កីឡាអន្តរជាតិ
អន្តរជាតិ
Saudi FA និង UEFA ជជែកគ្នាលើលទ្ធភាពឱ្យក្លិបលីគកំពូលអារ៉ាប៊ីសាអូឌីតប្រជែង Champions League
18, Aug 2023 , 7:59 am        
រូបភាព
សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (Saudi FA) ត្រូវបានរាយការណ៍ថាបានជជែកជាមួយនឹងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ទាក់ទងនឹងលទ្ធភាពឱ្យក្លិបពីក្របខណ្ឌ Saudi Pro league ចូលរួមក្នុងការប្រកួត UEFA Champions League នៅឆ្នាំ ២០២៥។



បើតាមរយៈរបាយការណ៍ដែលផ្សាយចេញដោយគេហទំព័រកីឡារបស់អ៊ីតាលី Calcio e Finanza ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត បានរៀបចំកិច្ចពិភាក្សាជាមួយនឹង UEFA ដើម្បីនាំក្របខណ្ឌ Saudi Pro League ទៅកាន់ការប្រកួតប្រជែងក្របខណ្ឌតំបន់អឺរ៉ុប នឹងដើម្បីបង្កើនភាពលេចធ្លោនៃលីគបាល់ទាត់ប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍មួយនេះ។
 
Cristiano Ronaldo នៅក្លិប Al-Nassr, Karim Benzema នៅក្លិប Al-Ittihad និង Neymar Jr ទើបផ្លាស់ទៅក្លិប Al-Hilal ​សុទ្ធសឹងជាកីឡាករល្បីឈ្មោះខ្លាំងពីតំបន់អឺរ៉ុបដែលបានផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករល្បីច្រើនរូបទៀតរួមមាន Sadio Mane, Ruben Neves, N’Gogo Kante, Marcelo Brozovic និង Roberto Firmino ជាដើម។



មូលហេតុដែល Saudi FA បានដាក់សំណើរទៅកាន់ស្ថាប័នបាល់ទាត់កំពូលរបស់អឺរ៉ុប ព្រោះតែក្របខណ្ឌ Saudi Pro league កំពុងតែក្លាយជាទីកន្លែងដ៏ចាប់អារម្មណ៍បំផុតពីសំណាក់កីឡាករដែលមកពីអឺរ៉ុប ហើយធ្លាប់បង្ហាញខ្លួនលេងនៅក្នុងក្របខណ្ឌ Champions League។ ទោះជាយ៉ាងណាឥទ្ធិពលនៃការផ្ទេរកីឡាករតំបន់អឺរ៉ុបទៅកាន់ Saudi Pro League នឹងមិនស្ថិតជារឿងស្ថិតស្ថេរនៅឡើយ ដែលជាហេតុត្រូវជំរុញឱ្យការជជែកគ្នាធ្វើយ៉ាងណាឱ្យឆាប់ទទួលបានជោគជ័យ។
 
ប្រសិនបើក្លិបស្ថិតក្នុង Saudi Pro League ទទួលបានការអនុញ្ញាតដើម្បីប្រជែងក្នុងពានរង្វាន់អឺរ៉ុប Champions League នៅក្នុងឆ្នាំ ២០២៥ ក្លិបទាំងអស់ស្ថិតក្នុងលីគកំពូលនឹងត្រូវប្រជែងតំណែងជើងឯកនៃលីគ ដើម្បីអាចទទួលបានសំបុត្រទៅកាន់ ​Champions League។
 
មួយវិញទៀតបើការដាក់សំណើរនោះមានភាគរយខ្ពស់ក្នុងការទទួលយកពីសំណាក់ UEFA វានឹងធ្វើឱ្យកីឡាករក្នុងលីគអារ៉ាប៊ីសាអូឌីតកាន់តែមានទឹកចិត្តខ្លាំងបន្ថែមទៀតក្នុងចំណោមកីឡាករល្បីៗពីតំបន់អឺរ៉ុបក្នុងការប្រកួតប្រជែងខ្លាំងនៅក្នុងលីគដើម្បីដណ្តើមកៅអីពានរង្វាន់តាមតំបន់។ ទោះជាយ៉ាងណា ភាពមិនសប្បាយចិត្ត និងប្រតិកម្មរបស់អ្នកគាំទ្រតំបន់អឺរ៉ុប អាចនឹងជះឥទ្ធិពលអវិជ្ញមានដល់កិច្ចពិភាក្សានោះ៕
 

Tag:
 Saudi Pro League
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com