កីឡាជាតិ
ជាតិ
ក្រោយឈ្នះ Young Elephant ភ្នំពេញក្រោននឹងរក្សាក្បួនដដែល ពេលប៉ះក្រុមសិង្ហបុរី Tampines Rover
18, Aug 2023 , 8:39 am        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និង Young Elephant FC
ការប្រកួតរវាងភ្នំពេញក្រោន និង Young Elephant FC
ភ្នំពេញក្រោន ត្រូវបន្តប្រកួតជាមួយក្រុមសិង្ហបុរី Tampines Rover នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្រោយឈ្នះ Young Elephant FC ជើងឯកលីគកំពូលឡាវ ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួត AFC Cup វគ្គជម្រុះបឋម នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី១៦ ខែសីហា។ Andres Nieto ខ្សែបម្រើភ្នំពេញក្រោន អះអាងថាក្រុមខ្លួននឹងរក្សាក្បួនលេងដដែលពេលប៉ះក្រុមសិង្ហបុរី ដើម្បីដណ្តើមកៅអីទៅវគ្គចែកពូល AFC Cup។

 
បន្ទាប់ពីឈ្នះ ម្ចាស់ជើងឯកលីគកំពូលឡាវ Young Elephant FC ក្នុងលទ្ធផល ៣-០ ក្លិប​បាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ត្រូវត្រៀមខ្លួនប្រកួតជាមួយ Tampines Rover ក្រុមលេខ៣ នៃលីគកំពូលសិង្ហបុរី នៅប្រទេសសិង្ហបុរី។ ប្រសិនជាឈ្នះការប្រកួតនេះទៀត ភ្នំពេញក្រោន នឹងមានកៅអីប្រកួត AFC Cup វគ្គចែកពូល។ ជាមួយជ័យជម្នះនេះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា ភ្នំពេញក្រោន បានគ្រប់គ្រងបាល់ និងឱកាសបានច្រើនជាងក្រុមភ្ញៀវ។ ជាពិសេសទៀតនោះ លោក Oleg សរសើរថា ប្រព័ន្ធការពារខ្លួនល្អ បើទោះជា Young Elephant FC មានឱកាសវាយបក ២ ទៅ ៣ដងក៏ដោយ។
  


ដោយឡែក ក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួត ខ្សែបម្រើឆ្នើមភ្នំពេញក្រោន Andres Nieto បានប្រាប់ថា ការយកជ័យជម្នះនេះ មិនមែនងាយស្រួលទេ ដោយគូប្រកួត ការពារច្រើន ប៉ុន្ដែនៅពេល ដែលមានគ្រាប់បាល់ទី១ និងទី២ ធ្វើឲ្យប្រព័ន្ធលេងរបស់ក្រុមភ្ញៀវ ប្រែក្លាយជាមិនសូវល្អ។ ខ្សែបម្រើប្រយុទ្ធអន្តរជាតិកូឡំប៊ីរូបនេះ បន្ថែមទៀតថា ក្រុមរបស់ខ្លួន នឹងបន្ដការលេងបែបនេះ នៅប្រកួតបន្ទាប់ ជាមួយ Tampines Rover។ ចំពោះការលម្អិតបែបណានោះ កីឡាកររូបនេះ មិនបានបញ្ជាក់ទេ ប៉ុន្ដែគ្រាន់តែប្រាប់ នឹងអនុវត្តតាមគ្រូបង្វឹក ហើយអនុវត្តតាមទម្លាប់របស់ក្រុម។
 
«យើង មានពេលខ្លី ត្រូវប្រកួតជាមួយ Tampines Rover ដូច្នេះ យើងត្រូវធ្វើតាមគ្រូ ក៏ដូចជាក្បួនខ្នាតរបស់ក្រុមយើង។» កីឡាករជនជានកូឡុំប៊ី រូបនេះ បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Tampines Rover នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jalan Besar ប្រទេសិង្ហបុរី ក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះបឋមលើកទី២។ ប្រសិនជាក្រុមណាឈ្នះ នោះ នឹងមានកៅអីទៅវគ្គជម្រុះ ក្នុងពូល៕
 

Tag:
 បាល់ទាត់
  AFC Cup
  Andres Nieto
© រក្សាសិទ្ធិដោយ thmeythmey.com