FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញ ទម្លាក់ស៊ុយអែតឡើងវគ្គផ្តាច់ព្រ័ត្រ World Cup នារី លើកដំបូងក្នុងប្រវតិ្តសាស្ត្រ
15, Aug 2023 , 5:41 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់នារីអេស្ប៉ាញ កក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះ ស៊ុយអែតលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅល្ងាច ថ្ងៃទី១៥ ខែសីហា។


ការប្រកួតរវាងក្រុមជើងខ្លាំងស៊ុយអែត ជាមួយនឹងក្រុមនារីដែលកំពុងតែមានទម្រង់លេងល្អបំផុតអេស្ប៉ាញ ក្រុមទាំងពីរហាក់មានភាពប្រយ័ត្នប្រយែងរៀងៗខ្លួន បើទោះជាមានការសម្រុកគ្នាខ្លាំងទៅវិញទៅមកក្តី។ អេស្ប៉ាញហាក់មានប្រៀបខ្លាំងជាងស៊ុយអែតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតដ៏ជក់ចិត្តបំផុតនៅត្រឹមរយៈពេល ១០នាទីចុងក្រោយនៃការប្រកួត ដោយក្រុមនារីអេស្ប៉ាញបានបើកការស៊ុតនាំមុខមុនលើស៊ុយអែតនៅនាទី៨១ ដោយរកបានកីឡាការិនី Salma Paralluelo ប៉ុន្តែរយៈពេលត្រឹម ៧នាទីក្រោយកីឡាការិនី Rebecka Blomqvist សម្រាប់ស៊ុតអែតនៅនាទី ៨៧ តាមស្មើ ១-១ មកវិញ។

ជាការប្រកួតដែលបានឡើងកម្តៅខ្លាំងនៅចុងម៉ោង អេស្ប៉ាញអាចរកបានគ្រាប់បាល់នាំមុខមកវិញសារជាថ្មីនៅនាទី៩០ ដោយកីឡាការិនីខ្សែការពារ Olga Carmona។
ស្ថិតក្រោមក្រស៊ែរភ្នែកអ្នកគាំទ្រប្រមាណ ៤៣,២១៧នាក់ក្នុងកីឡដ្ឋាន​ Eden Park ស៊ុយអែតបានត្រឹមខកចិត្ត ខណៈដែលអេស្ប៉ាញរំភើបដែលឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងបំផុងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ អេស្ប៉ាញក្លាយជាក្រុមដែលគេចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្រុមនារីខ្លាំងៗ ដែលគេបានរំពឹងទុកបានធ្លាក់ចេញពីការប្រកួតអស់។

ក្រុមនារីអេស្ប៉ាញបានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំការប្រកួតទល់ក្រុមដែលឈ្នះការប្រកួតរវាងក្រុមអូស្ត្រាលី ទល់នឹងអង់គ្លេស ក្នុងការដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៦ ខែសីហា៕




Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com