះឈីបដោយសារតែការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអំឡុងពេលជំងឺរាតត្បាតនាំឱ្យមានការខ្វះខាតរថយន្តសម្រាប់លក់។ 
 
ចំណែកនៅក្នុងវិស័យសំណង់ ការជ្រើសរើសបុគ្គលិកបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ ប៉ុន្តែកង្វះ​កម្មករ ​គឺជា​ឧបសគ្គ​ក្នុង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់ ដែល​ធ្វើ​ឱ្យ​វា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បីសាងសង់ផ្ទះ​នៅ​​អាម៉េរិក។ ចំនួនផ្ទះសម្រាប់លក់បានធ្លាក់ចុះ ហើយអ្នកទិញផ្ទះជាច្រើនមានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរផ្ទះ ក្នុងអំឡុងពេលដែលមានអត្រាការប្រាក់ខ្ពស់។
 
ជាធម្មតា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉ែរិក (Fed) ជំរុញឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មខ្ចីបំណុលតិចជាងមុន ព្រោះវានឹងត្រូវចំណាយប្រាក់កាន់តែច្រើនដើម្បីសងបំណុល។ ប៉ុន្តែបញ្ហាគឺថា អ្នកប្រើប្រាស់មិនបានខ្ចីប្រាក់ច្រើនទេក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារជំនួយ និងការផ្លាស់ប្តូរទម្លាប់ចំណាយក្នុងអំឡុងពេលជំងឺរាតត្បាត។ តាមពិតការទូទាត់បំណុលគ្រួសារមានត្រឹមតែ ៩,៦ភាគរយនៃប្រាក់ចំណូលដែលអាចបង់បានក្នុងត្រីមាសទី១នេះ ដែលក្រោមកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨០។
 


ការ​ចំណាយ​របស់​រដ្ឋាភិបាល ដើរបញ្ច្រាសពីគោលដៅនៃការដំឡើងអត្រាការប្រាក់ 
 
វិបត្តិថាមពលនៅអឺរ៉ុបបានរុញច្រានតំបន់នេះទៅជាវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលកាលពីរដូវរងាឆ្នាំមុន។ យ៉ាងណាមិញ អឺរ៉ុបបានជៀសវាងសេណារីយ៉ូនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់នេះ បន្ទាប់​ពីរដ្ឋាភិបាល​អឺរ៉ុប​បាន​សន្យា​គាំទ្រ​ការ​ចំណាយ​រហូត​ដល់ ៨៥០ ពាន់​លាន​ដុល្លារ។
 
នៅ​ឆ្នាំ​នេះ តម្លៃ​ប្រេង និង​ឧស្ម័ន​ធ្លាក់​ចុះ​ក៏​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ការចំណាយតិចសម្រាប់អ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តដោយកាត់បន្ថយសម្ពាធលើថវិការបស់រដ្ឋាភិបាល។ តម្លៃ​ប្រេង​មួយ​បារ៉ែល​បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ ពី​ប្រហែល ១២០ ដុល្លារ​ទៅ​ក្រោម ៧០ ដុល្លារ។ តម្លៃនេះគឺទាបជាងកម្រិតមុនពេលជម្លោះអ៊ុយក្រែនផ្ទុះឡើង។
 
នៅចិន បន្ទាប់ពីការបើកដំណើរការឡើងវិញបានគាំទ្រប្រតិបត្តិការសម្រាប់ដៃគូពាណិជ្ជកម្មជាច្រើនរបស់ខ្លួន។ នៅពេលដែលកំណើនមានភាពទន់ខ្សោយ ទីក្រុងប៉េកាំងបានបន្តដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចថ្មី។
 
ចំណែកនៅអាម៉េរិក គោលនយោបាយសារពើពន្ធនាំមកនូវភាពរឹងមាំបន្ថែមទៀតដល់សេដ្ឋកិច្ចនៅឆ្នាំនេះ។ កញ្ចប់ហេដ្ឋារចនាសម្ព័ន្ធប្រហែល ១ទ្រីលានដុល្លារដែលត្រូវបានអនុម័តដោយលោកប្រធានាធិបតី ចូ បៃឌិនក្នុងឆ្នាំ ២០២១ នៅតែត្រូវបានបញ្ចេញដើម្បីទប់ទល់ការចំណាយៗផ្សេងៗ ។ កាលពីឆ្នាំមុន ច្បាប់ចំនួនពីរក៏ត្រូវបានអនុម័តដោយផ្តល់ប្រាក់រាប់រយពាន់លានដុល្លារ ដើម្បីបង្កើនថាមពលកកើតឡើងវិញ និងការផលិតសឺមីកុងឌុចទ័រ។
 


ការរឹតបន្តឹងទីផ្សារការងារជះឥទ្ធិពលវិជ្ជមានដល់ការដំឡើងអត្រាការប្រាក់
 
ធនាគារអង់គ្លេសបានដំឡើងអត្រាការប្រាក់ជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០២១ ខណៈ ធនាគារកណ្តាលអាម៉េរិក(Fed) នៅខែមីនា ឆ្នាំ២០២២ និងធនាគារកណ្តាលអឺរ៉ុប (ECB) នៅខែកក្កដា ឆ្នាំ២០២២ដូចគ្នា។
 
ការកើនឡើងអត្រាការប្រាក់កំពុងមានផលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច។ នៅអាម៉េរិក ការជ្រើសរើសបុគ្កលិកមានការកើនឡើង ប៉ុន្តែចំនួនម៉ោងធ្វើការជាមធ្យមបានធ្លាក់ចុះនៅក្នុងខែឧសភា។ ចំនួនមនុស្សដែលដាក់ពាក្យសុំអត្ថប្រយោជន៍ពីការអត់ការងារធ្វើ ក៏បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
 
យ៉ាងណាមិញ ការធ្លាក់ចុះនៃតម្លៃថាមពល និងគ្រឿងទេសបានជួយកាត់បន្ថយអតិផរណារបស់អាម៉េរិកមកត្រឹម ៣ភាគរយ សម្រាប់ខែមិថុនា ឆ្នាំ ២០២៣ ពីកម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ៩,១ភាគរយ។ ចំនួន​ទំនិញ​ដែល​ឡើង​ថ្លៃ​ក៏​ធ្លាក់​ចុះផង​ដែរ៕ 
 

Tag:
 អត្រាការប្រាក់
  Fed
  ECB
  ចិន
 ​អឺរ៉ុប
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com