សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន ​ចំណាយ​ប្រាក់​ជាង១​ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​ចូល​កៅស៊ូ​ពីវៀតណាម
16, Aug 2023 , 10:19 pm        
រូបភាព
រូបភាពពី Tapchi Congthung ។
រូបភាពពី Tapchi Congthung ។
រយៈពេល៧ខែឆ្នាំនេះ ចិនបានចំណាយជាងមួយពាន់លានដុល្លារ ដើម្បីនាំចូលកៅស៊ូចំនួន ៧៥៧ ៦០០តោនពីវៀតណាមកើនឡើង១២ភាគរយបើផ្អែកលើបរិមាណ ប៉ុន្តែធ្លាក់ចុះជាង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 
ទិន្នន័យចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ការនាំចេញផលិតផលកសិកម្ម និងជលផលទៅកាន់ទីផ្សារចិនបានកើនឡើង ១២,៥ភាគរយ​​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះបន្លែ និងផ្លែឈើដែលនាំចេញទៅចិនមានតម្លៃ ២ពាន់លានដុល្លារ ខណៈដែលកៅស៊ូមានជាង ១ពាន់លានដុល្លារស្មើនឹង ៧៥៧ ៦០០តោន។
 
បើតាមសារព័ត៌មានវៀតណាម VnExpress ការ​នាំ​ចេញ​កៅស៊ូ​ទៅ​ចិន​មាន​ចំនួន ៩៩,៨២ភាគរយនៃការនាំចេញសរុប​​។ វៀតណាម​ជា​អ្នក​ផ្គត់​ផ្គង់​កៅស៊ូ​ធំ​ទី​ពីរ​ទៅ​ចិន​បន្ទាប់​ពី​ថៃ។ 
 
បើទោះបីជាការនាំចេញកៅស៊ូមានកើនឡើង ប៉ុន្តែតម្លៃបានធ្លាក់ចុះកម្រិតទាប។ តម្លៃ​កៅស៊ូ​ជា​មធ្យម​ដែល​នាំ​ចេញ​ទៅ​​ចិន​ក្នុង​ខែ​កក្កដា​មាន​តម្លៃ ១,២៩១ ដុល្លារ​ក្នុង​មួយ​តោន ធ្លាក់​ចុះ ០,៩ភាគរយធៀប​នឹង​ខែ​មិថុនា និង​ធ្លាក់​ចុះ ១៧,៩ភាគរយក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
 
នៅលើទីផ្សារពិភពលោក ចាប់ពីដើមខែសីហារហូតមកដល់ពេលនេះ តម្លៃកៅស៊ូនៅផ្សារហ៊ុនអាស៊ីសំខាន់ៗបានធ្លាក់ចុះ ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ចិនមានការលក់រថយន្តថយចុះជាងមុន​។
 
យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ការលក់រថយន្តដឹកអ្នកដំណើររបស់ចិនបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់ៗគ្នារហូតដល់ខែកក្កដា មានត្រឹមតែ ១,៧៩លានគ្រឿង ធ្លាក់ចុះ ២,៦ភាគរយធៀបពេលដូចគ្នានៅឆ្នាំមុន។
 
យ៉ាងណាមិញ បើតាមការវាយតម្លៃដោយនាយកដ្ឋាននាំចូល-នាំចេញរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្រូវការប្រើប្រាស់កៅស៊ូរបស់ចិនបានងើបឡើងវិញជាបណ្តើរៗ។ ដូច្នេះ​ក្នុង​រយៈ​ពេល​៥​ខែ​ក្រោយ​នៃ​ឆ្នាំ​នេះ ការ​នាំ​ចេញ​កៅស៊ូ​ទៅ​កាន់​ទីផ្សារ​នេះ​នឹង​កើន​ឡើង។ 
 
នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីគាំទ្រសេដ្ឋកិច្ច ខណៈដែលការស្ទុះងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាតរបស់ប្រទេសនេះមានការថយចុះ៕ 
 

Tag:
 ចិន
  វៀតណាម​
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com