អន្តរជាតិ
លោក វ៉ាង យី អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិននិងអាស៊ីខាងត្បូង
17, Aug 2023 , 8:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃទី១៦ ខែសីហា ក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទីប្រាំពីរ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង។  ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទីប្រាំពីរបានប្រព្រឹត្តទៅនៅខេត្តយូណាន។



ក្នុងពិធីបើកកម្មវិធីពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទីប្រាំពីរ លោក វ៉ាង​ យី បានលើកឡើងថា ចិន និងបណ្តាប្រទេសអាស៊ីខាងត្បូងគួរតែពង្រឹងទំនុកចិត្តលើគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ គាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការអន្តរជាតិ និងតំបន់ បើកចំហសេរីភាពក្នុងតំបន់ កសាងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ ការពារផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍ និងការពារយុត្តិធម៌អន្តរជាតិ។
 
ប្រមុខការទូតចិនរូបនេះក៏ជំរុញឱ្យភាគីទាំងពីរពង្រឹងការតភ្ជាប់កាន់តែស៊ីជម្រៅ ជំរុញការសាងសង់ច្រករបៀងសំខាន់ៗ ដូចជាច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនចិន-នេប៉ាល់ ពន្លឿនការសាងសង់ច្រករបៀងសំខាន់ៗ និងគម្រោងនានា ដើម្បីជំរុញតំណើនសេដ្ឋកិច្ចក្នុងតំបន់។
 
ទាំងភាគីចិន​ និងអាស៊ីខាងត្បូងគួរតែពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ជំរុញបន្ថែមទៀតនូវការសម្របសម្រួលពាណិជ្ជកម្មជំរុញកិច្ចសហប្រតិបត្តិការវិនិយោគតាមរយៈការសាងសង់និងការតភ្ជាប់យ៉ាងជិតស្និទ្ធនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ពិភពលោក។ លោក វ៉ាង យី បានបន្ថែមបែបនេះ។ 
 
ទន្ទឹមនឹងនេះ លោក វ៉ាង ក៏បានសង្កត់ធ្ងន់ថា ពិព័រណ៍ចិន-អាស៊ីខាងត្បូងបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភពលោកទាំងមូល។
 
អ្នកចូលរួមមួយចំនួនក្នុងពិធីបើកពិព័រណ៍បាននិយាយថា បណ្តាប្រទេសអាស៊ីខាងត្បូងបានចូលរួមយ៉ាងសកម្មដើម្បីកសាងរួមគ្នាប្រកបដោយគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាមួយចិន ដែលសម្រេចបានលទ្ធផលជាផ្លែផ្កា។​
 
គួរបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ីខាងត្បូងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែសីហា។ ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋាភិបាលខេត្តយូណាន ខណៈបានទាក់ទាញអ្នកតាំងពិព័រណ៍ប្រមាណជិត២ពាន់នាក់មកពីជាង៦០ប្រទេស៕ 
 

Tag:
 ចិន
  អាស៊ីខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com