អន្តរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ថា សកម្មភាពយោធាចិនលើការសំចតនៅអាម៉េរិកជ្រៀតជ្រែកការបោះឆ្នោត
16, Aug 2023 , 8:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
អនុប្រធានាធិបតី​តៃវ៉ាន់លោក William Lai​ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប៉ារ៉ាហ្គាយ បានបញ្ជាក់ថារាល់សកម្មភាពយោធារបស់ចិនដែលឆ្លើយតបទៅនឹងការផ្លាស់ប្ដូរជើងយន្ដហោះរបស់លោកនៅអាម៉េរិក ក្លាយជាការប៉ុនប៉ងក្នុងការជ្រៀតជ្រែកការបោះឆ្នោតរបស់តៃវ៉ាន់។

 
«ប្រសិនបើចិនប្រើការផ្លាស់ប្ដូរជើងយន្ដហោះនៅអាម៉េរិកជាលេសដើម្បីចាប់ផ្តើមការបំភិតបំភ័យដោយពាក្យសំដី និងយោធា ឬវិធីគំរាមកំហែងផ្សេងៗទៀត វាបញ្ជាក់ថាចិនកំពុងព្យាយាមធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ដោយការគំរាមកំហែងផ្នែកយោធា» ។ លោក William Lai និយាយបែបនេះ។ 
 
បើតាមមន្ត្រីតៃវ៉ាន់ ចិនអាចនឹងចាប់ផ្តើមសមយុទ្ធយោធានៅសប្តាហ៍នេះ ដោយប្រើការផ្លាស់ប្ដូរជើងយន្ដហោះនៅអាម៉េរិករបស់លោក Lai ជាលេសដើម្បីបំភិតបំភ័យអ្នកបោះឆ្នោតមុនការបោះឆ្នោតនៅឆ្នាំក្រោយ សំដៅធ្វើឱ្យអ្នកបោះឆ្នោតភ័យខ្លាចសង្គ្រាម។
 
ជាមួយគ្នានេះ នៅក្នុងសន្និសីទនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បានបញ្ជាក់ថាការលេងជាមួយភ្លើងលើបញ្ហាតៃវ៉ាន់ និងការព្យាយាមដោយឥតប្រយោជន៍ដើម្បីគ្រប់គ្រងចិនជាមួយនឹងតៃវ៉ាន់គឺត្រូវបញ្ចប់ដោយបរាជ័យ។ បន្ថែមពីលើនេះ ចិនបានចាត់ទុកកោះតៃវ៉ាន់ជាបញ្ហានយោបាយ និងការទូតដ៏សំខាន់បំផុតសម្រាប់ខ្លួន ហើយវាគឺជាប្រភពនៃជម្លោះមិនឈប់ឈររវាងចិន និងអាម៉េរិក។
 
គួរបញ្ជាក់ថាលោក Lai គឺជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាប្រធានាធិបតីបន្ទាប់នៅក្នុងការបោះឆ្នោតនាខែមករាខាងមុខរបស់តៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com