កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ឱ្យស្នាដៃទៅ Ronaldo ដែលធ្វើឱ្យលីគអារ៉ាប៊ីសាអូឌីតល្បី
17, Aug 2023 , 4:29 pm        
រូបភាព
​Neymar Jr ដែលទើបផ្លាស់ទៅ Al-Hilal សរសើរអំពីភាពរីកចម្រើននៃលីគកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត Saudi Pro league។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល​ ឱ្យស្នាដៃទាំងអស់នេះទៅ Cristiano Ronaldo ដែលធ្វើឱ្យ Saudi Pro league លូតលាស់ដ៏លឿនរហ័ស។



ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងក្រុម  Al-Hilal កាលពីថ្ងៃទី១៥ ខែសីហា បន្ទាប់ពីចំណាយពេលវេលា ៥ឆ្នាំជាមួយនឹងក្រុម Paris Saint Germain។ តម្លៃនៃការផ្ទេរប្រមាណ ៩០លានអឺរ៉ូ (៩៨លានដុល្លារ) ដោយ Neymar ទទួលបានថ្លៃពលកម្មពីក្លិបជើងខ្លាំងអារ៉ាប៊ីសាអូឌីត ១៦០លានអឺរ៉ូ (១៧៥លានដុល្លារ) ក្នុងមួយឆ្នាំ។
 
Saudi Pro league ក្លាយជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ចាប់តាំងពី Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ផ្លាស់ទៅចូលរួមតាំងពីខែមករា ជាមួយកិច្ចសន្យា ២ឆ្នាំកន្លះ ហើយជាមួយទំហំទឹកប្រាក់ដែលទទួលបាន ២២០លានដុល្លារក្នុងមួយឆ្នាំ។ Ronaldo ចូលរួមជាមួយក្លិប Al-Nassr ក្រោយផ្តាច់កុងត្រាជាមួយនឹង Manchester United។
  


មកដល់ពេលនេះកីឡាករពីតំបន់អឺរ៉ុបប្រមាណជាង ២០រូបហើយបានផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយសុទ្ធសឹងតែជាកីឡាករល្បីឈ្មោះ ដែលធ្លាប់បានបង្ហាញសមត្ថភាពខ្លាំងនៅតំបន់អឺរ៉ុប។ ការផ្លាស់ប្តូរមកកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍យ៉ាងកំហុគមួយនេះ Neymar ថាសុទ្ធសឹងតែជាឥទ្ធិពលរបស់ Ronaldo ដែលបានបង្កឡើង។
 
«ខ្ញុំជឿថា Cristiano Ronaldo ជាអ្នកចាប់ផ្តើមឡើងនូវរឿងទាំងនេះ ហើយមនុស្សគ្រប់គ្នាបានថាគាត់ឆ្គួតនឹងប្រាក់ ហើយបែបនេះបែបនោះ។ ថ្ងៃនេះអ្នកបានឃើញលីគកំពុងរីកចំរើនខ្លាំងឡើងៗ។»។ Neymar បាននិយាយនៅក្នុងកិច្ចសម្ភាសលើកដំបូងរបស់គេបន្ទាប់ពីការផ្ទេររួចរាល់នាថ្ងៃទី១៦ ខែសីហា។
 
Saudi Pro League បានចំណាយប្រាក់ប្រមាណជិត ៦០០លានអឺរ៉ូ (៦៥២លានដុល្លារ) ដើម្បីប្រមូលយកកីឡាករល្បីៗ ក៏ដូចជាគ្រូបង្វឹកពីតំបន់អឺរ៉ុបមកដឹកនាំក្រុម។ ក្លិបធំៗចំនួន ៤ ដែល ស្ថិតក្រោមគម្រោង PIF មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ក្នុងប្រទេសនេះរួមមាន​ Al-Hilal, Al-Nassr, Al-Ittihad និង Al-Ahli។ 
 
ក្របខណ្ឌលីគកំពូលដែលកំពុងមានឈ្មោះល្បីមួយនេះបានយកកីឡាករល្បី និងខ្លាំងៗដូចគ្នា Karim Benzema ម្ចាស់ Ballon d’Or ១សម័យ ម្ចាស់ពានរង្វាន់ World Cup កីឡាករ N’Golo Kante ក៏ដូចជាកីឡាករធ្លាប់ឈ្នះ Champions League ដទៃទៀតរួមមាន Jordan Henderson, Sadio Mane និង Riyad Mahrez ជាដើម។
 
Neymar បង្ហាញភាពរីករាយរបស់ខ្លួនដែលបានលេងទល់កីឡាករខ្លាំងៗ និងមានគុណភាព សម្រាប់ការប្រកួតប្រជែងថ្មីនៅទឹកដីអារ៉ាប៊ីសាអូឌីត។ Neymar និយាយដូច្នេះថា ៖ «ខ្ញុំពិតជារីករាយ ដែលបានជួបជាមួយនឹងកីឡាករមានគុណភាពនៅក្រុមផ្សេង ដែលនឹងមកប្រកួតប្រជែងជាមួយអ្នក និងផ្តល់កម្លាំងដល់អ្នកក្នុងការលេងឱ្យល្អដូចគ្នា។ ហើយវានឹងផ្តល់គ្រប់យ៉ាងនៅពេលដែលអ្នកបានជួប Ronaldo, Benzema, Roberto Firmino ដែលជាកីឡាករពូកែ។»៕
 

Tag:
 Neymar Jr
  Saudi Pro League
© រក្សាសិទ្ធិដោយ thmeythmey.com