កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne នឹងអវត្តមានពីក្រុម Man City រយៈពេល៤ខែ
16, Aug 2023 , 4:59 pm        
រូបភាព
Kevin De Bruyne អាចនឹងខកខានជួយក្រុម Manchester City រយៈពេល ៤ខែ បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរនៅក្នុងជំនួបថ្ងៃបើកឆាកក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤។ នេះបើតាមសម្តីលោក Pep Guardiola អ្នកចាត់ការទូទៅ Man City ក្នុងសន្និសិទមុនជំនួបទល់ក្រុម Sevilla ពានរង្វាន់ UEFA Super Cup។



​Manchester City ជើងឯក Champions League នឹងត្រូវជួបប្រកួតតទល់ជាមួយនឹងក្រុម Sevilla ជើងឯកក្របខណ្ឌ Europa League សម្រាប់ប្រជែងពានរង្វាន់ UEFA Super Cup នៅរាត្រីថ្ងៃទី១៦ ខែសីហា វេលាម៉ោង២អាធ្រាត្រ។
 
De Bruyne នឹងគ្មានវត្តមានប្រកួតនៅក្នុងជំនួប UEFA Super Cup ឆ្នាំ២០២៣នេះទេ ដោយសាររបួស។ ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិកបានរងរបួសសរសៃពួ មុនពេលផ្លាស់ប្តូរចេញពីក្រុមនៅក្នុងនាទី៣៦ នៃការប្រកួតជ័យជម្នះរបស់ក្រុម Man City ៣-០ លើក្រុម​ Burnley កាលពីថ្ងៃទី១១ ខែសីហា នៃជំនួបបើកឆាកលីគកំពូលអង់គ្លេស។ 
 
«វាពិតជាធ្ងន់ធ្ងរ យើងត្រូវតែសម្រេចចិត្តលើការវ៉ះកាត់ ឬក៏មិនវ៉ះកាត់ ប៉ុន្តែគេក៏ត្រូវតែអវត្តមានក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។ ការសម្រេចចិត្តលើការវ៉ះកាត់នឹងត្រូវធ្វើឡើង នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ហើយគេក៏នឹងត្រូវសម្រាក ៣ ឬ៤ខែផងដែរ។»។ នេះបើតាមការលើកឡើងរបស់លោក​ Pep Guardiola។
 
​ការប្រកួតរវាងក្រុម Man City ទល់នឹង ​Sevilla នឹងធ្វើឡើងនៅក្នុងទីក្រុង Athens សម្រាប់ជំនួបប៉ះគ្នាលើកដំបូងបំផុតនៃក្រុមទាំងពីរនៅការប្រកួត UEFA Super Cup។
 
ក្រុម Man City អាចនឹងរកបានពាននរង្វាន់តំបន់អឺរ៉ុបនេះលើកដំបូង ស្របពេលក្រុម Sevilla ធ្លាប់ជាម្ចាស់ជើងឯក UEFA Super Cup នេះចំនួន២លើក៕
 
 

Tag:
 Kevin de Bruyne
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com