កីឡាអន្តរជាតិ
អន្តរជាតិ
Tonali ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ Newcastle និងនៅ Premier League
17, Aug 2023 , 7:59 am        
រូបភាព
អ្នកគាំទ្រក្រុម Newcastle United ដាក់ការចាប់អារម្មណ៍ខ្លាំង និងបានសរសើរដល់ទម្រង់លេងរបស់កីឡាករចំណូលថ្មី Sandro Tonali ដែលទើបផ្ទេរពីក្រុម AC Milan។ Tonali បង្ហាញខ្លួនលេងលើកដំបូងក្នុងថ្ងៃបើកឆាកក្របខណ្ឌ Premier League និងរកបានគ្រាប់បាល់ដំបូងឱ្យសិរិកាព្រៃទៀតផង។



កីឡាករខ្សែបម្រើសញ្ជាតិអ៊ីតាលី ផ្ទេរពី AC Milan កាលពីខែមុន មានតម្លៃប្រមាណ ៧០លានអឺរ៉ូ(៧៦,៥៥លានដុល្លារ)។ ផ្តើម ៦នាទីដំបូងនៃការប្រកួតដែល Newcastle United បានយកឈ្នះលើក្រុម Aston Villa យ៉ាងចាស់ដៃលទ្ធផល ៥-១ ក្នុងកីឡដ្ឋាន St. James’ Park។
 
Tonali រកបានគ្រាប់បាល់នៅត្រឹម ៦នាទីនៃការប្រកួត ហើយបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងលើទម្រង់លេងរបស់កីឡាករខ្សែបម្រើមួយនេះ។
 
យ៉ាងណារឿងរ៉ាវថ្មីបន្ថែមមួយទៀត កំពុងតែបង្ហាញការចាប់អារម្មណ៍ខ្លាំងលើខ្សែបម្រើវ័យ ២៣ឆ្នាំ ដោយរូបភាពមួយរបស់កីឡាករក្រុម Newcastle United មួយនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម X អតីត Twitter ហើយក៏បានផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនៅតាមប្រព័ន្ធផ្សព្វផ្សាយនាថ្ងៃទី១៥ ខែសីហា។
 
បើតាមការចុះផ្សាយរបស់កាសែត Chronicle ខ្សែបម្រើ Tonali បានទៅហូបអាហារនៅភោជណីដ្ឋានមួយកន្លែងដែលមានឈ្មោះថា Wetherspoons Pub ក្នុងទីក្រុង Gosforth ដោយគេបានកក់តុចូលហូបអាហារនៅទីនោះ បន្ទាប់ពីបង្ហាញខ្លួនលេងលើកដំបូងឱ្យ Newcastle រួច។
 
ភោជណីដ្ឋានឈ្មោះ Wetherspoons គឺជាទីកន្លែងលក់ម្ហូបអាហារមួយជាមួយនឹងស្រាបៀរដែលមានតម្លៃទាប សមរម្យ ហើយជាពិសេសមុខម្ហូបនៅក្នុងបញ្ជីម្ហូបអាហារភាគច្រើនគឺជាមុខម្ហូបរបស់អ៊ីតាលី សមស្របទៅនឹងកីឡាករខ្សែបម្រើសញ្ជាតិអ៊ីតាលី។ បើតាមការអះអាងពីសំណាងភោជណីដ្ឋាននោះ កីឡាករវ័យ ២៣ឆ្នាំ បានកម្មង់នូវម្ហូបបែបផាស្តារ ព្រមទាំងភេសជ្ជៈ ដោយសរុបតម្លៃប្រមាណ ១០,៣៧ផោន (១៣,១៧ដុល្លារ)។
 
មកកាន់ក្រុម Newcastle United ដោយរកបានថ្លៃពលកម្ម ១៥ម៉ឺនផោន (១៩,១៦ម៉ឺនដុល្លារ) ក្នុង១សប្តាហ៍ ប៉ុន្តែបែរជាហូបអាហារដែលមានតម្លៃសមរម្យសម្រាប់មនុស្សទូទៅ កីឡាករសញ្ជាតិអ៊ីតាលី ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង និងខ្លះទៀតបានសរសើរចំពោះកីឡាកររូបនេះថែមទៀត៕ 
 

Tag:
 Newcastle United
  Sandro Tonali
© រក្សាសិទ្ធិដោយ thmeythmey.com