អន្តរជាតិ
ចិន ​ប្រាប់អាម៉េរិកឱ្យ​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​ឯករាជ្យភាពរបស់​តៃវ៉ាន់
16, Aug 2023 , 5:39 pm        
រូបភាព
ចិននៅថ្ងៃទី១៥ ខែសីហា បានចេញមកព្រមានអាម៉េរិកឱ្យ​បញ្ឈប់​សម្មភាពគាំទ្រ​ចំពោះ​ឯករាជ្យភាពរបស់​តៃវ៉ាន់ និងការ​រួមគំនិតជាមួយ​កងកម្លាំង​ផ្តាច់ខ្លួនឯករាជ្យ​តៃវ៉ាន់។ ការព្រមានរបស់ចិននេះ បានធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតីតៃវ៉ាន់លោក William Lai​ បានឈប់សម្រាកនៅទឹកដីអាម៉េរិកក្នុងដំណើរទស្សនកិច្ចទៅប៉ារ៉ាហ្គាយ។



អនុប្រធានាធិបតីតៃវ៉ាន់លោក William Lai​​ បានធ្វើដំណើរទៅសប៉ារ៉ាហ្គាយដើម្បីចូលអបអរដល់ការឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយ។ ក្នុងដំណើរនេះ លោក William Lai​​ បានឈប់សម្រាកនៅទឹកដីអាម៉េរិក ដែលបង្កភាពមិនពេញចិត្តដល់ចិន។ 
 
បន្ទាប់ពីការឈប់សម្រាកនៅទឹកដីអាម៉េរិកនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទថា អាជ្ញាធរ​អាម៉េរិក និង​តៃវ៉ាន់បាន​រៀបចំឱ្យលោក ​ Lai ចូលរួម​សកម្មភាព​នយោបាយ​នៅអាម៉េរិក ក្រោយលេសឈប់សម្រាកប្ដូរជើងយន្តហោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះក៏បានបន្ថែមថា ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ។
 
ដោយកត់សម្គាល់បញ្ហាតៃវ៉ាន់ជាស្នូលសំខាន់កំណត់ផលប្រយោជន៍ស្នូលរវាងចិន-អាម៉េរិក លោក Wang បានជំរុញឱ្យអាម៉េរិកគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងចិន-អាមេរិកចំនួនបី បំពេញការប្តេជ្ញាចិត្តរបស់ខ្លួនលើការមិនគាំទ្រក្រុមផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ បញ្ឈប់គ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងអាម៉េរិក និងតៃវ៉ាន់ និងគោរពខ្ជាប់នូវគោលការណ៍ចិនតែមួយ។
 
លើសពីនេះ លោក Wang បានសង្កត់ធ្ងន់ថា ចិននឹងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
 
លើសពីនេះ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Lai​ ពីការមិនដកថយដោយសារការ​គំរាម​របស់ចិន លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានថ្កោលទោសការលើកឡើងរបស់លោក Lai និងព្រមានថា ទង្វើបែបនេះ នឹងនាំឱ្យ​តៃវ៉ាន់រងគ្រោះធ្លាក់ក្នុងភ្លើង​សង្គ្រាម​។ 
 
គួរបញ្ជាក់ថា ទាំងភាគីតៃវ៉ាន់ និងអាម៉េរិក បានអះអាងថា វត្តមានរបស់លោក Lai នេះគ្រាន់តែជាការឈប់សម្រាកធម្មតា និងប្រាប់ឱ្យចិនកុំមានប្រតិកម្ម ឬចាត់វិធានការបង្កហេតុណាមួយជាការឆ្លើយតប៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com