អន្តរជាតិ
អាម៉េរិកគ្រោងដំឡើងពន្ធដែក សំណ ដែលនាំចូលពីចិន អាល្លឺម៉ង់ កាណាដា
18, Aug 2023 , 7:39 pm        
រូបភាព
បុគ្គលិក​ធ្វើការ​នៅ​រោងចក្រ​ដែក​នៅទី​ក្រុង Qian
បុគ្គលិក​ធ្វើការ​នៅ​រោងចក្រ​ដែក​នៅទី​ក្រុង Qian'an ខេត្ត Hebei ។ រូបភាពពី Xinhua ។
អាម៉េរិកគ្រោងនឹងដាក់លើដែក សំណ ដែលនាំចូលពីចិនក្នុងអត្រា១២២,៥ភាគរយ អាល្លឺម៉ង់ ៧,០២ភាគរយ និងកាណាដា ៥,២៩ភាគរយ។ ការបន្ថែមពន្ធនេះក្នុងគោលបំណងការពារក្រុមហ៊ុនក្នុងស្រុក។

 
នៅថ្ងៃទី១៧ ខែសីហា ក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយថា ខ្លួននឹងកំណត់ពន្ធលើដែក សំណ ដែលនាំចូលពីចិន អាល្លឺម៉ង់ និងកាណាដា ដើម្បីការពារក្រុមហ៊ុនផលិតដែកក្នុងស្រុក ដែលជំរុញឱ្យមានការឡើងថ្លៃខ្ពស់ផលិតផលនានាដែលធ្វើពីដែក។ 
 
ផលិតផលដែក សំណដែលនាំចូលពីចិននឹងត្រូវជាប់ពន្ធ ១២២,៥ភាគរយ អាល្លឺម៉ង់ ៧,០២ភាគរយ និងកាណាដា ៥,២៩ភាគរយ។ ក្រសួងគ្រោងអនុម័តការដំឡើងពន្ធនេះចាប់ពីដើមឆ្នាំ ២០២៤។ 
 
ក្រសួងពាណិជ្ជកម្មបានរកឃើញថា ក្រុមហ៊ុនផលិតដែកមកពីប្រទេសទាំងបីកំពុងលក់ផលិតផលដែកសំណ នៅអាម៉េរិកក្នុងតម្លៃទាបមិនយុត្តិធម៌។ ផលិតផលរបស់ចិនត្រូវបានដំឡើងពន្ធខ្ពស់ជាងគេ ដោយសារតែក្រុមហ៊ុនទាំងនោះបដិសេធមិនសហការជាមួយនឹងការស៊ើបអង្កេតរបស់ក្រសួង។
 
ដើមហេតុនៃការដំឡើងពន្ធនេះ ដោយសារកាលពីខែមករាឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មសហការជាមួយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាម៉រិកបានស៊ើបអង្កតជុំវិញញត្តិដែលទទួលបានពីក្រុមហ៊ុនដែកថែប United និង Cleveland-Cliffs នៅរដ្ឋ Ohio ដែលជាម្ចាស់រោងម៉ាស៊ីនកិនសំណប៉ាហាំងមួយក្នុងចំណោមរោងម៉ាស៊ីនកិនសំណប៉ាហាំងមួយចំនួនដែលនៅសេសសល់ ។ ក្រុម​ហ៊ុនទាំងនេះ​លើក​ហេតុផល​ថា ដែកថែប​ដែល​នាំ​ចូល​តម្លៃ​ថោក​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ផលិត​ដែក​ក្នុង​ស្រុក និង​ទីផ្សារ​ការងារ​ក្នុង​ស្រុក។
 
បច្ចុប្បន្ន ផលិតផល​ដែក និងសំណ​ដែលនាំចូលពី​ចិន​មាន​ចំនួន ១៤ភាគរយប៉ុណ្ណោះទៅកាន់ទីផ្សារអាម៉េរិក ខណៈផលិតផលមកពីអាល្លឺម៉ង់ និងកាណាដាបានចូលរួមចំណែក៣០ភាគរយ៕
 
 

Tag:
 ដែក
  ចិន
  ពន្ធ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com