ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលបានទុនវិនិយោគចំនួន​៨,១ពាន់លានដុល្លារ ពីតំបន់សេដ្ឋកិច្ចពិសេស
18, Aug 2023 , 2:39 pm        
រូបភាព
រូបតំណាង៖ សកម្មភាពនៅរោងចក្រផលិតកង់មួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ រូបថត៖​ CDC
រូបតំណាង៖ សកម្មភាពនៅរោងចក្រផលិតកង់មួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ រូបថត៖​ CDC
តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជានាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគ​សរុប៨,១ពាន់លានដុល្លារអាម៉េរិក។ ការនាំទំនិញចេញពីតំបន់នេះទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ២៥,៧ពាន់លានដុល្លារ។ ទិន្នន័យនេះត្រូវបានបង្ហាញដោយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) គិតចាប់ពីឆ្នាំ២០១១ ដល់ឆមាសទី១ ឆ្នាំ២០២៣។

 
តំបន់សេដ្ឋកិច្ចពិសេស(Special Economic Zone) បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធសេដ្ឋកិច្ចកម្ពុជា ទាំងផ្នែកឧស្សាហកម្ម ​និងទាំងប្រភពទុនវិនិយោគពីបណ្តាប្រទេសនានា។ ជាង១១ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជា បានផ្តល់ការងារជូនប្រជាពលរដ្ឋ ១៧៥ពាន់កន្លែង។ ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារហ្គោឌិន ស៊ីធី នាថ្ងៃទី១១សីហា លោក ជា វុទ្ធី បានបញ្ជាក់ថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានវិស័យដែលមិនមែនជាឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរមានរហូតដល់ ៩០,៣ភាគរយ។ 
 
«ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីស្ថិតក្នុងដំណាក់កាលរីករាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏បរិមាណនៃការនាំចេញពីតំបន់នេះមានការកើនឡើងជាលំដាប់»។ នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃ CDC ។ 
 
លោក បន្តថា កាលឆ្នាំ២០១១ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមានត្រឹមប្រមាណ៤ភាគរយនៃចំណែកការនាំចេញសរុប ហើយការនាំចេញនោះបានកើនជាបន្តបន្ទាប់ដល់អត្រា២៣ភាគរយក្នុងឆ្នាំ២០២២។ សម្រាប់ឆមាសទី១ឆ្នាំ២០២៣ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ​ក៏បង្ហាញនូវកំណើនជាវិជ្ជមាន ផងដែរ។ 
 
បើតាមលោក ជា វុទ្ធី ការនាំចេញរបស់កម្ពុជា​ពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់​១ ៣៩២លានដុល្លារ​ ក្នុងឆមាសទី១ ឆ្នាំ២០២៣។ ទំនិញនាំចេញពីតំបន់នេះ មានសំបកកង់រថយន្តមានតម្លៃ ១២៥លានដុល្លារ, គ្រឿងសង្ហារឹម និងផលិតផលពីឈើមានតម្លៃ១៥៤លានដុល្លារ, ឈើវ៉ែនី និងបន្ទះក្តារប្លាកេ​ មានតម្លៃ៧៩លានដុល្លារ, អំពូលលម្អអគ្គិសនី មានតម្លៃ១១៨លានដុល្លារ, ខ្សែភ្លើង និងបង្គុំខ្សែភ្លើ មានតម្លៃ១៨៨លានដុល្លារ, គ្រឿងបន្លាស់រថយន្ត មានតម្លៃ១២៨លានដុល្លារ, គ្រឿងបំណែកអេឡិចត្រូនិក មានតម្លៃ ២៦២លានដុល្លារ រួមទាំងកង់ និងគ្រឿងបង្គុំកង់ មានតម្លៃ៣៣៨លានដុល្លារ។ ទាំងនេះវិស័យសំខាន់ៗ ដែលចូលរួមធ្វើពិពិធកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃការនាំចេញរបស់កម្ពុជា​។
 
បច្ចុប្បន្នកម្ពុជា​មានក្រុមហ៊ុនផលិតសំបកកង់រថយ​ន្តចំនួន៣កន្លែង ខណៈក្រុមហ៊ុន​ចំនួន២​ ទៀត កំពុង​សិក្សា​ពី​ទីតាំង​ដើម្បី​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​នៅ​កម្ពុជាផងដែរ។  លោក ជា វុទ្ធី​ ថ្លែងថា​៖ « ឧស្សាហកម្ម​ផលិត​សំបក​កង់​យានយន្ត​នៅ​កម្ពុជា ​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដោយ​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​នឹងមាន​ក្រុមហ៊ុន២បន្ថែមទៀត ​ព្រោះបច្ចុប្បន្នយើង​កំពុង​ចរចា​ជ្រើសរើស​ទីតាំង​នៅតាម​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​»​។​
 
សូមជម្រាបថា ក្រុមហ៊ុនផលិតសំបកកង់រថយ​ន្តចំនួន៣ដែលកំពុងដំណើរការនោះ គឺមាននៅក្នុងខេត្តស្វាយរៀង(ក្រុងបាវិត) ខេត្តព្រះសីហនុ ​និងខេត្តក្រចេះ៕ 
 

Tag:
 វិនិយោគ
  តំបន់សេដ្ឋកិច្ចពិសេស​
© រក្សាសិទ្ធិដោយ thmeythmey.com