អន្តរជាតិ
ប្រមុខការពារជាតិចិន ព្រមានប្រទេសដទៃកុំប៉ះបញ្ហាកោះតៃវ៉ាន់
16, Aug 2023 , 4:29 pm        
រូបភាព
លោក Li Shangfu រដ្ឋមន្រ្តីការពារជាតិចិន នៅក្នុងសន្និសីទសន្តិសុខអន្តរជាតិក្រុងមូស្គូលើកទី១១។ រូបភាព CGTN
លោក Li Shangfu រដ្ឋមន្រ្តីការពារជាតិចិន នៅក្នុងសន្និសីទសន្តិសុខអន្តរជាតិក្រុងមូស្គូលើកទី១១។ រូបភាព CGTN
រដ្ឋមន្រ្តីការពារជាតិ និងជាទីប្រឹក្សារដ្ឋចិន លី សាងហ្វូ (Li Shangfu) បានព្រមានប្រទេសដទៃកុំឱ្យលូនលាន់បញ្ហាកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាកិច្ចការផ្ទៃក្នុងខ្លួន។ បើតាមប្រមុខការពារជាតិរូបនេះ ការប៉ុនប៉ងលេងជាមួយភ្លើង ឬប្រើប្រាស់តៃវ៉ាន់ ដើម្បីគៀបសង្កត់ចិន នឹងទទួលបរាជ័យ។

 
លោក លី សាងហ្វូ រដ្ឋមន្រ្តីការពារជាតិចិន នៅថ្ងៃទី១៥ ខែសីហា បានចូលរួមក្នុងសន្និសីទសន្តិសុខអន្តរជាតិក្រុងមូស្គូ លើកទី១១។ នៅចំពោះមុខអ្នកចូលរួម លោក លី ដែលជាទឹកប្រឹក្សារដ្ឋផងនោះ បានព្រមានប្រទេសដទៃមិនឱ្យលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងខ្លួន ជាពិសេសបញ្ហាកោះតៃវ៉ាន់។ 
 
ប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់ ជាបញ្ហាផ្ទៃក្នុងចិន ហើយរដ្ឋាភិបាលក្រុងប៉េកាំងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួនឡើយ។ បើតាមលោក លី ការបង្រួបបង្រួមដែនដីទាំងពីរជានិន្នាការប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិចិន បានលើកឡើងថា ការប៉ុនប៉ងលេងជាមួយភ្លើងលើបញ្ហាតៃវ៉ាន់ ឬប្រើប្រាស់តៃវ៉ាន់ដើម្បីគៀបសង្កត់ចិន នឹងទទួលបរាជ័យ។ ប្រមុខការពារជាតិរូបនេះ មិនបានបញ្ជាក់ពីប្រទេសណាមួយឡើយ ប៉ុន្តែលោកទំនងសំដៅដល់អាម៉េរិក ដែលតែងផ្តល់ជំនួយ និងលក់អាវុធឱ្យតៃវ៉ាន់។ 
 
កន្លងមក មេដឹកនាំតៃវ៉ាន់ជាបន្តបន្ទាប់បានធ្វើទស្សនកិច្ចនៅអាម៉េរិកខាងត្បូង និងបានចុះឈប់នៅដែនដីអាម៉េរិក ដែលបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង។ ការចុះចតរបស់លោក លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់នៅក្នុងញូវយ៉កកន្លងទៅ ត្រូវបានក្រសួងការបរទេសចិន ព្រមានចាត់វិធានការឱ្យបានខ្លាំងក្លាបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។ 
 
បន្ថែមពីនេះ លោក លី បានបន្តថា យោធាចិន គាំទ្រសន្តិភាព និងស្ថិរភាពពិភពលោក។ បើតាមប្រមុខការពារជាតិរូបនេះ ចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយយោធាប្រទេសដទៃដើម្បីពង្រឹងទំនុកចិត្តទៅវិញទៅមក នៅក្នុងកិច្ចសហប្រតិបត្តិការ និងយុទ្ធសាស្រ្តសន្តិសុខយោធា។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោក លី បានជួបជាមួយសមភាគីរុស្ស៊ី លោក Sergei Shoigu ដោយជជែកពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការផ្សេងៗ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com