ជាតិ
សង្គមជាតិ
កែប​ ក្លាយជាខេត្តទី៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
16, Aug 2023 , 9:39 pm        
រូបភាព
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ(ឆ្វេង) ប្រគល់ពានជ័យលាភីខេត្តដែលសម្រេចបាននូវODF ដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលធ្វើឡើងនៅសាលាខេត្តកែប នាថ្ងៃទី១៥សីហា។​ រូបថត៖ ក្រសួងអភិវឌ្ឍន៍ជនបទ
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ(ឆ្វេង) ប្រគល់ពានជ័យលាភីខេត្តដែលសម្រេចបាននូវODF ដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលធ្វើឡើងនៅសាលាខេត្តកែប នាថ្ងៃទី១៥សីហា។​ រូបថត៖ ក្រសួងអភិវឌ្ឍន៍ជនបទ
កែប គឺជាខេត្តគោលដៅទី៦ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវខេត្តកែប បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលាខេត្តកែប នាថ្ងៃទី១៥សីហា​។​

 
ខ្នងផ្ទះនៅក្នុងខេត្តកែបមានសរុប ៩២៧៥ខ្នង។ ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន មានចំនួន ៨ ៨៤៨ ស្មើនឹង ៩៦,៧៨ភាគរយ និងខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួមមាន ២៩៤ខ្នង ស្មើនឹង៣,២២ភាគរយ​។ ក្រោយមានការចុះផ្ទៀងផ្ទាត់ODF ពីលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជន របស់ក្រសួងអភិវឌ្ឍន៍ជនបទ កែបបានក្លាយ​​ជាខេត្តសម្រេចបាននូវ​ODF កាលពីខែមិថុនា​ ឆ្នាំ២០២៣។​
 
លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា​ ខេត្តកែបសម្រេចបាននូវODFនេះ គឺឆ្លុះបញ្ចាំងពី​ការចូលរួម និង​ការ​ប្រឹងប្រែង​របស់ខេត្តទាំងមូល រាប់ទាំងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជា​មន្ទីរពាក់ព័ន្ធ​​ដៃគូអភិវឌ្ឍន៍នានា ​​​អង្គការមិនមែនរដ្ឋាភិបាល។ ជាពិសេសការចូលរួមអនុវត្តរបស់ពលរដ្ឋចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ។ 
 
លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បានកោតសរសើរចំពោះការ​តាំងចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញឱ្យខេត្តកែបទទួល​បាន​ជោគជ័យ​ជាខេត្ត​ODF ទី​៦ នៅកម្ពុជា។ «ខ្ញុំសង្ឃឹមយ៉ាង​មុតមាំថា រដ្ឋបាលខេត្ត និង​គ្រប់ភាគីពាក់ព័ន្ធ​​ទាំង​អស់​ នៅ​តែបន្ត​ការ​ចូលរួម និង​​ជំរុញ​ការងារ​​ផ្គត់ផ្គង់ទឹក និង​អនាម័យជនបទ ជាពិសេស​គឺ​ការ​រិះរក​យន្តការ​​រក្សា​និរន្តរភាព​ខេត្ត ODF» ។ លោក អ៊ុក រ៉ាប៊ុន ថ្លែងបែបនេះក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវខេត្តកែបបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
 
បើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺជាចំណុចល្អមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបន្ថែមទៀត ខណៈអាជ្ញាធរខេត្តមានសមត្ថភាពគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ទីក្រុង ការគ្រប់គ្រងបរិស្ថាន​-អនាម័យ និងការគ្រប់គ្រងសំណល់រឹង-រាវ រួមទាំងការបញ្រ្ជាបចំណេះដឹងនានាដល់ពលរដ្ឋ...ជាដើម។​ 
 
«កិច្ចខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាមកនេះ គឺដើម្បីធានានិរន្តរភាព និងការបង្កើនភាពប្រកួតប្រជែងរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា​​ ដែលមានឈ្មោះជា ឆ្នេរសមុទ្រកម្ពុជា តារារៈទិសនិរតី»។ នេះជាការលើកឡើងរបស់លោក សោម ពិសិដ្ឋ ដែលបន្តរៀបរាប់ថា   ខេត្តកែប ធ្លាប់ទទួលបានជ័យលាភីចលនាប្រឡងប្រណាំងទីក្រុងស្អាត«ផ្ការំដួលបីទង»​ចំនួន៣លើក,​ ជ័យលាភី«ឡាប៊ែលទីក្រុងទេសចរណ៍ស្អាតអាស៊ាន» ពានរង្វាន់«ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត  រួមទាំងពានរង្វាន់«ឡាប៊ែលឆ្នេរខ្សាច់កម្សាន្រស្អាត» ជាដើម។  
 
ខេត្តកែប ក៏ត្រូវបានអាជ្ញាធរជាតិកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ប្រកាសជាខេត្តទី១ ដែលអស់គ្រាប់មីន ផងដែរ។ 
 
យោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យ ​បាន​កើន​ដល់ជាង៨០ភាគរយ នៅទូទាំងប្រទេស។ គិតត្រឹមត្រីមាសទី១ឆ្នាំ ២០២៣ មានភូមិ​ចំនួន ៧០៥៩ ឃុំចំនួន ៥៤៥ ស្រុកចំនួន ៤៦ និង​ខេត្ត សម្រេចបាន​ODFនេះ ចំនួន៦។ ក្នុងនោះ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ​ខេត្តកំពង់ឆ្នាំង  និង​ខេត្តកែប។
 
ខេត្ត​កែប នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី១០ នៅ​អំឡុង​​ខែធ្នូ ឆ្នាំ២០២៣។  ថ្មីៗ​នេះ​រដ្ឋាភិបាល​ក៏​ទើប​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ ​ស្តីពី​ការ​ដាក់ឱ្យអនុវត្ត​ផែនការមេ​អភិ​​វឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ឆ្នាំ​ ២០២៣-២០៣៥​ ផងដែរ។
 

Tag:
 ODF
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com