ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រមូលចំណូលពន្ធដារបាន ២ ​៣១២លានដុល្លារ​ ក្នុងពេល៧ខែ​
17, Aug 2023 , 10:30 am        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT ​
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT ​
រយៈពេល៧ខែមកនេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យជាតិបានចំនួន៩ ៣៦៧,៤៤ ពាន់លានរៀល(ប្រមាណ ២ ៣១២,៩៥ លានដុល្លារ)។ ចំណូលនេះ គឺស្មើ៦៤,៧៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មារបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦សីហា។

 
លទ្ធផលនេះត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣​ អាចសម្រេចបានគ្រប់តាមផែនការក្នុងទំហំទឹកប្រាក់​១២ ២៨៥ ០៣៧លានរៀល(ជិត​៣០០០លានដុល្លារ) បើទោះបីកម្ពុជាប្រឈមនឹងការកើនឡើងនៃអតិផរណា និងការបាត់បង់ប្រភពទុនវិនិយោគធំៗ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោកក្តី។​
 
លោក គង់ វិបុល បានបញ្ជាក់ថា កំណែទម្រង់ និងទំនើបកម្ម​ពន្ធដារចាប់តាំងពីឆ្នាំ២០១២មក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ខណៈរដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ប្រឹងប្រែងអនុវត្តការងារកាន់តែសកម្ម ដែលធានាបាននូវនិរន្តរភាពចំណូលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រផលិតផលស្រាបៀរ  និងភេសជ្ជៈគ្មានជាតិសុរារបស់សហគ្រាសក្នុងស្រុក ដើម្បីពង្រឹងការគ្រប់គ្រងចំណូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យផលិតភេសជ្ជៈ។
 
ជាមួយគ្នានេះ អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បន្តរៀបចំប្រព័ន្ធ យន្តការដំណើរឧបករណ៍តាមដាន GPS និង RFID តាមដានរថយន្តដឹកជញ្ជូនប្រេងឥន្ធនៈ និងគ្រឿងសំណល់ និងតាមស្ថានីយ រួមទាំងវិធានការផ្សេងៗទៀតក្នុងគោលដៅពង្រឹងការប្រមូលចំណូលពន្ធ។ 
 
តាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារ(ថ្នាក់ជាតិ) អាចនឹងសម្រេចបានប្រមាណ១០៧,៥ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។
ក្រសួងបន្តរៀបរាប់ក្នុងរបាយការណ៍ស្តីពី៖លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ថា ការសម្រេចលើសផែនការក្នុងអត្រា៧,៥ភាគរយ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ៕ 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com