កីឡាអន្តរជាតិ
អន្តរជាតិ
នូវែលសេឡង់ចង់សហការជាមួយអូស្ត្រាលី ធ្វើម្ចាស់ផ្ទះ World Cup បុរស
16, Aug 2023 , 8:29 am        
រូបភាព
ប្រទេសនូវែលសេឡង់ចង់សហការជាមួយនឹងអូស្ត្រាលីសារជាថ្មីម្តងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup បុរស នៅឆ្នាំបន្តបន្ទាប់ទៀត។ ការលើកឡើងបែបនេះ បន្ទាប់ពីនូវែលសេឡង់ រៀបចំការប្រកួតបាល់ទាត់ពិភពលោកស្ត្រី Women’s World Cup 2023 បានរលូន ជាមួយអូស្ត្រាលី។



បើតាមនាយកប្រតិបត្តិសហព័ន្ធបាល់ទាត់នូវែលសេឡង់លោក Andrew Prag​nell ប្រទេសនូវែលសេឡង់រីករាយចំពោះការទទួលបានបទពិសោធន៍នៃការរៀបចំបាល់ទាត់ស្តី្រ World Cup 2023 ហើយបង្ហាញក្តីសង្ឃឹមថានឹងអាចចាប់ដៃគូជាមួយនឹងប្រទេសអូស្ត្រាលីម្តងទៀតដើម្បីធ្វើជាសហម្ចាស់ផ្ទះការប្រកួតរបស់បុរសម្តង។
 
World Cup 2023 ក្នុងប្រទេសទាំងពីរស្ថិតក្នុងទ្វីបអូសេអានី ជាការប្រកួតលើកដំបូងដែលមានកំណែររចនាសម្ព័ន្ធការប្រកួតដែលមានក្រុមចំនួន ៣២ចូលរួម និងប្រទេសធ្វើម្ចាស់ផ្ទះចំនួន ២លើកដំបូងដូចគ្នា។ ការប្រកួត World Cup 2023 បានបំបែកកំណត់ត្រាមានអ្នកចូលទស្សនាច្រើនបំផុតលើសពីឆ្នាំ ២០១៩។
 
«យើងពិតជារីករាយនូវបទពិសោធន៍ចំពោះការរៀបចំការប្រកួតពានរង្វាន់ដែលបានកន្លងផុតទៅ។ យើងចង់បង្ហាញថាយើងគឺពិតជារៀបចំការប្រកួតបាល់ទាត់ពិភពលោកស្ត្រីល្អបំផុត ហើយវាជារឿងធម្មតាទេដែលនៅពេលណាមួយនៅពេលអនាគតយើងនឹងធ្វើជាម្ចាស់ផ្ទះ World Cup ផ្នែកបុរស។ »។ ​នេះបើតាមសម្តីរបស់នាយកប្រតិបតិ្តសហព័ន្ធបាល់ទាត់នូវែលសេឡង់លោក Pragnell។
 
គំនិតនៃការចង់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup បុរស ប្រទេសអូស្ត្រាលីក៏តែងតែចង់រៀបចំធ្វើម្ចាស់ផ្ទះដូចទៅនឹងនូវែលសេឡង់ ប៉ុន្តែប្រទេសស្ថិតក្នុងទ្វីបអូសេអានីគឺត្រូវការកីឡដ្ឋានឱ្យសមស្របទៅនឹងតម្រូវការរបស់ FIFA។ 
 
ការរៀបចំ World Cup បុរសបានទាមទាឱ្យកីឡដ្ឋានអាចរៀបចំការប្រកួតអាចផ្ទុកចំនួនមនុស្សចូលទស្សនាប្រមាណ ៤ម៉ឺននៅក្នុងការប្រកួតវគ្គចែកពូល និង ៦ម៉ឺននាក់នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ហើយ ៨ម៉ឺននាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រ។
 
ការប្រកួត World Cup បុរសក្នុងឆ្នាំ ២០២៦ នឹងធ្វើឡើងនៅក្នុងប្រទេសចំនួន៣រួមគ្នា រួមមានប្រទេសអាម៉េរិក, កាណាដា និងម៉ិកស៊ិក៕
 

Tag:
 World Cup
  នូវែលសេឡង់
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com