កីឡាជាតិ
ជាតិ
អ្នកអត្ថាធិប្បាយកីឡា៖ ការដឹងតម្លៃផ្ទេរ ឬប្រាក់ឈ្នួល នឹងជះឥទ្ធិពលដល់កីឡាករបាល់ទាត់កម្ពុជា
17, Aug 2023 , 8:39 am        
រូបភាព
លោក ភាព សុខសម្បត្តិ ពាក់អាវខ្មៅអង្គុយ រូបពីហ្វេសប៊ុក Pheap Soksambath
លោក ភាព សុខសម្បត្តិ ពាក់អាវខ្មៅអង្គុយ រូបពីហ្វេសប៊ុក Pheap Soksambath
លោក ភាព សុខសម្បត្តិ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់លីគកំពូលកម្ពុជា និងជាអ្នកសារព័ត៌មានកីឡា បង្ហាញទស្សនៈផ្ទាល់ខ្លួនថា ការដឹង ឬមិនដឹងពីតម្លៃក្នុងទីផ្សារដោះដូរកីឡាករបាល់ទាត់កម្ពុជា មិនមែនជារឿងសំខាន់ ក្នុងវិស័យបាល់ទាត់កម្ពុជាទេ។ តម្លៃប្រាក់បៀវត្សកីឡាករ រិតតែមិនគួរបង្ហាញ ដ្បិតអាចធ្វើឱ្យកីឡាករមួយចំនួនច្រណែន។ អ្នកគាំទ្រមួយចំនួន ចង់ដឹង ព្រោះអ្នកទាំងនោះ ទទួលឥទ្ធិពលពីវប្បធម៌បាល់ទាត់នៅតំបន់អឺរ៉ុបច្រើនពេក។

 
រយៈពេល៥ឆ្នាំចុងក្រោយ សន្ទុះ នៃអ្នកគាំទ្របាល់ទាត់កម្ពុជា កើនឡើងជាខ្លាំង ទាំងការទស្សនាលើបណ្ដាញសង្គម និងការទស្សនាដោយផ្ទាល់ នៅកីឡដ្ឋាន។ ដោយឡែក ២រដូវកាលចុងក្រោយនេះក្នុងក្របខណ្ឌ CPL ក្លិបនីមួយៗ ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ទាំងកម្រិត និងសមត្ថភាពកីឡាករ ប្រហាក់ប្រហែលគ្នា។ កូតា ក្នុងការនាំយកកីឡាករអន្ដរជាតិ និងកីឡាករអាស៊ាន បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មួយចំនួន ឆ្ងល់ និងចង់ដឹងអំពីតម្លៃខ្លួន នៃការដោះដូកីឡាករ ទាំងជាតិ និងអន្ដរជាតិ លើសពីនេះពួកគេថែមទាំងចង់ដឹងពីថ្លៃពលកម្មរបស់កីឡាករទៀតផង។ តើការដឹងតម្លៃខ្លួនរបស់កីឡាករក្នុងប្រទេសកម្ពុជា មានប្រយោជន៍ដែរទេ?
 
លោក ភាព សុខសម្បត្តិ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ដោយប្រាប់ពីទស្សនៈផ្ទាល់ខ្លួនថា ការបង្ហាញនូវតម្លៃខ្លួន ឬប្រាក់បៀរវត្សរបស់កីឡាករណាមួយ មិនមានប្រយោជន៍អ្វី ដល់អ្នកគាំទ្រទេ បើទោះជាការដឹងតម្លៃខ្លួននោះ បានឆ្លើយតបទៅនិងចម្ងល់របស់ពួកគេ ក៏ដោយ។ នៅពេលកីឡាករម្នាក់ ក្នុងក្លិបជាមួយគ្នា បានដឹងពីគម្លាត ឬតម្លៃខ្លួនខុសគ្នាជាមួយកីឡាករផ្សេងទៀត អាចនាំឲ្យពួកគេ ច្រណែនគ្នា និងមិនសូវមានភាពចុះសម្រុងគ្នា។ 
 
អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ បន្ថែមទៀតថា កត្ដា ដែលឲ្យអ្នកគាំទ្រកម្ពុជា ចង់ដឹងនូវតម្លៃខ្លួន កីឡាករកម្ពុជា គឺប្រហែលជាអ្នកទាំងនោះ ទទួលឥទ្ធិពលពីវប្បធម៌បាល់ទាត់អឺរ៉ុបច្រើនពេក ព្រោះនៅតំបន់នោះ តែងប្រាប់ពីតម្លៃខ្លួនរបស់កីឡាករ ដែលផ្លាស់ប្ដូរពីក្លិបមួយ ទៅក្លិបមួយទៀត។
 
