កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថាឈ្នះពាន League Cup នឹងក្លាយជាកំណត់ត្រាដ៏អស្ចារ្យសម្រាប់ Inter Miami
18, Aug 2023 , 12:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាការនាំក្រុម Inter Miami ឈ្នះពានរង្វាន់លើកដំបូងសម្រាប់ពួកគេនឹងក្លាយជាកំណត់ត្រាដ៏អស្ចារ្យសម្រាប់ក្រុមអាម៉េរិកមួយនេះ។ Messi ដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់កំពូលៗលើពិភពលោករួមទាំង World Cup ផង លើកឡើងដូច្នេះ មុនពេលត្រូវដឹកនាំ Inter Miami តទល់ Nashville SC នៅវគ្គផ្តាច់ព្រ័ត្រ។



Inter Miami ជាក្រុមស្ថិតនៅបាតតារាងនៃក្របខណ្ឌ Major League Soccer (MLS) Eastern Conference ហើយក៏ជារដូវកាលដ៏ពិបាកសម្រាប់ពួកគេក្នុងការប្រជែងដើម្បីអាចបន្តដំណើរទៅកាន់វគ្គបន្ទាប់។ ប៉ុន្តែចាប់តាំងពី Messi បានមកចូលរួមជាមួយក្រុមស្ថិតក្នុងប្រទេសអាម៉េរិក ក្រុមដែលមានម្ចាស់ជាអតីតកីឡាករដ៏ល្បី David Beckham ចាប់ផ្តើមបង្កើតរឿងរ៉ាវអស្ចារ្យជាបណ្តើរៗ។
 
កាលពេលថ្មីៗនេះ Inter Miami បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ League Cup លើកដំបូងក្រោយពួកគេបានប្រកួតឈ្នះក្រុម Philadephia Union លទ្ធផល ៤-១។ ការប្រកួតនោះ Messi រកបានគ្រាប់បាល់ទី៩ របស់ខ្លួនសម្រាប់ Inter Miami។
 
ធ្វើដំណើរជាមួយនឹង Inter Miami បាន ៦ប្រកួតកន្លងមក Messi តែងចូលរួមចំណែកដ៏ធំនៅក្នុងក្រុម ដោយគេរកបានគ្រាប់បាល់ចំនួន ៩គ្រាប់ រហូតជួយក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ដោយត្រូវជួបតទល់ក្រម Nashville SC។​ មុនការប្រកួតមកដល់ Messi បានប្រាប់អ្នកកាសែតថាការឈ្នះពាននៅ Miami នឹងក្លាយជារឿងដ៏អស្ចារ្យសម្រាប់រូបគេ និងអ្នកគាំទ្រក្លិប។
 
«មែនហើយ វាពិតជាមិនគួរឱ្យជឿមែនទេ? ទាំងសម្រាប់ខ្ញុំ និងគ្រប់គ្នាដែលបានគាំទ្រដល់ក្លិប។ សម្រាប់អ្នកគ្រប់គ្នាដែលបាននាំក្លិបទទួលបានឱកាសដ៏ធំមួយនេះ ព្រមទាំងបានជួយឱ្យក្លិបរីកចំរើន និងបាននាំក្រុមដល់ចំណុចកំពូលនៃពិភពលោក ការឈ្នះពានរង្វាន់ជារឿងសំខាន់បំផុត។ វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។»។ Messi  បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
ក្រោយពេលចំណាយពេលជាមួយក្លិប Paris Saint Germain ២រដូវកាល និងជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 នៅប្រទេសកាតាកាលពីខែធ្នូ Messi បាននាំមកនូវជ័យជម្នះអំពីវប្បធម៍បាល់ទាត់ពីតំបន់អឺរ៉ុបទៅកាន់ក្រុម Inter Miami។
 
ក្លិប Inter Miami បានតែងតាំងគ្រូបង្វឹកលោក Gerardo Martino ឬ Tata កាលពីខែមុន បន្ទាប់មកក្រុមក៏បានចុះកិច្ចសន្យានាំយក Messi និងអតីតមិត្តរួមក្រុមរបស់ពួកគេ Jordi Alba និង Sergio Busquets បានជួយធានាកៅអីសម្រាប់ពានរង្វាន់ CONCACAF Champions League ជាមួយនឹងការប្រកួត League Cup វគ្គផ្តាច់ព្រ័ត្ររបស់ពួកគេ។ ក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង ៣ នៅ League Cup ឈ្នះកៅអីប្រកួតពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អាម៉េរិកខាងជើង CONCACAF Champions League៕
 
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com