សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
WTO ថា ការដាក់​ពន្ធ​បន្ថែមរបស់ចិន​លើ​ទំនិញ​អាម៉េរិក​បំពានច្បាប់ពាណិជ្ជកម្ម
17, Aug 2023 , 2:39 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
នៅថ្ងៃទី ១៦ ខែសីហា គណៈកម្មាធិការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញថា ចិនកំពុងធ្វើសកម្មភាពមិនស្របនឹងកាតព្វកិច្ចរបស់ខ្លួន ដោយការដាក់ពន្ធបន្ថែមលើទំនិញចំនួនដែលនាំចូលពីអាម៉េរិក។

 
ចិន បានដាក់ពន្ធនាំចូលលើអាលុយមីញ៉ូម និងដែកថែបរបស់អាម៉េរិក ជាកាតឆ្លើយតបនឹងវិធានការដូចគ្នានេះរបស់រដ្ឋបាលលោក ដូ ណាល់ ត្រាំ កាលពីឆ្នាំ២០១៨។ អាម៉េរិកក៏សម្រេចប្ដឹងចិនលើរឿងនេះ។
 
ក្នុងការសម្រេចរបស់ខ្លួន គណៈកម្មាធិការដោះស្រាយវិវាទរបស់របស់ WTO បានរកឃើញថា ចិនកំពុងធ្វើសកម្មភាពមិនស្របនឹងកាតព្វកិច្ចរបស់ខ្លួន ដោយការដាក់ពន្ធបន្ថែមលើការនាំចូលទំនិញមួយចំនួនរបស់អាម៉េរិក។ បើតាមសេចក្តីប្រកាសគណៈកម្មាធិការខាងលើ ចិន​គួរ​ដោះស្រាយ​ស្ថានការណ៍​ក្នុង​របៀប​មួយ​ដែល​ត្រូវ​តាម​ច្បាប់​របស់ WTO។
 
នៅថ្ងៃដដែល ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបាននិយាយថា ខ្លួនស្វាគមន៍ការសម្រេចចិត្តរបស់ WTO ព្រោះចិនបានឆ្លើយតបមិនត្រឹមត្រូវជាមួយនឹងពន្ធមិនសមហេតុផល។
 
បច្ចុប្បន្ន ចិន​អាច​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តីសម្រេច​នេះបាន​។ ប៉ុន្តែចំណាត់ការនេះ អាចនាំទៅរកភាពចម្រូងចម្រាសផ្លូវច្បាប់មួយទៀត ដោយសារអាម៉េរិកមិនគាំទ្រស្ថាប័នបណ្តឹងតវ៉ារបស់ WTO ទេ។ 
 
កាលពីឆ្នាំមុន WTO បានសម្រេចថា ចំណាត់ការរបស់អាម៉េរិកក៏បានបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិដែរ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។
 
កន្លងមក ចិនធ្លាប់អះអាងថាខ្លួនបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយគណៈកម្មាធិការរបស់ WTO អំពីជម្លោះពាណិជ្ជកម្មនេះ ហើយបានស្នើឱ្យអាម៉េរិកដកពន្ធលើផលិតផលដែក និងអាលុយមីញ៉ូមរបស់ខ្លួនជាបន្ទាន់។ 
 
នៅឆ្នាំ ២០១៨ អាម៉េរិកបានដាក់ពន្ធលើការនាំចូល ២៥ភាគរយលើដែកថែប និង១០ភាគរយលើអាលុយមីញ៉ូមពីចិនក្នុងអំឡុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ជាការឆ្លើយតប ចិនបានប្រកាសដាក់ពន្ធបន្ថែមពី ១៥ភាគរយទៅ ២៥ភាគរយលើការនាំចូលទំនិញពីអាម៉េរិកមួយចំនួន ដែលជាវិធានការប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន៕
 

Tag:
 ចិន
  អាម៉េរិក
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com