លោក សម្បត្តិ បានបន្ថែមទៀតថា អ្នកគាំទ្រ អាចយល់ថានៅអឺរ៉ុប ពេលដែលប្រាក់បៀរវត្សកីឡាករ បានផ្សព្វផ្សាយ អាចធ្វើឲ្យយុវជន ឬកីឡាករថ្នាលផ្សេងៗ មានមហិច្ឆតា ចង់ប្រឹងប្រែងធ្វើឲ្យបានដូចកីឡាកររូបនោះ។ ជាឧទាហរណ៍ កីឡាករ Kylian Mbappe ខ្សែបម្រើប្រយុទ្ធ PSG តែងប្រាថ្នា ធ្វើឲ្យដូច Cristiano Ronaldo។ អ្នកអត្ថាធិប្បាយលីគកំពូលកម្ពុជារូបនេះ បន្ថែមថា នៅកម្ពុជា មិនអាចធ្វើដូចនៅអឺរ៉ុបបានទេ ព្រោះតែការច្រណែនគ្នា។
 
អ្នកសារព័ត៌មានកីឡារូបនេះ បានបន្ដទៀតថា ជាកីឡាករ គួរតែកុំអាលគិតពីប្រាប់បៀរវត្ស មុនការពង្រឹងសមត្ថភាពខ្លួន ដើម្បីឲ្យជាប់ជាមួយក្រុមជម្រើសជាតិ ឬបានចូលរួមជាមួយក្លិបធំៗ។«ទោះដឹង មិនដឹង មិនមែនជារឿងសំខាន់របស់ខ្ញុំទេ តើក្ដីស្រម៉ៃខ្ញុំជាអ្វី យើងចង់ក្លាយជាកីឡាករ ឬជម្រើសជាតិរូបនេះ ប៉ុន្ដែ យើងអត់បានផ្ដោតលើប្រាក់បៀវត្យទេ ពេល យើង មានសមត្ថភាពទៅ យើងដឹងថាសមត្ថភាពយើង ប៉ុណ្ណាហើយ។ សម្រាប់ខ្ញុំ គិតថា មិនចាំបាច់បង្ហាញ។»។ លោក សម្បត្តិ បានប្រាប់ដូច្នេះ។
 
ការប្រាប់ពីតម្លៃខ្លួនរបស់កីឡាករ ផ្ទេរពីក្លិបមួយ ទៅក្លិបមួយ គឺជាការព្រមព្រៀងរវាងភាគីក្លិបទាំងសងខាង។ នោះ មានន័យថាអាចព្រមព្រៀងបញ្ជាក់ពីតម្លៃខ្លួនរបស់កីឡាករ ទៅកាន់អ្នកគាំទ្រ ប្រសិនជាយល់រឿងនេះ មានសំខាន់សម្រាប់ពួកគេ។ ដោយឡែកនៅកម្ពុជា កីឡាករទាំងអស់ សុទ្ធតែទទួលបានតម្លៃខ្លួន ក្នុងការផ្ទេរពីក្លិបមួយ ទៅក្លិបមួយ ប៉ុន្ដែ ប្រាក់បៀរវត្សមិនត្រូវបានផ្សព្វផ្សាយជាសារធារណៈទេ។
 
អ្នកអត្ថាធិប្បាយវ័យ ៣៤ឆ្នាំរូបនេះ ចង់ឲ្យអ្នកគាំទ្រទាំងអស់ តាមដានបាល់ទាត់ឲ្យដូចតាមដាន រឿងភាគ អញ្ចឹងដែរ។ លោក សម្បត្តិ ពន្យល់ថា ការតាមដានបាល់ទាត់ គឺមិនមែនមើលត្រឹមតែស្គាល់ពីកីឡាករ ដែលស៊ុតបញ្ចូលទីទេ ត្រូវស្គាល់ពីទម្រង់លេង កីឡាករ និងរឿងជុំវិញ ការប្រកួតទៀត។
 
«សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យអ្នកគាំទ្រ តាមដានបាល់ទាត់ ដូចតាមដានរឿងភាគ អ៊ីចឹង។ តាមដាន ថាក្លិបនេះ យ៉ាងមិច ក្លិបនោះបែបមិច ហើយកីឡាករណា យ៉ាងមិច ខ្ញុំ ចង់បណ្ដុះផ្នត់គំនិតអ្នកគាំទ្រ ឲ្យចេះតាមដានក្រៅអំពីគ្រាប់បាល់ទាត់បញ្ចូលទី។» លោក សុខសម្បត្តិ បន្ថែម៕
 

Tag:
 បាល់ទាត់
  ភាព សុខសម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com