កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកពាន Super Cup លើកដំបូង ឯ Guardiola ក្លាយជាគ្រូដំបូងឈ្នះពានអឺរ៉ុបនៅក្លិប៣ផ្សេងគ្នា
17, Aug 2023 , 11:14 am        
រូបភាព
ក្រុម Manchester City គ្រងពានរង្វាន់តំបន់អឺរ៉ុបថ្មីមួយបន្ថែមទៀត និងជាលើកដំបូងរបស់ពួកគេ ខណៈយកឈ្នះការប្រកួតលើក្រុម Sevilla របស់អេស្ប៉ាញដើម្បីគ្រងជើងឯក UEFA Super Cup។ ​Man City ឈ្នះការប្រកួតដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៤ ក្រោយប្រកួតស្មើ ១-១ រយៈពេល ៩០នាទី។



Man City ដែលដឹកនាំដោយលោក Pep Guardiola ជាក្រុងជើងឯកពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប UEFA Champions League ហើយជាការឈ្នះលើកដំបូងសម្រាប់ពួកគេ។ ចំណែក Sevilla ជាម្ចាស់ជើងឯកពានរង្វាន់ UEFA Europa League ហើយក៏ជាកំណត់ត្រាដែលពួកគេឈ្នះពានលំដាប់ទីពីរអឺរ៉ុបដល់ទៅចំនួន ៧លើក។
 
ដំបូងឡើយក្រុម Sevilla ជាអ្នកបើកការនាំមុខមុនលើ Man City ដោយគ្រាប់បាល់នាំមុខនោះរកបានតាំងពីនាទី ២៥ ដោយកីឡាករ Youssef En-Nesyri ក្នុងវគ្គទីមួយ។ ការប្រកួតមានភាពតានតឹងខ្លាំងដោយក្រុមម្ខាងចាប់ផ្តើមវាយសម្រុកខ្លាំង ខណៈម្ខាងទៀតព្យាយាមទប់ទល់ក្រោយនាំមុខ Man City រកបានគ្រាប់តាមស្មើមកវិញនៅនាទី៦៣ ដោយការបង្ហាញទម្រង់លេងអស្ចារ្យជាថ្មីម្តងទៀតពីសំណាក់កីឡាករយុវជន Cole Palmer។
 
បញ្ចប់រយៈពេល ៩០នាទីនៃការប្រកួតក្រុមទាំងពីរបានត្រឹមបញ្ចប់ទៅដោយលទ្ធផលស្មើ ១​-១ គ្មានការបន្ថែមម៉ោង ១៥នាទី ២លើកឡើយសម្រាប់ពានរង្វាន់ Super Cup ខណៈដែលក្រុមទាំងពីរក៏មានភាពមរមាញឹកខ្លាំងក្នុងការប្រជែងពានរង្វាន់ដទៃតាមលីគរៀងៗខ្លួន។ ក្រុមទាំងពីរឈានដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ​Man City ស៊ុតបាល់ចូលទាំង ៥គ្រាប់ ស្របពេលដែលគ្រាប់ចុងក្រោយរបស់ Sevilla ត្រូវបានស៊ុតរំលងរបាទី។
 
​​ការឈ្នះពានរង្វាន់ UEFA Super Cup ធ្វើឡើងក្រោយពេលក្រុម Man City បានរងបរាជ័យក្នុងពានរង្វាន់មុនបើករដូវកាល Community Shield ចាញ់ក្រោមថ្វីជើងក្រុម Arsenal ដោយការស៊ុតបាល់កាត់សេចក្តីនេះដូចគ្នាកាលពី ១០ថ្ងៃមុន។ Man City ជាក្រុមឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល កាលរដូវកាលមុនដោយមានពានរង្វាន់ Champions League, Premier League និង FA Cup។
 
ដោយឡែកសម្រាប់លោក Guardiola ក៏បានក្លាយជាអ្នកចាត់ការដំបូងគេបង្អោះដែលឈ្នះពានរង្វាន់ UEFA Super Cup ជាមួយក្លិបចំនួន ៣ ផ្សេងគ្នា ហើយក៏តាមស្មើកំណត់ត្រារបស់លោក Carlo Ancelotti ដែលឈ្នះការប្រកួតប្រជែងពានរង្វាន់នេះ ៤លើកក្នុងនាមជាគ្រូបង្វឹក៕
 

Tag:
 UEFA
  Manchester City
  Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com