កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne, Messi និង Haaland បេក្ខភាព៣រូបចុងក្រោយ ប្រជែងពានកីឡាករល្អប្រចាំឆ្នាំរបស់ UEFA
18, Aug 2023 , 3:19 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi, Kevin De Bruyne និង Errling Haaland ត្រូវបានប្រកាសជាកីឡាករកំពូលទាំង៣ចុងក្រោយ ដែលត្រូវប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men’s Player of the Year 2022-23) ពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នាថ្ងៃទី១៧ ខែសីហា។


UEFA ថ្ងៃទី១៧ ខែសីហា បានប្រកាសអំពីឈ្មោះកីឡាករល្អៗចំនួន ៣រូប សម្រាប់ប្រជែងពានរង្វាន់កីឡាករល្អប្រចាំ ២០២២-២៣ របស់ស្ថាប័នបាល់ទាត់អឺរ៉ុបមួយនេះ ដោយផ្អែកលើទម្រង់លេងដែលកីឡាករទាំងនោះបានបង្ហាញនៅក្រុមរបស់ពួកគេព្រមទាំងនៅជម្រើសជាតិដូចគ្នា។ ការប្រកាសអំពីកីឡាករដែលឈ្នះពានរង្វាន់នេះ នឹងធ្វើឡើងនៅក្នុងថ្ងៃចាប់ឆ្នោតចែកពូលសម្រាប់ការប្រកួត UEFA Champions League រដូវកាល ២០២៣-២៤ ដោយធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ក្នុងទីក្រុង​ Monaco។
 
ស្ថិតក្នុងកម្មវិធីដែលមួយ UEFA ក៏នឹងផ្តល់នូវពានរង្វាន់សម្រាប់គ្រូបង្វឹកដ៏ល្អនៅក្នុងរដូវកាល ២០២២-២៣ ផងដែរសម្រាប់ពានរង្វាន់ UEFA Men’s Coach of the Year។ គ្រូបង្វឹកទាំង៣រូប ដែលមានឈ្មោះរួមមាន Pep Guardiola អ្នកចាត់ការ Manchester City, លោក Simone Inzaghi អ្នកចាត់ការ Inter Milan និង លោក Tamara Spalletti អ្នកចាត់ការ SSC Napoli។
 


​កីឡាករដែលត្រូវពានរង្វាន់ UEFA Men’s Player of the Year ទាំង៣ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេបង្អស់រួមមានខ្សែប្រយុទ្ធ Lionel Messi, ខ្សែបម្រើ Kevin De Bruyne និងខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Errling Haaland។
 
សម្រាប់ពានរង្វាន់ UEFA ទៅលើកីឡាករ និងគ្រូបង្វឹក ភាគច្រើនគឺមកពីក្រុម Manchester City ហើយហាក់បីដូចកំពុងគ្រប់គ្រងលើបញ្ជីបេក្ខភាពទាំងនេះផងដែរ។ Haaland, Kevin De Bruyne និង Pep Guardiola សុទ្ធសឹងតែជាបុគ្គលជាប់ឈ្មោះនៅលើបញ្ជីឈ្មោះចុងក្រោយរបស់ UEFA។
 
Haaland និង De Bruyne ឈរឈ្មោះជាមួយនឹងម្ចាស់ពានរង្វាន់ World Cup 2022 ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បន្ទាប់ពីកីឡាករមិត្តរួមក្រុមទាំងពីរបានជួយក្រុមឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។ Haaland រកបាន ៥២គ្រាប់ ពី ៥៣ប្រកួតសម្រាប់ Man City ដែលជាកំណត់ត្រាថ្មីក្នុងរដូវកាលរបស់ Manchester City និងឈ្នះស្បែកជើងមាសថែមទៀត។
 
ទន្ទឹមនឹងនេះ De Bruyne ជាកីឡាករដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតច្រើនជាងគេបំផុតនៅ Premier League និង Champions League ដោយគេបានបញ្ជូន ១៦ក្នុងលីគ និង ៧គ្រាប់ក្នុងការប្រកួតពានរង្វាន់ដទៃទៀត។
 
សម្រាប់ Messi រូបគេទទួលបានជោគជ័យក្នុងការកាន់ពាន World Cup ដោយរកបាន ២គ្រាប់ក្នុងការប្រកួតចុងក្រោយទល់បារាំង នឹងបានជួយក្រុម PSG ឈ្នះពានរង្វាន់ Ligue 1 បន្ទាប់ពីបានស្វែងរកទម្រង់លេងល្អរបស់គេនៅក្លិបយក្សបារាំងមួយនេះ។
 
ទោះជាយ៉ាងណាកីឡាករទាំងបីរូបនេះនឹងត្រូវទទួលរង់ចាំការបោះឆ្នោតគាំទ្រជាបន្តទៀតដើម្បីអាចក្លាយជាបុគ្គលឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំរបស់ UEFA បាន៕
 

Tag:
 UEFA
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com